ចិនកំណត់កំណើនសេដ្ឋកិច្ចទាប ៥% សម្រាប់ឆ្នាំ២០២៤ ប៉ុន្តែមិនភ្លេចបង្កើនការចំណាយសម្រាប់កងទ័ព
6-មីនា-2024
នៅក្នុងការបើកសម័យប្រជុំពេញអង្គសភាប្រជាជនចិន នៅថ្ងៃអង្គារទី៥មីនានេះ នាយករដ្ឋមន្រ្តីចិន លោកលី ឈាំងបានប្រកាសកំណត់ទិសដៅកំណើនសេដ្ឋកិច្ច រង្វង់៥%។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ចការព្យាករកំណើនសេដ្ឋកិច្ចចិន គឺមានចំនួនកាន់តែទាប និងពិបាកអាចសម្រេចបាន នៅក្នុងកាលៈទេសៈដែលមហាអំណាចចិនកំពុងមានសេដ្ឋកិច្ចដើរអូសជើង ដោយសារវិបត្តិអចលទ្រព្យ បរិត្តផរណា និងយុវជនអត់ការងារធ្វើ។ ទោះគ្មានវិធានការថ្មីៗច្រើន សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ចិននៅតែបង្កើនកញ្ចប់ថវិកាសម្រាប់វិស័យកងទ័ព ប្រមាណ ៧,២%បន្ថែមទៀត។ប្រធានាធិបតីចិន លោកស៊ីជីនពីងនិយាយជាមួយនាយករដ្ឋមន្រ្តីលោក លីឈាំង នៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជនចិននៅថ្ងៃទី ៥មីនា ដែលត្រូវប្រព្រឹត្តរហូតថ្ងៃទី១១មីនា ២០២៤ AP – Ng Han Guan
តើសុខភាពសេដ្ឋកិច្ចរបស់មហាអំណាចចិនពិតជាមិនសូវស្រួលឬក៏យ៉ាងណា។ បន្ទាប់ពីជួបកំណើនសេដ្ឋកិច្ចដ៏ទាបបំផុតមិនធ្លាប់មានប្រមាណ ៥,២% កាលពីឆ្នាំមុន ចិនតាមរយៈនាយករដ្ឋមន្រ្តី លោក លី ឈាំងបានប្រកាសកំណត់កំណើនសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៤ ត្រឹម៥%ប៉ុណ្ណោះ។
ថ្លែងបើកសម័យប្រជុំពេញអង្គសភាប្រជាជនចិន នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តីចិន លី ឈាំង ទទួលស្គាល់ថា សេដ្ឋកិច្ចចិនកំពុងជួបការលំបាក និងមានបញ្ហាជាច្រើនដែលគេនៅមិនទាន់បានដោះស្រាយ។ ហានិភ័យ និងគ្រោះថ្នាក់នៅក្នុងវិស័យអចលនទ្រព្យ វិបត្តិបំណុលរបស់ថ្នាក់ដឹកនាំជាន់ទាប និងបញ្ហាហិរញ្ញវត្ថុរបស់ស្ថាប័នធុនតូច និងមធ្យមមួយចំនួនកំពុងនៅបន្តមាន។ ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះ នាយករដ្ឋមន្រ្តីចិនទទួលស្គាល់ថា វាមិនងាយស្រួល ដើម្បីសម្រេចគោលដៅទទួលបានកំណើនសេដ្ឋកិច្ច៥%។
សម្រាប់អ្នកជំនាញ ចិនបានដៅកំណើនសេដ្ឋកិច្ចដ៏ទាប ៥% នៅឆ្នាំ ២០២៤ ប៉ុន្តែនៅក្នុងការពិតជាក់ស្តែង តួលេខកំណើនសេដ្ឋកិច្ចអាចធ្លាក់ទាបជាងនេះ ពោលគឺអាចមាននៅក្នុងរង្វង់ ១% ឬ ២%ប៉ុណ្ណោះ ដោយមើលទៅលើសុខភាពសេដ្ឋកិច្ចរបស់ចិនសព្វថ្ងៃ។
សេដ្ឋកិច្ចចិនដែលកំពុងរួបរឹតដោយវិបត្តិអចលនទ្រព្យ ចំនួនយុវជនអត់ការងារធ្វើ វិបត្តិប្រាក់បំណុល របស់ថ្នាក់ដឹកនាំមូលដ្ឋាន និងការធ្លាក់ចុះខ្សែសង្វាក់ផលិតកម្មនាំចេញ ដោយសារបរិបទសង្រ្គាមនៅអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្មជាមួយអាមេរិក។ មួយវិញទៀត ផ្ទុយពីប្រទេសជាច្រើនដែលកំពុងជួបបញ្ហាអតិផរណាទំនិញឡើងថ្លៃ ចិនកំពុងជួបបញ្ហាបរិត្តផរណា ទំនិញចុះថោក។
ដើម្បីជំរុញសេដ្ឋកិច្ចដែលចាប់ចុះខ្សោយ តាំងពីសម័យកូវីដ រដ្ឋអំណាចចិនបានប្រកាសវិធានការមួយចំនួនសម្រាប់ជួយវិស័យអចលនទ្រព្យ ដែលកំពុងជួបវិបត្តិ និងប្រកាសផែនការបង្កើតការងារបន្ថែមជាង ១២លាន ទៅតាមទីក្រុង។ បើតាមការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី លី ឈាំង ចិននឹងបង្កើនការវិនិយោគ លើការស្រាវជ្រាវបច្ចេកវិទ្យាថ្មី ជាពិសេសកម្មវិធីបញ្ញាសិប្បនិម្មិត។
សម្រាប់សេដ្ឋកិច្ចវិទូ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ចិនត្រូវស្តារ រក្សាស្ថិរភាពក្នុងវិស័យអចលនទ្រព្យដែលតំណាងឲ្យ២០%នៃសេដ្ឋកិច្ចរបស់ចិន និងពង្រីកគោលនយោបាយអនុគ្រោះពន្ធឲ្យបានច្រើនជាងឆ្នាំមុន ដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់ក្នុងស្រុក។ លើសពីនោះ ចិនត្រូវបើកសេដ្ឋកិច្ចទីផ្សារសេរី សម្រាប់ក្រុមហ៊ុនអ្នកវិនិយោគបរទេស។
ថ្នាក់ដឹកនាំចិនកំណត់ទិសដៅកំណើនសេដ្ឋកិច្ចទាប សម្រាប់ឆ្នាំ ២០២៤ ប៉ុន្តែ មិនភ្លេចមហិច្ឆយោធារបស់លោកស៊ី ជីនពីង។ តាមរបាយការណ៍របស់រដ្ឋាភិបាលចិនចុះផ្សាយនៅថ្ងៃអង្គារ ដូចការរំពឹងទុក កញ្ចប់ថវិកាសម្រាប់វិស័យកងទ័ពចិនសម្រាប់ឆ្នាំ ២០២៤ នឹងមានចំនួន ២៣១ពាន់លានដុល្លារ ពោលគឺកើនឡើង ៧,២% បើប្រៀបធៀបនឹងឆ្នាំមុន។
អ្នកជំនាញខាងយោធាចិន លោកJames Char អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យសិង្ហបុរី យល់ឃើញថា កញ្ចប់ថវិកាយោធាចិន ត្រូវចាយសម្រាប់បង្កើនប្រាក់បៀវត្សរ៍យោធា ចំណាយលើសមយុទ្ធហ្វឹកហាត់ និងទិញនាំចូលគ្រឿងបរិក្ខារទំនើបៗ ដើម្បីអភិវឌ្ឍសមត្ថភាពកងទ័ពចិន។
ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ចិនបានបង្កើនការចំណាយលើវិស័យកងទ័ពជារៀងរាល់ឆ្នាំ នៅក្នុងបរិបទដែលចិនកំពុងតានតឹងជាមួយប្រទេសនៅសមុទ្រចិនខាងត្បូង និងជាមួយអាមេរិក ជាពិសេសក្នុងសំណុំរឿងតៃវ៉ាន់។
នៅក្នុងសេចក្តីថ្លែងបើកសម័យប្រជុំសភា ពេញអង្គប្រចាំឆ្នាំនៅរដ្ឋធានីប៉េកាំងលើកនេះ នាយករដ្ឋមន្រ្តីចិនផ្ទាល់បានប្រើពាក្យខ្លាំងៗ ប្រឆាំងដាច់ខាតក្រុមទាមទារបំបែកទឹកដី ដែលចង់ប្រកាសឯករាជ្យរបស់តៃវ៉ាន់។ ខុសពីលើកមុនដែលចិនធ្លាប់អះអាងថា នឹងយកតៃវ៉ាន់មកចូលរួមជាមួយចិន តាមផ្លូវសន្តិភាព នាយករដ្ឋមន្រ្តីចិនបញ្ជាក់ថា ចិនដាច់ខាតត្រូវយកតៃវ៉ាន់មករួមរស់ជាមួយចិន ដោយមិនអាចប្រកែកបាន៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ