បារាំងក្លាយជាប្រទេសដំបូងគេដែលចារ “សិទ្ធិស្ត្រីក្នុងការរំលូតកូន” នៅក្នុងរដ្ឋធម្មនុញ្ញ
6-មីនា-2024
៤ថ្ងៃមុនទិវាសិទ្ធិនារីអន្តរជាតិ បារាំងបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបានចារការពារ សិទ្ធិស្ត្រីក្នុងការរំលូតកូន នៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល។ ស្របពេលដែលនៅតាមប្រទេសខ្លះ ជាក់ស្តែងនៅសហរដ្ឋអាមេរិក ដែលសិទ្ធិស្ត្រីក្នុងការរំលូតកូន ត្រូវបានគេយាយីរារាំង និងដើរថយក្រោយគួរឲ្យព្រួយបារម្ភនោះ រដ្ឋាភិបាលក៏ដូចជាសមាជិកសភាបារាំង សង្ឃឹមថា បារាំងនឹងក្លាយជាគម្រូល្អ សម្រាប់ប្រទេសទាំងអស់ នៅក្នុងការការពារសិទ្ធិនេះឲ្យបានរឹងមាំបំផុត ជូនស្ត្រីទាំងអស់នៅទូទាំងពិភពលោក។
មនុស្សម្នាមកជួបជុំនៅទីលាន Trocadero ជិតតួអេហ្វែល ដើម្បីអបអរជោគជ័យ នៃការចារកំណត់សិទ្ធិស្ត្រីក្នុងការរំលូតកូន នៅក្នុងរដ្ឋធម្មនុញ្ញបារាំង។ ប៉ារីស ថ្ងៃទី ៤មីនា២០២៤ AFP – DIMITAR DILKOFF
សមាជិកសភា និងព្រឹទ្ធសភាបារាំង បានជួបជុំគ្នាជាពិសេស នៅអតីព្រះបរមរាជវាំង Versailles ថ្ងៃចន្ទទី៤ មីនា ដើម្បីបោះឆ្នោតអនុម័ត លើសំណើររបស់រដ្ឋាភិបាល ដែលចង់ចារសិទ្ធិស្ត្រីក្នុងការរំលូតកូន នៅក្នុងរដ្ឋធម្មនុញ្ញបារាំង។ ឆ្លងកាត់ការជជែកដេញដោលគ្នាអស់ជាច្រើនខែ នៅទីបំផុតសមាជិកសភា និងព្រឹទ្ធសភាបារាំង បានបោះឆ្នោតយល់ព្រមយ៉ាងច្រើនសន្ធឹក ៧៨០សំឡេងគាំទ្រ ទល់នឹង៧២សំឡេងប្រឆាំង។
ថ្លែងនៅក្នុងពេលបើកអង្គប្រជុំ លោកនាយករដ្ឋមន្ត្រីបារាំង Gabriel Attal បានលើកឡើងថា យើងទាំងអស់គ្នាមានបំណុលឧត្តមគិត ដែលត្រូវសងជូនទៅស្ត្រីទាំងអស់ ដែលពួកគេបានឆ្លងកាត់នូវសេចក្តីឈឺចាប់ ដោយសារតែការរំលូតកូនដោយលួចលាក់ និងដ៏ប្រឈមគ្រោះថ្នាក់ដល់ជីវិត”។
ក្រោយដឹងដំណឹងថា សមាជិកសភាបានបោះឆ្នោតយល់ព្រម លោកប្រធានាធិបតីម៉ាក្រុង បានបង្ហោះសារលើបណ្តាញសង្គម ដោយបានអបអរសាទរថា នេះគឺជា “មោទនភាពមួយរបស់បារាំង” និងគឺជា “ការផ្ញើសារជាសកល” ។ លោកបន្តថា ចាប់ពីពេលនេះ យើងនឹងបោះជំហានឈានចូលសករាជ្យថ្មី ដែលសិទ្ធិរំលូតកូនរបស់ស្ត្រី គឺជាសិទ្ធិដែលមានចែងក្នុងច្បាប់កំពូលរបស់បារាំង ដោយមិនអាចមាននរណាប៉ះពាល់បានជាដាច់ខាត។
សូមបញ្ជាក់ថា ការធ្វើកំណែទម្រង់ថ្មីនេះ គឺធ្វើនៅត្រង់មាត្រា ៣៤ នៃរដ្ឋធម្មនុញ្ញបារាំង។ ចាប់ពីពេលនេះទៅ មាត្រានេះចែងថា “ច្បាប់ត្រូវកំណត់អំពីលក្ខខណ្ឌ ដែលនឹងធានាការពារនូវសិទ្ធិរបស់ស្ត្រី ក្នុងការរំលូតកូន”។ លោកស្រី Leah Hoctor តំណាង Center for Reproductive Rights ដែលជាអង្គការអាមេរិកការពារសិទ្ធិរំលូតកូន បានលើកឡើងថា នេះជាលើកទីមួយក្នុងពិភពលោកហើយ ដែលមានការចែងកំណត់ ការពារសិទ្ធិនេះយ៉ាងច្បាស់ៗនៅក្នុងរដ្ឋធម្មនុញ្ញបែបនេះ។ ចំណែក លោកប្រធានអង្គការសុខភាពពិភពលោកវិញ បានថ្លែងសារអបអរសាទរ ចំពោះការសម្រេចរបស់បារាំង នៅក្នុងការចារកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ការពារសិទ្ធិរំលូតកូនរបស់ស្ត្រី និងស្រោចស្រង់អាយុជីវិតរបស់ស្ត្រីពីគ្រោះថ្នាក់។
ដោយឡែក បុរីវ៉ាទីកង់ បានផ្ញើសារមកកាន់បារាំង កាលពីថ្ងៃចន្ទ ថាវ៉ាទីកង់សូមប្រឆាំងជំទាស់ដាច់ខាត ចំពោះការចារកំណត់ការពារសិទ្ធិរំលូតកូន ដែលវ៉ាទីកង់ចាត់ទុកថាគឺជា “សិទ្ធិដែលដកហូតជីវិតមនុស្ស”។
គួរបញ្ជាក់ដែរថា យោងតាមការស្ទាបស្ទង់មតិ ៨០%នៃប្រជាជនបារាំងបានគាំទ្រឲ្យបារាំងកំណត់ ការពារសិទ្ធិរំលូតកូននៅក្នុងរដ្ឋធម្មនុញ្ញ បើទោះបីជាបារាំង មានច្បាប់អនុញ្ញាតឲ្យស្ត្រីអាចរំលូតកូនបានដោយស្របច្បាប់ តាំងតែពីឆ្នាំ១៩៧៥ មកក៏ដោយ។ គំនិតស្នើឡើងចង់កំណត់សិទ្ធិនេះ នៅក្នុងច្បាប់កំពូលបន្ថែមទៀត បន្ទាប់ពីអ្នកនយោបាយបារាំងមួយចំនួន បានសង្កេតឃើញនូវការដើរថយក្រោយ ដ៏គួរឲ្យគ្រោះថ្នាក់នៅតាមប្រទេសអឺរ៉ុបមួយចំនួន ជាពិសេសនៅសហរដ្ឋអាមេរិក។
សូមរំលឹកថា កាលពីខែមិថុនា ឆ្នាំ២០២២ តុលាការកំពូលអាមេរិក បានលប់ចោលការការពារដោយច្បាប់សហព័ន្ធ នៃសិទ្ធិស្ត្រីក្នុងការរំលូតកូន។ ចាប់ពីពេលនោះមក ស្ត្រីអាមេរិកនៅតាមរដ្ឋមួយចំនួន ត្រូវបានគេហាមឃាត់មិនឲ្យរំលូតកូន ហើយអ្នកខ្លះត្រូវបង្ខំចិត្ត រំលូតកូនដោយលួចលាក់ ប្រឈមទោសទណ្ឌ និងប្រឈមគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតថែមទៀត។ ដោយសង្កេតឃើញទំនោររារាំងសិទ្ធិស្ត្រីបែបនេះ បានធ្វើឲ្យបារាំងយល់ថា បារាំងត្រូវតែចែងក្នុងច្បាប់កំពូល ដើម្បីផ្ញើសារ និងធ្វើជាគម្រូសម្រាប់ពិភពលោក ថាស្ត្រីមានសិទ្ធិលើរូបរាង្គកាយរបស់ខ្លួន និងមានសិទ្ធិសម្រេចថាចង់ ឬមិនចង់មានកូន៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ