ជប៉ុន ទាញសញ្ញាអាសន្នកំរិតខ្ពស់ ប្រឈមនឹងកំណើនជំងឺឆ្លង ដោយបាក់តេរីកំណាច
25-មីនា-2024
ស្ងប់ស្ងាត់ពីជំងឺរាតត្បាតសកលកូវីដ១៩បានពីរឆ្នាំ ក្តីព្រួយបារម្ភបានផុសឡើងជាថ្មីនៅជប៉ុន។ តាំងពីចូលឆ្នាំ២០២៤មក ករណីកើតជំងឺឆ្លងថ្មីដោយបាក់តេរី ស្ត្រេបតូកុក បានកើនឡើងយ៉ាងខ្លាំង។ នៅទីបំផុត អាជ្ញាធរជប៉ុនបានសម្រេចចេញក្រិត្យ នៅថ្ងៃសុក្រ ទី២២ មីនា ប្រកាសអាសន្នកំរិតខ្ពស់ ក្នុងជាងពាក់កណ្តាលប្រទេស។ តើបាក់តេរីស្ត្រេបតូកុកជាអ្វី? អាចបង្កជំងឺធ្ងន់ធ្ងរយ៉ាងណាខ្លះ?
ផុតពីវិបត្តិកូវីដ១៩ ជប៉ុនកំពុងប្រឈមនឹងជំងឺថ្មីមួយទៀត បង្កដោយបាក់តេរី ដែលមហាឆ្លង។ នោះគឺបាក់តេរីស្ត្រេបតូកុកប្រភេទA ដែលចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ជាពិសេសមនុស្សធំ តាមផ្លូវដង្ហើម តាមទឹកមាត់ ដែលខ្ទាតចេញមកក្រៅ និងតាមរយៈភ្នាស ស្បែកដែលមានដំបៅ ឬស្នាមដាច់។
មានលេចឡើងដែរ នៅអឺរ៉ុប អង់គ្លេស អូស្ត្រាលី ជប៉ុនរាប់ឃើញមានអ្នកជំងឺដល់ ៤២២នាក់ ទៅហើយ នៅរវាងពីថ្ងៃទី១ មករា ដល់ថ្ងៃ១៧ មីនា ២០២៤ ទល់នឹង៩៤១ករណី កាលពីមួយឆ្នាំមុន។ ប្រឈមនឹងកំណើនអ្នកជំងឺឆ្លងមេរោគស្ត្រេបតូកុក យ៉ាងលឿនដូច្នេះ ២៧ខេត្តក្នុងចំណោមខេត្តទាំង៤៧របស់ជប៉ុន ត្រូវស្ថិតនៅក្រោមភាពអាសន្នកំរិតក្រហម។
អ្វីដែលអាជ្ញាធរជប៉ុនកាន់តែព្រួយបារម្ភខ្លាំង គឺបណ្តាលមកពីបាក់តេរីស្ត្រេបតូកុកប្រភេទAនេះ បានមកដល់ជប៉ុនជាលើកទីមួយនៅឆ្នាំ២០២៣ ក្នុងទម្រង់ជាមេរោគកំណាចខ្លាំង និងឆ្លងបំផុត។ ជាទម្រង់មួយដែលអ្នកជំនាញដាក់រហ័សនាមថា “បាត់តេរីស៊ីសាច់”។
នៅពេលចម្លងចូលក្នុងខ្លួនមនុស្ស បាក់តេរីស្ត្រេបតូកុកប្រភេទA ជាភ្នាក់ងារបង្កឱ្យមានអាការៈជំងឺ៨០% ជាជំងឺស្រាលៗ ដូចជាឈឺបំពង់ក ក្តៅខ្លួនឡើងរោលរលាកលើស្បែក ដោយថ្នាំផ្សះ។ ប៉ុន្តែ២០%និងសម្រាប់អ្នកមានជំងឺប្រព័ន្ធការពារខ្លួនខ្សោយ ឬមានជំងឺរ៉ាំរ៉ៃជាប់នឹងខ្លួន បាក់តេរីប្រភេទនេះ ក៏អាចបង្កឱ្យមានអាការៈជំងឺធ្ងន់ធ្ងរខ្លាំង ដោយធ្វើឱ្យមានវិបត្តិផ្លូវដង្ហើម ឬឈាមកក។ អត្រាមរណៈឡើងដល់៣០%។ មួយភាគបីនៃអ្នកជំងឺ ដែលបានឆ្លងស្ត្រេបតូកុកកំណាចអាចស្លាប់ក្នុងពេលតែ៤៨ម៉ោង។ អ្នកបានទទួលការសង្គ្រោះជីវិតទាន់ពេលវេលាអាចបន្សល់ទុកនូវភាពពិការអស់មួយជីវិត។
ក្តៅខ្លួន រាករូស ក្អួត ឈឺក អស់កម្លាំង សុទ្ធសឹងជារោគសញ្ញាដំបូងនៃជំងឺឆ្លងស្ត្រេបតូកុក តែនៅមានចំនុចជាច្រើនទៀតដែលវេជ្ជសាស្ត្រនៅមិនទាន់ដឹង ដូចជាថាតើហេតុអ្វីបានជាបាក់តេរីស្រាប់តែលេចឡើងក្នុងមួយប៉ប្រិចភ្នែក ក្នុងទម្រង់ដ៏កំណាច។ យ៉ាងណាក៏ដោយក៏អ្នកជំនាញសុខាភិបាលអាចព្យាបាលជំងឺនេះបាន។ កាលពីខែមករា រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រលប់ទៅប្រកាន់យកក្បួនអនាម័យក្នុងសម័យកូវីដ១៩ ដូចជាលាងដៃ ខ្ទប់មាត់ពេលក្អកឬកណ្តាស់។ ការធ្វេសប្រហែលលែងសូវខ្វល់ប្រុងប្រយ័ត្នការពារមេរោគ ជាផ្នែកមួយនាំឱ្យមានការរីករាលដាលជំងឺឆ្លងដោយបាក់តេរីស្ត្រេបតូកុក។ នេះបើតាមប្រសាសន៍របស់លោករដ្ឋមន្ត្រីដដែល។
នៅអឺរ៉ុប បើតាមវិទ្យាស្ថានប៉ាស្ទ័រ ករណីឆ្លងបាក់តេរីស្ត្រេបតូកុកកំណាច បានកើនឡើងជាលំដាប់តាំងពីឆ្នាំ២០០០មក និងក្នុងកំរិតស្ទើរមួយជាបីក្នុងរយៈពេល២០ឆ្នាំ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ