នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ រដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកែប្រែប្រាក់បៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ បើតាមសេចក្តីប្រកាសរបស់ក្រសួងមុខងារសារធាណៈ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ រដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ខែជូនមន្ត្រីរាជការដែលនឹងទទួលបានយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងទទួលបានប្រាក់បន្ថែមលើប្រាក់បៀវត្សចាស់ ដែលខ្លួនទទួលបាន។ បើយោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដែលបានផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ ១០ ២៥៤ ៩៦៧ លានរៀល សម្រាប់ចំណាយទៅលើបន្ទុកបុគ្គលិករដ្ឋក្នុងឆ្នាំ២០២៤ ដើម្បីជ្រើសរើសមន្រ្តីថ្មីជំនួសអ្នកចូលនិវត្តន៍ក្នុងឆ្នាំ២០២៣ ដំឡើងទាំងប្រាក់បៀវត្ស និងប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការ។
ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ដដែលបានបញ្ជាក់ថា បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធនៅឆ្នាំ២០២៤ ត្រូវដំឡើងចំនួន ៥% ហើយប្រាក់បំណាច់មុខងារត្រូវដំឡើងតាមកម្រិតក្នុងនោះ មន្ត្រីរាជការស៊ីវិលដែលមានប្រាក់បំណាច់មុខងារចាស់ក្នុងកម្រិតចាប់ពី១ ១៣០ ០០០រៀល ចុះក្រោមនឹងទទួលបានប្រាក់បន្ថែមចំនួន ២២ ៥០០ រៀល ហើយមន្ត្រីរាជការស៊ីវិលដែលមានប្រាក់បំណាច់មុខងារក្នុងកម្រិតចាប់ពី ១ ១៣០ ១០០រៀលឡើងទៅនឹងទទួលបានប្រាក់បន្ថែមចំនួន ២០ ០០រៀល។
ដោយឡែក មន្រ្តីនគរបាលជាតិ និងយោធិនដែលមានប្រាក់បំណាច់មុខងារចាប់ពី ៩៦០ ០០០ រៀល ចុះក្រោមនឹងទទួលបានប្រាក់បន្ថែមចំនួន ២៥ ០០០ រៀល ហើយអ្នកដែលមានប្រាក់បំណាច់មុខងារចាប់ពី ៩៦០ ១០០ រៀលឡើងទៅនឹងទទួលបានប្រាក់បន្ថែមចំនួន ២០ ០០០រៀល។ ទន្ទឹមគ្នានេះ ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មន្រ្តីជាប់កិច្ចសន្យាក៏នឹងត្រូវដំឡើងពី ៧១ម៉ឺនរៀល ដល់ ៧៧ ម៉ឺនរៀល នៅក្នុងឆ្នាំ២០២៤។ ក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា ក្រៅពីឡើងប្រាក់ខែ មន្រ្តីរាជការក៏ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមដែរ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com