banner1
លោក ហ៊ុន ម៉ាណែត ស្នើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅចំពោះស្ថានភាពសេដ្ឋកិច្ច

 20-មីនា-2024

នៅថ្ងៃសុក្រ ទី១៥ មីនា លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានថ្លែងការពារស្ថានភាពសេដ្ឋកិច្ចក្នុងរយៈពេល៦ខែ នៃការដឹកនាំរបស់លោកថា កម្ពុជានៅតែជាប្រទេសមានការទាក់ទាញផ្នែកវិនិយោគ។ ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូច្នេះ ធ្វើឡើងចំពេលដែលមានរោងចក្រមួយចំនួនបានបិទដំណើរការ។ តែតាម លោក ហ៊ុន ម៉ាណែត រយៈពេល៦ខែកន្លងមក មានរោងចក្រចំនួនជាង៣ពាន់ បានបើកថ្មី។

 

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេល៦ខែមកនេះ មានរោងចក្រសហគ្រាសបើកថ្មីចំនួន ៣៣១៣រោងចក្រ។ ក្នុងចំណោមរោងចក្របើកថ្មីទាំងនេះ មាន១៦៤ ជារោងចក្រកាត់ដេរ និងមាន ៣១៤៩ជារោងចក្រក្នុងវិស័យផ្សេងៗ។ តែទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានទទួលស្គាល់ពីស្ថានភាពនៃរោងចក្រមួយចំនួនដែលបានបិទទ្វារ។ ជាក់ស្តែងរោងចក្រ Y&W ដែលទើបបានបិទដំណើរការនាពេលថ្មីៗនេះដោយសារតែថៅកែបានរត់ចោល។

ករណីនេះត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ទោះជារោងចក្រ Y&W បិទក៏រោងចក្រក្បែរនោះបានបើកដំណើរការ ហើយក៏កំពុងខ្វះកម្មករផង។ តាមលោក ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋគួរមានភាពកក់ក្តៅ ព្រោះកម្ពុជានៅតែជាប្រទេសទាក់ទាញ។ ដោយបញ្ជាក់បន្ថែមអំពីវឌ្ឍនភាពការងារក្នុងរយៈ៦ខែ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីដំណើរទស្សនកិច្ចរបស់លោកទៅក្រៅប្រទេស និងបានជួបជាមួយបណ្តាវិស័យឯកជន ដើម្បីកៀរគរការវិនិយោគចូលកម្ពុជា។

តាមលោក ហ៊ុន ម៉ាណែត មានប្រតិភូវិនិយោគអឺរ៉ុប អាមេរិក ជប៉ុន និងចិនបានបង្ហាញចំណាប់អារម្មណ៍ចង់បោះទុនវិនិយោគនៅកម្ពុជា។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៦ខែកន្លងទៅនេះ មានគម្រោងវិនិយោគចំនួន១៧៣គម្រោងដែលមានទុនសរុប ៤១៥០លានដុល្លារ បានចុះបញ្ជី។ មួយវិញទៀតក្នុងរយៈពេល៦ខែមកនេះ កម្ពុជាបាននាំចេញក្នុងទំហំទឹកប្រាក់ ១១,៨ពាន់លានដុល្លារ។ តាមប្រមុខរដ្ឋាភិបាលកម្ពុជា ទំហំទឹកប្រាក់នេះមានការកើនឡើងចំនួន ១៦.៥០% បើធៀបនឹងការនាំចេញក្នុងរយៈពេល៦ខែដូចគ្នាក្នុងឆ្នាំ២០២៣៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា