ចិន ព្រួយបារម្ភពីបញ្ហាសេដ្ឋកិច្ច និងបញ្ហាយុវជនអត់ការងារធ្វើ
5-មីនា-2024
នៅប្រទេសចិន រដ្ឋាភិបាលព្រួយបារម្ភពីបញ្ហាសេដ្ឋកិច្ច ដែលមានសន្ទុះកំណើនទាប ហើយនិងបញ្ហាពិសេសទៀតគឺ អត្រាយុវជនចិនអត់ការងារធ្វើ។ ប្រធានបទសំខាន់ទាំង២នេះ នឹងត្រូវលើកយកទៅពិគ្រោះពិភាក្សាគ្នា។ នេះបើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ចិន នៅថ្ងៃអាទិត្យ ទី៣ មីនា។ ពោលគឺមួយថ្ងៃមុនកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំ របស់សភាប្រជាជនចិន។ ជំនួបសមាជិកបក្សទូទាំងប្រទេសនេះ ចំពេលដែល ចិន មហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ ជួបវិបត្តិសេដ្ឋកិច្ច វិបត្តិអលចនទ្រព្យនៅក្នុងស្រុក និងវិបត្តិយុវជនឥតការងារធ្វើ កាន់តែច្រើនឡើងៗ។
យុវជនចិនដើរលេងពេលបុណ្យចូលចិនឆ្នាំថ្មីៗនេះ។ AP – lihongbo
ក្រុមប្រឹក្សានយោបាយនៃគណបក្សកុម្មុយនិស្តចិន ព្រួយបារម្ភអំពីសេដ្ឋកិច្ចជាតិ ហើយនិងបញ្ហាអត់ការធ្វើរបស់យុវជន។ បញ្ហា២នេះជាក្តីបារម្ភដ៏ធំរបស់ក្រុមប្រតិភូសមាជិកបក្ស។ នេះបើតាមការថ្លែងក្នុងសន្នីសិទកាសែត ពីសំណាក់លោក លីវ ជីយី អ្នកនាំពាក្យក្រុមប្រឹក្សានយោបាយ នៃគណបក្សកុម្មុយនិស្តចិន។ ប្រសាសន៍នេះ ធ្វើឡើងតែមួយថ្ងៃ មុនកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំ របស់សភាប្រជាជនចិន។ សមាជិកគណបក្សកុម្មុនិស្តចិន រាប់ពាន់នាក់ មកពីគ្រប់ជ្រោយនៃផ្ទៃប្រទេស ត្រូវជួបជុំគ្នា នៅរដ្ឋធានីប៉េកាំង ចាប់ពីថ្ងៃចន្ទ ទី៤ ដល់ថ្ងៃទី ១០ មីនា។ មន្ត្រីជាន់ខ្ពស់ចិនរូបនេះ បញ្ជាក់ទៀតថា ការងារសម្រាប់យុវជន ពិសេសយុវជនដែលទើបរៀនចប់ហើយថ្មី ជាប្រធានបទសំខាន់ដែលត្រូវគិតគូរយកចិត្តទុកដាក់។
គួររំឭកជូនថា រដ្ឋាភិបាលចិន ប្រកាសក្នុងឆ្នាំ២០២២ថា យុវជនអាយុចន្លោះពី ១៦ ទៅ ២៤ឆ្នាំ ក្នុងចំណោម ៥នាក់ គឺមានម្នាក់អត់ការងារធ្វើ។ ១ឆ្នាំបន្ទាប់ ការិយាល័យស្ថតិចិន បានប្រកាសថា អត្រាយុវជនអត់ការងារធ្វើមានប្រមាណជាង ២០ % ក្នុងចន្លោះខែមេសា និងមិថុនា ២០២៣។ ចំនួនអត់ការងារធ្វើច្រើនបែបនេះ ជាដំណឹងដ៏រសើប ដែលទំនងជាឋិតក្រោមសម្ពាធបន្ទាត់នយោបាយ ទើបការិយាល័យស្ថតិចិន លែងចុះផ្សាយទិន្នន័យតទៅទៀត ចាប់ពីរដូវក្តៅ ឆ្នាំ២០២៣។
បន្ទាប់ពីផ្អាកផ្សាយអស់ជាច្រើនខែ ការិយាល័យជាតិស្ថតិចិន បានផ្តើមផ្សាយទិន្នន័យឡើងវិញ នៅពាក់កណ្តាល ខែមករា ឆ្នាំ២០២៤នេះ។ ទិន្នន័យថ្មីចុងក្រោយនិងអត្រាជាផ្លូវការរបស់រដ្ឋចិន អះអាងថា ស្ថានភាពអត្រាយុវជនអត់ការធ្វើ បានត្រូវកែសម្រួល ឲ្យគ្រាន់បើឡើងវិញ ហើយធ្លាក់ចុះមកត្រឹម ១៤,៩% នៅខែធ្នូ ចុងឆ្នាំ២០២៣។ ក៏ប៉ុន្តែ អ្នកជំនាញសេដ្ឋកិច្ច និងកាសែតបរទេសមួយចំនួនបានព្យាករថា អត្រាយុវជនអត់ការងារធ្វើ ទំនងជាឡើងហួស ២០ % ទៅហើយ។
ទោះយ៉ាងណាក្តី ជាផ្លូវការ នាយកការិយាល័យជាតិស្ថតិចិន លោក កាំង យី អះអាងថា ឆ្នាំទៅមិញ យុវជនចិនដែលអត់ការងារនោះ រាប់តាំងពីយុវជនអ្នកទីក្រុង និងសិស្សនិស្សិតទើបនឹងបញ្ចប់ការងារសិក្សាផង ដែលកំពុងស្វែងរកកិច្ចការធ្វើ មានសរុបប្រហែល ៦២លាននាក់។ នេះបើតាមការចុះផ្សាយរបស់កាសែតបារាំង Courrier International ដែលស្រង់តាមកាសែតសិង្ហបុរី Lianhe Zaobao។ យុវជនចិន ត្រូវរដ្ឋាភិបាលជំរុញលើកទឹកចិត្តឲ្យរៀនសូត្រ ហើយសូម្បីតែក្នុងឱកាសរដូវកូវីដឆ្លងក្តី ក៏ការសិក្សារបស់យុវជន ត្រូវចាត់ទុកថាជារឿងសំខាន់ និងត្រូវឲ្យបន្តរៀនដែរ។ គ្រាន់តែឆ្នាំ២០២៣ យុវជនចិន ចំនួន ១១,៦ លាននាក់ បានទទួលសញ្ញាបត្ររៀនចប់ជោគជ័យ ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ