banner1
នាយករដ្ឋមន្ត្រីចិន ប្រកាសពីបំណង​លុបចោល​រនាំង​ឧបសគ្គ​ចំពោះក្រុមហ៊ុន​វិនិយោគទុន​បរទេស

 25-មីនា-2024

ក្នុង​ឱកាស​វេទិកាធុរកិច្ច​​​ចិន ថ្ងៃអាទិត្យ ​ទី​២៤ មីនា ​​នាយករដ្ឋមន្ត្រីចិន​ លី ឈាំង បានប្រកាសអំ​​ពី បំណង​លុបចោល​រនាំង​ឧបសគ្គក្នុងវិស័យ​មួយ​ចំនួន ដែលរារាំងនិងរឹតត្បិត​ចំពោះ​​ក្រុមហ៊ុន​វិនិយោគ​ទុន​បរទេស​​។ បំណងរបស់ថ្នាក់ដឹកនាំ​ចិន​​នេះ ​ស្របគ្នា​ទៅ​នឹង​អនុសាសន៍​របស់​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​ FMI ដែល​បាន​ផ្តល់​យោបល់​ឲ្យ​ចិន​ កែទម្រង់សេដ្ឋកិច្ចឲ្យសម្រប​ទៅតាម​ទីផ្សារ​​។ ​ឱកាសវេទិកាធុរកិច្ចចិន ថ្ងៃអាទិត្យទី២៤មីនា នាយករដ្ឋមន្ត្រីចិន លី ឈាំង បានប្រកាសបំណងលុបចោលរនាំងឧបសគ្គ ចំពោះក្រុមហ៊ុនវិនិយោគទុនបរទេស។ AP – Wu Hao

ឆ្លើយ​តប​នឹង​ក្តី​បារម្ភ​រក្នុង​វិស័យ​វិនិយោគទុន​បរទេស នៅស្រុក​​ចិន នាយករដ្ឋមន្ត្រីចិន​ លី ឈាំង បានលើកឡើង​ចំពោះ​ភ្ញៀវ​បរទេស​ក្នុង​វេទិកាធុរកិច្ច​ថា ​នឹង​បង្កើន​តម្លាភាព ហើយ​និង​កាត់​​រនាំង​ឧបសគ្គ​ចំពោះ​ក្រុមហ៊ុន​​បរទេស។ ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រីចិន​ ក៏ព្រោះតែ​ចង់​កែសម្រួល​ស្តារទំនុក​ចិត្ត​របស់​ឈ្មួញ​បរទេស​។ ដ្បិត​ថា​ ការ​វិនិយោគទុន​បរទេស​នៅចិន​ ​ធ្លាក់​ចុះ​ខ្លាំង​​ ​៨% កាលពី​​ឆ្នាំទៅមិញ ហើយ​បន្ត​ចុះ​ទៀត ដល់​១១,៧% ​​ក្នុង​ខែ​មករា​។​

ក្នុង​​ឱកាស​​​វេទិកាធុរកិច្ច​​​ថ្ងៃ​អាទិត្យ​ ទី​២៤ មីនា​ នាយករដ្ឋមន្ត្រី លី ឈាំង អះអាងទៀត​​ថា រដ្ឋបាល​ក្រុង​ប៉េកាំង​​នឹង​មាន​ចំណាត់​ការ​ថ្មី ដើម្បី​​លុប​បំបាត់​បទបញ្ញត្តិ​មួយ​ចំនួន ដែល​រាំងស្ទះ​​ដល់​ក្រុម​ហ៊ុន​បរទេស ដូច​ជា​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា វិស័យ​ធនាគារ និង​ធានារ៉ាប់រង ជាដើម។​ លោក ធីម ខុក អគ្គនាយកក្រុម​ហ៊ុន​ Apple បាន​ចូលរួម​វេទិកាធុរកិច្ចចិន​ និងថ្លែង​ប្រាប់អ្នកកាសែត​ថា លោក​​សប្បាយ​ចិត្ត​ បាន​ទៅដល់​ចិន ហើយ​និង​គិត​ថា ​ចិន​បើកចំហពិត​មែនចំពោះ​វិនិយោគ​បរទេស​។ ដូច្នេះ ក្រុម​ហ៊ុន​ Apple នឹង​បន្ត​វិនិយោគបន្ថែមទៀត​នៅចិន។​

ទោះជាយ៉ាងនេះក្តី ​នាយករដ្ឋមន្ត្រីចិន ​លី ឈាំង ទទួល​ស្គាល់​ពី​បញ្ហា​បំណុល​សាធារណៈ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម ​ដែល​ចេះតែ​កើនឡើង ច្រើនទៅៗ ហើយក៏​ទទួល​ស្គាល់​ពី​​កម្សោយ​នៃ​តម្រូវ​ការ​បញ្ជាទិញ​។​ ទាំងនេះ ក៏ព្រោះតែប្រទេស​ចិន មាន​កំណើន​សេដ្ឋកិច្ចស្ទុះឡើង​​ទាប​។ វិបត្តិ​ច្រើនចេះតែបន្តអូស​បន្លាយជាអាទិ៍ បញ្ហា​អចលនាទ្រព្យកំពុង​ជាប់គាំង​, បញ្ហា​ទំនិញ គ្មាន​តម្រូវ​ការ​បញ្ជាទិញទាំង​​ក្នុង ​និងក្រៅ​ស្រុក, ហើយ​និង​កង្វះ​ការងារ​ធ្វើ​សម្រាប់​យុវជន។​​ អត្រា​យុវជន​អត់​ការ​ងារ​ធ្វើ ច្រើន​ឡើងៗ​។​ នេះនៅមិនទាន់​គិត​ពី​បញ្ហា​ឥទ្ធិពល​ជះមកពីសង្គ្រាម​ក្រៅស្រុក​ផងទេ។​

អគ្គនាយិកាមូលនិធិរូបិយវត្ថុ​អន្តរជាតិ​ លោកស្រី គ្រីស្តាលីណា ហ្សកជីវ៉ា ថ្លែងក្នុង​វេទិកាធុរកិច្ចចិន។ AP – Tatan Syuflana

ជុំវិញ​បញ្ហាទាំងនេះ​ អគ្គនាយិកាមូលនិធិរូបិយវត្ថុ​អន្តរជាតិ​ លោកស្រី គ្រីស្តាលីណា ហ្សកជីវ៉ា បាន​​​ជំរុញ​ឲ្យរដ្ឋអំណាច​​ចិន​ កែ​សម្រួល​ ​​បើកផ្លូវ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ​ក្នុងការ​ប្រកួត​ប្រជែង​ទីផ្សារ និងឲ្យ​មាន​សមធម៌​ រវាង​ក្រុម​ហ៊ុន​ឯកជន និង​ក្រុម​សាធារណៈ​របស់រដ្ឋ​ចិន។ អគ្គនាយិកា  FMI ឲ្យយោបល់​​ថ្នាក់ដឹកនាំ​ចិន ត្រូវ​​ពង្រឹងពង្រីក​លទ្ធភាព​ចំណាយ របស់​ប្រជាជន(អំណាច​ទិញ)​, ពង្រីង​ប្រព័ន្ធ​ចូលនិវត្តន៍​របស់​មនុស្ស​ចាស់​ ហើយ​និង​ចាត់​វិធានការ​កែលម្អ​ឲ្យ​មាន​ប្រសិទ្ធភាព ចំពោះ​ប្រព័ន្ធសន្តិសុខ​សង្គម​លើវិស័យ​​​សុខាភិបាល​។​

ចំណុច១​ទៀត​ត្រូវ​យក​ចិត្តទុក​ដាក់ គឺ​ការកែតម្រូវ​វិស័យ​អចលនាទ្រព្យ សំណង់​នគរោបនីយកម្ម​​ ឲ្យ​សម​​ស្រប​នឹង​តម្រូវការ​ប្រើប្រាស់​ និង​ស្នាក់នៅ​។ កុំ​បង្កើន​ចំនួន​តែ​អគារ តែ​​គ្មាន​ចំ​តម្រូវ​ការ​ជាក់ស្តែង ព្រោះវា​​នាំ​ឲ្យ​ដាក់ទម្ងន់​ដល់​វិស័យ​អចលនាទ្រព្យ ដែល​កំពុងតែ​ជំពាក់​បំណុល​​គេ​ធ្ងន់​ក​ស្រាប់។​ ត្រង់​ចំណុចនេះ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​វិទ្យុ​បារាំង​ប្រចាំរដ្ឋធានីប៉េកាំង លោក ស្ទេហ្វាន ឡាហ្ការដ៍ ក៏​បាន​កត់​សម្គាល់​ថា​ ជនជាតិ​ចិន​ច្រើនឡើងៗ​ រាប់លាន​នាក់ ចាក​ចោល​ស្រុក​ស្រែចម្ការ មក​ធ្វើការ​នៅទីក្រុងធំៗ​ ប៉ុន្តែ​​ពួក​គេ​ត្រូវ​រស់​នៅ​លំបាក ពពាក់​ពពូន​គ្នា​ឯជាយក្រុង​ ខណៈ​ពេលអគារជាច្រើន​​​ទំនេរ​សល់ចោល៕​​​​

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា