នៅថ្ងៃទី១៩ មីនា ឆ្នាំ២០២៤ គណៈរដ្ឋមន្ត្រីថៃបានអនុម័តច្បាប់ហាមឃាត់ការនាំចូលដំណាំពោត ពីប្រទេសណាដែលកសិករបានដាំដុះលើដីដែលដុតដំណាំកសិកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាំងកកប៉ុស្តិ៍។ តាមបាំងកកប៉ុស្តិ៍ ច្បាប់ថ្មីនេះបង្ហាញពីក្តីព្រួយបារម្ភរបស់រដ្ឋាភិបាលថៃលើការបំពុលខ្យល់កម្រិតខ្ពស់ដែលបណ្តាលមកពីការដុតស្រែចំការពីប្រទេសជិតខាងដូចយ៉ាងប្រទេសកម្ពុជា។
តាមកាសែតបាំងកកប៉ុស្តិ៍ គណៈរដ្ឋមន្ត្រីថៃបានអនុម័តក្នុងថ្ងៃទី១៩ មីនា ឆ្នាំ២០២៤ នូវច្បាប់ហាមការនាំចូលដំណាំពោតពីប្រទេសជិតខាងណាដែលរកឃើញមានការដុតបំផ្លាញស្រែចំការនៅក្រោយការប្រមូលផល។ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានអះអាងនៅក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា វិធានការកំណត់ ឬការហាមឃាត់ការនាំចូលដំណាំពោតជាការអនុវត្តន៍តាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងដោយផ្អែកលើភស្តុតាងត្រឹមត្រូវដែលបញ្ជាក់ថា ផលិតផលកសិកម្មទាំងនោះពិតជាមានជាប់ពាក់ព័ន្ធនឹងការដុតដំណាំកសិកម្មនៅក្រោយប្រមូលផលមែន។
ចំណែកលោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាលថៃបានបញ្ជាក់ប្រាប់កាសែតបាំងកកប៉ុស្តិ៍ថា ច្បាប់ថ្មីនេះនឹងចូលជាធរមានក្នុងឆ្នាំ២០២៤ និងមានគោលដៅឈានទៅការកាត់បន្ថយការបំពុលខ្យល់នៅក្នុងប្រទេសថៃដែលបង្កឡើងដោយការដុតដំណាំកសិកម្មរបស់ប្រទេសក្បែរខាង។ តែលោក Chai Wacharonke មិនបានលើកចំឈ្មោះប្រទេសជិតខាងណាមួយទេ។ គួរបញ្ជាក់ថាបច្ចុប្បន្ន ថៃបាននាំចូលដំណាំពោតពីប្រទេសជិតខាងប្រមាណជា ១.៦លានតោន ក្នុងនោះពីភូមាប្រមាណពី៦ ទៅ ៧សែនតោន ពីឡាវប្រមាណពី ៣ ទៅ ៤សែនតោន និងប្រមាណ ១សែនតោនពីកម្ពុជា។
ក្រសួងបរិស្ថានកម្ពុជាតាមរយៈអ្នកនាំពាក្យ លោក ខ្វៃ អាទិត្យា នៅថ្ងៃទី២០ មីនា នេះមិនបានបញ្ចេញប្រតិកម្មតបនឹងចំណាត់ការរបស់រដ្ឋាភិបាលថៃមួយនេះទេ។ តែលោក ខ្វៃ អាទិត្យាបានច្រានចោលការចោទប្រកាន់របស់ភាគីថៃកន្លងមកដែលថា កម្ពុជាបានបំភាយខ្យល់ពុលដោយការដុតដំណាំកសិកម្មចូលប្រទេសថៃ។ តាមអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះដដែល ស្ថានភាពខ្យល់ក្នុងប្រទេសកម្ពុជានៅតាមបណ្តារាជធានី ខេត្តមានគុណភាពល្អណាស់។
របាយការណ៍ស្តីពី ការត្រួតពិនិត្យគុណភាពខ្យល់នៅកម្ពុជារបស់ក្រសួងបរិស្ថានក្នុងថ្ងៃទី១៩ មីនា បានបង្ហាញថា កំណើនកំហាប់នៃភាគល្អិតនិចល PM2.5 បានស្ថិតក្រោមកម្រិតស្តង់ដារកំណត់ដែលមានន័យថា ស្ថានភាពខ្យល់នៅកម្ពុជាមិនទាន់ឈានដល់កម្រិតប៉ះពាល់សុខភាពគួរឱ្យព្រួយបារម្ភទេ។ តាមលោក ខ្វៃ អាទិត្យា ក្នុងចន្លោះថ្ងៃទី១៣ និង១៩ មីនា ឆ្នាំ២០២៤ ភូមាមានទីតាំងក្តៅ ឬចំណុចឆេះច្រើនជាងគេ ពោលមានដល់ទៅ ៨២៨កន្លែង ឡាវមានចំនួន ២៣៣កន្លែង កម្ពុជាមានចំនួន ១៧៤កន្លែង វៀតណាមមានចំនួន ៨៣កន្លែង និងថៃមានចំនួន ៨០កន្លែង៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com