banner1
កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ ធនាគារពិភពលោកថាមាន ៥.៨% តែរដ្ឋាភិបាលថាមាន ៦.៦%

 4-មេសា-2024

មន្ដ្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃធនាគារពិភពលោក World Bank បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ នឹងទទួលបានកំណើន ៥.៨% តែនាយករដ្ឋមន្ដ្រីកម្ពុជាលោក ហ៊ុន ម៉ាណែតថានឹងមានរហូតដល់ទៅ ៦.៦%។ ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ដ្រីថែមទាំងហ៊ានអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងវិលទៅរកកំណើន ៧% វិញនៅឆ្នាំ ២០២៨ ដូចដែលកម្ពុជាធ្លាប់ទទួលបាននៅមុនពេលមានជំងឺឆ្លងកូវីដ១៩។

ធនាគារពិភពលោក World Bank បានព្យាករណ៍ថា កម្ពុជានឹងមានទទួលបានកំណើនសេដ្ឋកិច្ច ៥.៨% នៅឆ្នាំ២០២៤ ពោលលើសឆ្នាំ២០២៣ ដែលមានត្រឹម ៥.៤% ប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់លោក Aaditya Mattoo ប្រធានផ្នែកសេដ្ឋកិច្ចនៃធនាគារពិភពលោកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងថ្ងៃចន្ទ ទី១ ខែមេសា។ តាមលោក Aaditya Mattoo កម្ពុជាបានភ្ជាប់ខ្លួនយ៉ាងស៊ីជម្រៅទៅនឹងពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទសចិនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការសម្រួលឲ្យមានលំហូរវិនិយោគដោយផ្ទាល់ពីចិនមកកម្ពុជា។

ប្រធានផ្នែកសេដ្ឋកិច្ចនៃធនាគារពិភពលោកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិករូបនេះដដែលបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនខ្ពស់រហូតដល់ ៦.១% នៅឆ្នាំ ២០២៥។ បើតាមលោក Aaditya Mattoo កំណើនសេដ្ឋកិច្ចដែលប្រទេសក្នុងតំបន់អាស៊ានមួយនេះទទួលបាន គឺបានពីវិស័យប្រពៃណីដូចជាការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ កសិកម្ម សំណង់ និងវិស័យអចលនទ្រព្យ។ តែខុសពីធនាគារពិភពលោក នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាសក្នុងថ្ងៃអង្គារ ទី២ ខែមេសានា ឱកាសចូលរួមបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាថា សេដ្ឋកិច្ចកម្ពុជាមានភាពធន់គួរឱ្យកត់សម្គាល់។

តាមលោក ហ៊ុន ម៉ាណែត សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញជាមួយនឹងអត្រាកំណើន ៥.៦% ក្នុងឆ្នាំ២០២៣ និងបានព្យាករណ៍នឹងមានកំណើន ៦.៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រឡប់ទៅរកកំណើនដូចនៅមុនផ្ទុះជំងឺឆ្លងរាតត្បាតកូវីដ១៩ ពោលក្នុងរង្វង់ ៧% នៅឆ្នាំ២០២៨ ខាងមុខ។ ការណ៍នេះបានបង្ហាញអំពីអនាគតសេដ្ឋកិច្ចកម្ពុជាប្រកបដោយក្តីសង្ឃឹម នេះជាការបន្ថែមរបស់នាយករដ្ឋមន្រ្តីកម្ពុជា។ ដោយឡែក របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ IMF ចេញផ្សាយកាលពីចុងខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាអាចទទួលបានកំណើនកើនឡើង ៦.០% នៅក្នុងឆ្នាំ២០២៤។ តួលេខនេះគឺដូចគ្នាបិះបិទនឹងការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា