ស្ថាប័នផ្តល់ពានរង្វាន់វិស័យទេសចរណ៍ បានផ្តល់ចំណាត់ថ្នាក់ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ី សម្រាប់ឆ្នាំ២០២៣។ តាមការវាយតម្លៃរបស់ World Travel Awards កម្ពុជានាំមុខប្រទេសចំនួន៦ទៀត រួមមាន ឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និង វៀតណាមសម្រាប់ការផ្តល់ពានរង្វាន់នេះ។
អ្នកទេសចរកំពុងនៅមុខប្រាសាទអង្គវត្ត AP – Heng Sinith
២ឆ្នាំជាប់គ្នា គឺឆ្នាំ២០២២ និងឆ្នាំ២០២៣ ដែលកម្ពុជាបានទទួលពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីនេះ។ ក្នុងឆ្នាំ២០២១ រង្វាន់នេះបានទៅប្រទេសថៃ ហើយវៀតណាមក៏ធ្លាប់ទទួលបាន ២ឆ្នាំជាប់គ្នា គឺឆ្នាំ២០២០ និងឆ្នាំ២០១៩។
ជាមួយនឹងការអបអរសារទ ក្រសួងទេសចរណ៍កម្ពុជាបានគូសបញ្ជាក់នៅថ្ងៃទី២៨ កុម្ភៈថា ការដែលកម្ពុជាទទួលពានរង្វាន់នេះម្តងទៀតជាសារបញ្ជាក់ជាថ្មីពី ភាពទាក់ទាញរបស់កម្ពុជាជាគោលដៅទេសចរណ៍ដែលដាច់ខាតត្រូវតែទៅទស្សនាសម្រាប់អ្នកមានចំណាប់អារម្មណ៍អំពីវប្បធម៌។
ចំណែកលោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា និងសភាពាណិជ្ជកម្មបានចាត់ទុកការវាយតម្លៃនេះជាសក្ខីភាពរបស់កម្ពុជា ខណៈមានក្រុមអ្នកជំនាញពីអឺរ៉ុបក៏បានចុះមកសិក្សាដោយផ្ទាល់នៅកម្ពុជាដែរ។ ការផ្តល់ពានរង្វាន់នេះក៏ជាសារមួយទាក់ទាញឲ្យអ្នកទេសចរណ៍ចាប់អារម្មណ៍មកកម្ពុជាផងដែរ។ ដោយឡែក ការផ្សាយរបស់សារព័ត៌មានអន្តរជាតិមួយចំនួនក៏បង្ហាញថា ការទាក់ទាញទេសចរណ៍របស់កម្ពុជាគឺរំពឹងលើទេសចរណ៍ផ្នែកវប្បធម៌ដែលមានប្រាង្គប្រាសាទ និងរមណីដ្ឋានធម្មជាតិ។ ភ្ញៀវទេសចរទាំងនេះ ភាគច្រើនចូលមកស្នាក់នៅកម្ពុជាក្នុងរយៈពេលខ្លី។
រីឯផលិតផលទេសចរណ៍របស់ប្រទេសជិតខាងកម្ពុជា រួមមាន ថៃ និងវៀតណាម គឺសេវាកំសាន្ត និងផ្លូវភេទដែលអាចទាក់ទាញការស្នាក់នៅរបស់ភ្ញៀវទេសចរបានរយៈពេលយូរ។ ក្រៅពីគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ី ក្នុងឆ្នាំ២០២៣ កម្ពុជាក៏ត្រូវបាន World Travel Awards ផ្តល់ពានរង្វាន់មួយទៀតជាប្រទេសគោលដៅទេសចរណ៍យុវជនឈានមុខគេរបស់អាស៊ីក្នុងឆ្នាំ២០២៣ ដូចកាលពីឆ្នាំ២០២២ ដែលនាំមុខប្រទេស៣ រួមមាន ឡាវ ថៃ និងវៀតណាម៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com