banner1
សភាអឺរ៉ុប បោះឆ្នោតអនុម័តច្បាប់ ​រឹតត្បិត​ការ​នាំ​ចេញសំរាមប្លាស្ទិក និង​​​កាក​សំណល់គ្រោះថ្នាក់

 29-កុម្ភៈ-2024

សភាអឺរ៉ុបនៅទីក្រុងស្ត្រាសបួរ កាលពីថ្ងៃអង្គារ​ ទី​២៧ កុម្ភៈ បាន​បោះឆ្នោតអនុម័តច្បាប់ថ្មីមួយ ដើម្បីពង្រឹង និងរឹតត្បិតការនាំចេញកាកសំណល់ប្លាស្ទិក ព្រមទាំង​​កាកសំណល់ដែលអាច​បង្ក​​គ្រោះថ្នាក់ផ្សេងទៀត។ ចាប់ពីពេលនេះទៅ ប្រទេសអឺរ៉ុប មិនអាច​នាំចេញ​កាកសំណល់ទាំងនេះ ទៅកាន់ប្រទេស​ផ្សេងដែលមិនមែនជាសមាជិកអង្គការ​ OCDE បានទេ ល្គឹកណាទាល់តែគោរពឲ្យ​បាន នូវលក្ខខណ្ឌសុវត្ថិភាពបរិស្ថានមួយចំនួន​។

ស្ត្រីម្នាក់​កំពុងអង្គុយរើស​កាកសំណល់​ប្លាស្ទិក នៅទីក្រុងដាកា ប្រទេសបង់ក្លាដែស ថ្ងៃទី ២០ កុម្ភៈ ២០២៤ REUTERS – MOHAMMAD PONIR HOSSAIN

សមាជិកសភាអឺរ៉ុប ៥៨៧នាក់ ពោលគឺ​សឹងតែ​ទាំងអស់ ​បានបោះឆ្នោតយល់ព្រម ទទួលយក​កិច្ចព្រមព្រៀង ដែល​អ្នកចរចានៃ​សភាអឺរ៉ុប និង​ប្រទេសសមាជិកអឺរ៉ុប​ បានត្រូវរ៉ូវគ្នា កាលពីខែ​វិច្ឆិកា។ ជាបឋម​អត្ថបទកិច្ចព្រមព្រៀងនេះ មានខ្លឹមសារ​រក្សា​ការ​ហាមឃាត់ការនាំចេញ​​សំរាម ដែលធម្មតាត្រូវកំទេច​ចោល ទៅ​កាន់​​ប្រទេសផ្សេងទៀត​ ក្រៅពីអឺរ៉ុប​។

រីឯកាកសំណល់ ដែល​អាចបង្កគ្រោះថ្នាក់ ហើយដែលធម្មតាត្រូវយកទៅកែច្នៃ​ គឺប្រទេសអឺរ៉ុបអាចនាំចេញបាន​ ​ទៅកាន់​ប្រទេស​ដែលជាសមាជិក របស់​អង្គការ​ OCDE តែប៉ុណ្ណោះ។ បន្ថែមពីនេះ អត្ថបទថ្មីនេះបានកំណត់លក្ខខណ្ឌបន្ថែមថា ប្រទេសសមាជិក​អង្គការOCDE ដែលអាចទទួលការនាំចូលកាកសំណល់ទាំងនោះបាន គឺទាល់តែមាន​ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់គ្រប់គ្រាន់ និងត្រឹមត្រូវ ដើម្បី​ស្តុក និង​កែច្នៃសំរាម ដោយ​គោរពទៅ​តាម​ក្រិត្យក្រមបរិស្ថាន​។ អង្គភាពវិសោធនកម្ម​ឯករាជ្យមួយ នឹងត្រូវគេប្រគល់តួនាទី វាយតម្លៃលើលក្ខខណ្ឌទាំងអស់នេះ ហើយដែល​ក្រុមហ៊ុននាំចេញសំរាម អាច​ចូលទៅ​ពិនិត្យ​មើល​ព័ត៌មាន​ទាំងនោះបាន នៅក្នុងបញ្ជីរួមរបស់គណៈកម្មការអឺរ៉ុប មុននឹងសម្រេចនាំសម្រេច នាំសំរាម​​ចេញទៅកាន់​ប្រទេសណាមួយ​។​

ដោយឡែកទាក់ទិននឹងកាកសំណល់​ប្លាស្ទិកវិញ ​អត្ថបទច្បាប់ថ្មីនេះ បានហាមឃាត់ការនាំចេញទាំងស្រុង ទៅកាន់​ប្រទេសដែល​មិនមែនជាសមាជិក OCDE ទោះបីជាប្រភេទកាកសំណល់ដែល​​មិនបង្កគ្រោះថ្នាក់​ក៏ដោយ។ ក្នុងរយៈពេល​៥ឆ្នាំទៀត ប្រសិន​បើប្រទេសមិនមែន​សមាជិក OCDE ណាមួយ ចង់​ស្នើសុំមកកាន់​គណៈកម្មការអឺរ៉ុបថា ចង់​នាំចូលកាកសំណល់​ប្លាស្ទិក គឺ​ប្រទេសនោះ ត្រូវបង្ហាញ​ឲ្យ​បានច្បាស់ថា ខ្លួនគោរពលក្ខខណ្ឌ​ដ៏តឹងតែង នៃវិធាន​ការ​គ្រប់គ្រងសំរាម។

ចំពោះការនាំចេញកាកសំណក់ប្លាស្ទិកទៅកាន់បណ្តាប្រទេសសមាជិក OCDE គឺប្រទេសអឺរ៉ុបអាចធ្វើបាន តែដោយ​ត្រូវ​គោរព លក្ខខណ្ឌបន្ថែមមួយចំនួនទៀត ដែលតឹងតែងជាងមុន។ ជាក់ស្តែង ដូចជា​ការគោរពនីតិវិធី​ផ្តល់​ព័ត៌មានជាក់លាក់ថា​ ​គ្មានករណី​គ្រោះថ្នាក់ ឬផលប៉ះពាល់​ធំដុំ​​កើតឡើងទៅលើ​បរិស្ថាន និង​សុខភាព​មនុស្ស​។

អត្ថបទច្បាប់ថ្មីរបស់អឺរ៉ុបនេះ បានជំរុញ​ឲ្យ​ប្រទេសសាមជិក​ទាំងអស់ ត្រូវតែ​កំណត់វិធានការ​ដាក់ទណ្ឌកម្ម​ ពិន័យ ​ឲ្យ​បានតឹងតែង មានប្រសិទ្ធភាព ​សមមាត្រ​ និង​អាចធ្វើឲ្យខ្លាចរអា។ ក្នុងករណី​ជាប់ទោស គឺត្រូវតែមានការពិន័យជាប្រាក់ និងការដកអាជ្ញាបណ្ណ​នាំចេញជាដើម​។

សូមបញ្ជាក់ថា ផ្អែកតាម​ Eurostat នៅឆ្នាំ​២០២២ សហភាពអឺរ៉ុបបាននាំចេញកាកសំណល់ចំនួន ៣២,១ លាន តោន ក្នុងនោះ មាន​១២,៤លានតោន គឺនាំចេញទៅតួកគី ៣,៥លាន​តោន នាំចេញទៅ​ឥណ្ឌា និង​១,៦លាន​តោននាំចេញទៅ​អេហ្ស៊ីប។ ចិនដែលពីមុនមក ធ្លាប់ជាគោលដៅនាំចេញសំរាម​​ដ៏សំខាន់មួយរបស់ពិភពលោក​ បានសម្រេច​​បិទទ្វារលែងទទួល​ការនាំចូល​សំរាមកែច្នៃ​ពីបរទេស ចាប់ពីឆ្នាំ​២០១៨ និងបាន​កាត់បន្ថយ​បន្តិចម្តងៗ នូវការនាំចូល​សំរាម​ប្លាស្ទិក លោហៈ សាច់ក្រណាត់ និងកំទេច​ដែកជាដើម។​ ចំណែក​ឥណ្ឌូណេស៊ីវិញ បានបញ្ជូន​កាកសំណល់គ្រោះថ្នាក់ ត្រលប់ទៅកាន់​ប្រទេសអឺរ៉ុបវិញ​ បន្ទាប់​ពី​ជន់ជោរ​​ដោយ​​កាកសំណល់ ដែលមិនគោរពទៅតាមលក្ខខណ្ឌនាំចូល​៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា