ទីភ្នាក់ងារឧតុនិយមវៀតណាមបានប្រកាសនៅថ្ងៃពុធទី ២៨ កុម្ភៈ ២០២៤ នេះថា ភាគខាងត្បូងប្រទេសដែលតំបន់យុទ្ធសាស្ត្រសម្រាប់ដាំដុះស្រូវ កំពុងរងរលកកម្តៅខ្លាំងហួសហេតុខុសប្រក្រតី។ ជាអាកាសធាតុក្តៅខ្លាំងហើយ មានរយៈពេលយូរ និងជាទូទៅតែម្តង។
តាមធម្មតា តំបន់ភាគខាងត្បូងប្រទេសវៀតណាម ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ទាំងមូល តែងមានអាកាសធាតុក្តៅខ្លាំងបំផុតដល់កំពូល ខែមេសា ឬ នៅខែឧសភា ដោយសីតុណ្ហភាពអាចឡើងដល់៣៩អង្សា។ ប៉ុន្តែនៅឆ្នាំ២០២៤នេះ រលកកម្តៅបានឡើងខ្ពស់ខ្លាំងមុនរដូវ ហើយអូសបន្លាយពេលយូរខែទៀត និងមានលក្ខណៈក្តៅខ្លាំងជាទូទៅតែម្តង ជាមួយសីតុណ្ហភាពវិលម្តុំ ៣៧-៣៨អង្សា។ នេះបើតាមសេចក្តីប្រកាសរបស់លោក Dinh Quyet ប្រធានទីភ្នាក់ងារព្យាករណ៍ឧតុនិយមវៀតណាមភាគខាងត្បូង ដោយលម្អិតថា អាកាសធាតុក្តៅចម្លែក ខុសទម្លាប់នេះ បណ្តាលមកពីបាតុភូតធម្មជាតិអែលនីញ៉ូ បូកផ្សំនឹងការប្រែប្រួលអាកាសធាតុនៃភពផែនដីសម្រាប់ពិភពលោកទាំងមូលផង។
តាំងពីដើមខែកុម្ភៈ ក្រុងហូជីមិញ តំបន់ដែលតាទន្លេមេគង្គភាគខាងត្បូងប្រទេសវៀតណាម រងរលកកម្តៅយ៉ាងខ្លាំង ដែលធ្វើឱ្យបណ្តាញប្រលាយទឹកដ៏ចាំបាច់សម្រាប់ធ្វើស្រែ និងសម្រាប់ជាផ្លូវចរាចរណ៍ដឹកជញ្ជូនទំនិញកសិកកម្មបានហួតស្ទើរអស់។ បើតាមការពន្យល់របស់អាជ្ញាធរ ប្រលាយជាង៨០នៅស្រុក Tran Van Thoi ខេត្ត Ca Mau បានរីង។ កសិករត្រូវធ្វើស្រែរំពឹងលើទឹកភ្លៀង ប៉ុន្តែដោយមិនអាចទប់ទឹកបានគ្រប់គ្រាន់ គេត្រូវបូមបន្ថែមពីប្រភពផ្សេងៗ ដែលជាហេតុធ្វើឱ្យស្ងួតប្រេះ និងបាក់ដី ប្រមាណ៣៤០កន្លែងហើយ គិតចាប់តាំងពីដើមឆ្នាំមក។ ឯដំណាំស្រូវមួយភាគធំនឹងក៏ផ្តល់មិនល្អដោយខ្វះទឹក។
អង្គការឧតុនិយមពិភពលោក និងទីភ្នាក់ងារសង្កេតមហាសមុទ្ទ និងបរិយាកាសអាមេរិក បានព្រមានកាលពីកណ្តាលខែមករា ថា ឆ្នាំ២០២៤ អាចនឹងបំបែកឯតទគ្គកម្មកម្តៅឆ្នាំចាស់ ឆ្នាំ២០២៣។ ទីភ្នាក់ងារអាមេរិកប្រាកដក្នុងចិត្តស្ទើរទាំងស្រុង (៩៩%) ថា ២០២៤នឹងជាប់ចំណាត់ថ្នាក់ក្នុងចំណោម ឆ្នាំទាំង៥ដែលក្តៅជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com