នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីនៅថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៤ លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានប្រកាសផ្តល់ជំនួយបន្ថែមចំនួន ២២២,៥លានដុល្លារ តាមរយៈកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី ក្នុងគោលដៅគាំទ្រភាពធន់ និងវិបុលភាពនៃអនុតំបន់មេគង្គ។ គួរជម្រាបថា នេះជាដំណាក់កាលទី២នៃគម្រោងដែលផ្តល់ដោយរដ្ឋាភិបាលអូស្ត្រាលីទៅបណ្តាប្រទេសនៅតាមបណ្តោយទន្លេមេគង្គ ដែលក្នុងនោះមានកម្ពុជាដែរ។អូស្ត្រាលីប្រកាសបន្ថែមជំនួយ ២២២,៥លានដុល្លារ ដល់កម្ពុជា និងប្រទេសក្នុងអនុតំបន់មេគង្គ © Daniel Walding / Department of Foreign Affairs and Trade – Daniel Walding
លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅថ្ងៃទី៤ ខែកុម្ភៈ ថា រដ្ឋាភិបាលអូស្ត្រាលីសម្រាប់បន្ថែមការផ្តល់ជំនួយក្នុងកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលីក្នុងទំហំទឹកប្រាក់ ២២២,៥លានដុល្លារ។ ជាគម្រោងអនុវត្តរយៈពេល៥ឆ្នាំ និងផ្តោតលើការដោះស្រាយអាទិភាព និងបញ្ហាប្រឈមនានារួមគ្នា ពិសេសលើការកែលម្អសន្តិសុខផ្លូវទឹក ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ នេះបើតាមសេចក្តីប្រកាសព័តមានចុះថ្ងៃទី៤ កុម្ភៈ របស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។
លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា កម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី នឹងបំពេញបន្ថែមភាពជាដៃគូទ្វេភាគីដ៏យូរអង្វែងរបស់អូស្ត្រាលី និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាស៊ាន។ ទន្ទឹមគ្នានេះ លោកស្រីរដ្ឋមន្ត្រីបានសន្យាបន្តធ្វើការជាមួយបណ្តាដៃគូទន្លេមេគង្គនាពេលអនាគតដែរ។
គួរដឹងថា នេះជាដំណាក់កាលទី២នៃគម្រោងកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី ដែលផ្តល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ប្រទេសក្នុងអនុតំបន់មេគង្គ រួមមានកម្ពុជា ចិន ឡាវ ភូមា ថៃ និងវៀតណាម។ ក្នុងដំណាក់កាលទី១ គម្រោងកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី ត្រូវបានប្រកាសដាក់ឱ្យដំណើរការសម្រាប់កម្ពុជាកាលពីឆ្នាំ២០២១ ដែលមានទឹកប្រាក់ចំនួន ២៣២លានដុល្លារ អំឡុងពេលកម្ពុជាប្រឈមបញ្ហាស្មុគ្រស្មាញជាច្រើនទាំងការស្តារសេដ្ឋកិច្ច និងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។ ក្រោមជំនួយគម្រោងនេះដែរ កម្ពុជាទទួលបានការគាំទ្រការសាងសង់ជណ្តើរត្រីនៅទំនប់ស្លែងក្នុងខេត្តសៀមរាប ដែលផ្តល់ផលឱ្យពលរដ្ឋចំនួន៥ពាន់គ្រួសារ, ការអភិរក្សត្រី ប្រភេទត្រីក្នុងស្រុកជាង១០០ប្រភេទ, ការផ្តល់វគ្គសិក្សាជំនាញខ្លីៗចំនួន១៨ ដល់ពលរដ្ឋខ្មែរចំនួន៤០២នាក់ ក្រោមកម្មវីធីអាហារូបករណ៍អូស្ត្រាលី Australia Awards និងការគាំទ្រការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការប្រមូលធនធានក្នុងស្រុកផងដែរ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com