banner1
ក្រសួង​ធនធាន​ទឹក៖ កម្ពុជា​ប្រឈមនឹង​អាកាសធាតុក្ដៅ​ហើយ​ស្ងួត​ពី ​ខែ​មីនា ​ដល់​ ឧសភា

 5-មីនា-2024

ក្រសួងធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃ​ទី២ខែមីនា បាន​ព្រមាន​ពី​ការ​បន្តឡើង​កម្ដៅ​សីតុណ្ហភាព នៅ​រវាងខែ​មីនា​ដល់​ដើម​ខែ​ឧសភា​ឆ្នាំ២០២៤។ បើតាម​ក្រសួងធនធាន​ទឹក ការ​ឡើង​កម្ដៅ​នេះ ដោយសារ​កម្ពុជាបន្ត​រងបាតុ​ភូតសកល​អែលនីណូ(EI Nino)ខ្ពស់​ជាង​៧០​ភាគរយ ចាប់​ពី​ខែ​មីនា​ដល់​ខែ​មេសា ហើយ​ចាប់ពីខែ​ឧសភា​ទៅ​បាតុភូតនេះ​នឹង​ថយ​ចុះ​២០​ភាគរយ។

ក្រសួងធនធានទឹក៖កម្ពុជាប្រឈមនឹងអាកាសធាតុក្ដៅហើយស្ងួតពីខែមីនាដល់ឧសភា © Internet

បាតុភូត EI Nino ធ្វើខ្យល់​ក្តៅ​ ទឹក​​ក្តៅ ​បង្ក​ឱ្យ​មាន​មហន្តរា​យ​ធម្មជាតិ​ និងផលវិបាក​អាកាសធាតុ​ខ្លាំង​ ដូច​ជា​បាន​បង្កើន​កម្តៅ​នៃ​ភព​ផែន​ដី និង​ធ្វើ​ឱ្យ​មាន​កា​រប្រែបួល​អាកាសធាតុ​ខ្លាំង​នៅ​តាម​តំបន់​ជាច្រើនមិនចំពោះតែកម្ពុជា​។ ផលវិបាក​នៃ​បាតុភូត​អែលនីញ៉ូ នឹង​ធ្វើ​ឱ្យ​មាន​ភ្លៀងព្យុះកំណាច រាំងស្ងួត​ចម្លែក ប្តូរ​រដូវ ប្តូរ​ទម្លាប់​អាកាសធាតុ។ កន្លែង​ខ្លះ​​មាន​ភ្លៀង​ច្រើនជ្រុល​ កន្លែងខ្លះ​កាន់​តែ​​​រាំងស្ងួតខ្លាំង។

ឈរ​លើ​ស្ថានភាព​នេះ សម្រាប់​រដូវ​ប្រាំង​ក្នុង​ឆ្នាំ២០២៤​នេះ ប្រទេស​កម្ពុជា​ប្រឈម​នឹង​អាកាសធាតុក្ដៅហើយ​ស្ងួត​នាំ​ឲ្យ​ភ្លៀងកក់​ខែ​ធ្លាក់​តិត​ជាង​ឆ្នាំ២០២៣ ។

នៅចំពោះមុខ​សីតុណ្ហភាព​ឡើង​កំដៅដូច្នេះ ក្រសួងធនធានទឹក​ និង​ឧតុនិយម បាន​អំពាវនាវ​ទៅ​អាជ្ញាធរដែនដី​ និង​ប្រជាពល​រដ្ឋចូល​រួម​សហការ​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ​ក្នុង​កម្រិត​ខ្ពស់ ជា​ពិសេស​បណ្ដាជនបទ​ដែល​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក។ បើតាម​ក្រសួងធនធានទឹក អាកាសធាតុ​ក្ដៅ​ហើយ​ស្ងួត​នេះ​នាំ​ឲ្យ​កើតមាន​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ទ្រាក់ ដែល​អាច​កើតមាន​ច្រើន​នៅ​ក្នុង​ខែ​មេសា និង​ខែ​ឧសភា។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួងធនធានទឹក​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​៣ ​ខែ​មីនា​ នេះថា ប្រឈម​នឹង​បាតុភូត​សកល​អែលនីណូ(EI Nino)កម្ពុជា​នឹង​រង​កម្ដៅ​កម្រិត៤១​អង្សាសេ ​ក្នុង​ខែ​មេសា​ខាង​មុខ។ បើតាម​អ្នក​នាំពាក្យ​ដដែល ការ​ឡើង​កម្ដៅនេះ ធ្វើ​ឲ្យ​ប្រឈម​នឹង​ស្ថានភាព​ក្ដៅហួតហែង ហើយខ្យល់​កន្ទ្រាក់ ផ្គរ រន្ទះ​នឹង​កើត​ឡើង​ព្រមគ្នា។

ដោយឡែក​នៅ​ក្នុងសប្ដាហ៍​ទី១ ​នៃ​មីនា​នេះ អាច​នឹង​កើត​មានភ្លៀងកក់​ខែ​នៅ​តំបន់​មាត់​សមុទ្រ ហើយ​ចូលដល់​សប្ដាហ៍​ទី​២ ក្នុង​ខែ​ដដែល​នេះ អាច​នឹង​មាន​ភ្លៀងកក់​ខែ​តិចតួច​នៅ​តំបន់​ទំនាប​កណ្ដាល​ភាគ​ពាយ័ព្យស្ថិត​ក្នុង​ខេត្តបាត់ដំបង និងបន្ទាយមានជ័យ។

ទោះបី​ជាបាតុភូត​សកល តែ​គេ​មើល​ឃើញ​ថា អ្នករង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពីអាកាសធាតុ​ក្ដៅ​ហើយស្ងួត​គឺ​ប្រជាកសិករ​ប្រកប​របរ​កសិកម្ម​ដែល​ធ្វើ​ស្រែ​ប្រវាស់​មេឃ និង​ពលរដ្ឋភាគ​ច្រើន​ដែល​រស់​នៅ​ជាយក្រុង​ប្រឈម​នឹង​ការ​ខ្វះ​ប្រើប្រាស់​រៀង​រដូវ​វស្សា។

ប៉ុន្តែ​យ៉ាង​ណាមិ​ញ លោក ចាន់ យុត្ថា​ បាន​គូសបញ្ជក់​ថា ក្រសួង​ត្រៀម​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ដាំដុះស្រូវ​ប្រាំង និង​ទឹក​សម្រាប់​ប្រើប្រាស់​នា​ពេល​ខាងមុខ ជា​ពិសេស​សម្រាប់​ខេត្តពោធិ៍សាត់​ដែល​អាច​ប្រឈមនឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់។ ជា​ការ​ជួយ​សង្គ្រោះ​ធ្វើឡើង​ក្រោម​ទម្រង់​បញ្ចូន​ទឹក​តាម​ប្រឡាយ​មេធំៗ​ទៅ​កាន់ឃុំ​ដែល​ប្រឈម​នឹង​ការ​គ្មាន​ទឹក៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា