រដ្ឋអំណាចចិនប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ដើម្បីសាបព្រោះភាពចម្រូងចម្រាស និងបង្កភាពមិនចុះសម្រុង នៅលើពិភពលោក រួមទាំងនៅសហរដ្ឋអាមេរិកដែរ។ ការនេះបង្កជាក្តីបារម្ភខ្លាំង ក្នុងឱកាសដែល សហរដ្ឋអាមេរិក ត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតី ហើយប្រទេសដទៃទៀត ដូចជា ឥណ្ឌា និងកូរ៉េខាងត្បូង ជាដើម ក៏ត្រូវរៀបចំបោះឆ្នោតជាតិដែរ ក្នុងឆ្នាំនេះ។ ការសម្តែងក្តីបារម្ភយ៉ាងដូច្នេះ ត្រូវបញ្ជាក់ដោយមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យានៃក្រុមហ៊ុនអាមេរិក Microsoft ដែលបានចេញផ្សារបាយការណ៍ថ្មី១ក្នុងសប្តាហ៍នេះ។
ប្រទេសចិនកាន់តែតម្រង់ឆ្ពោះទៅការពង្រីកវាតទីឥទ្ធិពលនៅបរទេស ហើយនឹងជ្រៀតជ្រែងកិច្ចប្រទេសដទៃ ដើម្បីបម្រើផលប្រយោជន៍ខ្លួន។ រដ្ឋអំណាចចិនប្រើប្រាស់កាន់តែច្រើនឡើងៗ នូវប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ហើយនឹងគណនីប្រើប្រាស់បណ្តាញសង្គមក្លែងក្លាយ គ្មានមនុស្សជាម្ចាស់គណនីពិតប្រាកដទេ ប្រើក្នុងគោលបំណងដើម្បីសាបព្រោះភាពចម្រូងចម្រាស និងបង្កភាពមិនចុះសម្រុង នៅសហរដ្ឋអាមេរិក ក៏ដូចជានៅប្រទេសដទៃលើពិភពលោក។ នេះបើតាមការលើកឡើងរបស់ លោក Clint Watts ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធ័រនែត នៃក្រុមហ៊ុនអាមេរិក Microsoft ក្នុងរបាយការណ៍ចេញផ្សាយពីថ្ងៃព្រហស្បតិ៍ ទី៤ មេសា។
អ្នកជំនាញក្រុមហ៊ុន Microsoft បានពន្យល់ទៀតថា តាមរយៈប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តចិន អាចបង្កើនគណនីក្លែងក្លាយជាច្រើន ហើយប្រើវាដើម្បីខំឆ្កឺះឆ្កៀលសំណុំរឿងណាមួយ។ ប្រធានបទដែលពេញនិយមខ្លាំងនៅអាមេរិក ទាក់ទងនឹង បញ្ហានយោបាយជនភៀសខ្លួន បរិស្ថានអាកាសធាតុ គ្រឿងញៀន និងការរើសអើងប្រកាន់ពូជសាសន៍។ បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត និងគណនីក្លែងក្លាយ យកប្រធានទាំងនោះទៅស្ទង់មតិ ដើម្បីដឹងពីទំនោររបស់អ្នកប្រើប្រាស់ និងម្ចាស់ឆ្នោត ហើយក៏ដើម្បីបំភាន់មតិសាធារណៈអ្នកបោះឆ្នោតអាមេរិក ហើយនឹងអាចនាំឲ្យផ្អៀងលទ្ធផលបោះឆ្នោត ទៅគណបក្សនយោបាយ ឬបេក្ខជនណាមួយ ដែលអាចនឹងជាប្រយោជន៍សម្រាប់ចិន។
មិនតែប៉ុណ្ណោះ ចិនអាចប្រើប្រាស់ប្រព័ន្ធបណ្តាញទាំងនោះ ដើម្បីឆ្លៀតកេញចំណេញទៅលើព្រឹត្តិការណ៍ណាមួយនៅក្នុងសង្គមអាមេរិក ក្នុងបំណងនឹងធ្វើឲ្យអ្នកប្រើប្រាស់អ៊ិនធ័រនែត អស់ជំនឿនិងដកទំនុកទុកចិត្តពីអាជ្ញាធរអាមេរិក។ ជាក់ស្តែង ករណីរថភ្លើងបើកខុសផ្លូវនៅរដ្ឋKentucky និងភ្លើងឆេះនៅកោះហាវៃ ដែលគណនីប្រើប្រាស់បណ្តាញសង្គមគ្មានម្ចាស់ពិតប្រាកដ បញ្ចេញសាររិះគន់ ស្តីបន្ទោស និងនាំឲ្យដកទំនុកចិត្តពីអាជ្ញាធរ។
ជាការរំឭក កាលពីចុងឆ្នាំ២០២៣ អ្នកជំនាញក្រុមហ៊ុន Microsoft បានរកឃើញដែរថា រដ្ឋអំណាចចិនបានប្រើបណ្តាញសង្គម ដើម្បីជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅខែវិច្ឆិកា ២០២២។ប្រការនេះ នាំឲ្យមានគ្រោះថ្នាក់ហើយនិងក្តីបារម្ភជុំវិញការបោះឆ្នោតប្រធានាធិបតី ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។ ជុំវិញការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអាមេរិក លោកប្រធានាធិបតី ចូ បៃដិន បានរំឭកប្រាប់ និងដាស់តឿនលោកប្រមុខរដ្ឋចិន ស៊ី ជិនពីង ម្តងជាពីរដង ហើយនៅពេលជជែកគ្នាតាមទូរសព្ទក្នុងសប្តាហ៍នេះ ថ្នាក់ដឹកនាំអាមេរិកក៏បានព្រមានចិនពីការលូកដៃក្នុងដំណើរការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងឆ្នាំនេះដែរ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com