banner1
ធនាគារ SME រំពឹងបញ្ចេញកញ្ចប់ហិរញ្ញប្បទានជួយវិស័យទេសចរណ៍ឲ្យអស់ត្រឹមចុងឆ្នាំ ២០២៤

 28-កុម្ភៈ-2024

ធនាគារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជារំពឹងថា កញ្ចប់ហិរញ្ញប្បទាន​ចំនួន ១៥០លានដុល្លារ សម្រាប់ជួយស្តារវិស័យទេសចរណ៍ដែលរងគ្រោះដោយវិបត្តិ​កូវិដ១៩​ នឹងចាយអស់ត្រឹមចុងឆ្នាំ ២០២៤ នេះ។ ប៉ុន្តែ បច្ចុប្បន្នធនាគារ SME ទើបបញ្ចេញកម្ចីហិរញ្ញប្បទានរបស់ខ្លួនអស់ជាង៦០លានដុល្លារ ឬស្មើប្រមាណ៤០% ខណៈនៅសល់កម្ចីជិត ៩០លានដុល្លារ ទៀតនៅមិនទាន់ប្រើប្រាស់។ ការផ្តល់កម្ចីរបស់ធនាគារជូនអតិថិជន (រូបតំណាង) © Internet

ធនាគារSMEអះអាងថា ភាពយឺតយ៉ាវនៃការបញ្ចេញកញ្ចប់ហិរញ្ញប្បទានអាចរួមផ្សំដោយកត្តាច្រើនយ៉ាង។ ប៉ុន្តែកត្តាចម្បង គឺការស្ទុះងើបឡើងនៃវិស័យទេសចរណ៍របស់កម្ពុជាស្ថិតក្នុងកម្រិតទាប ខណៈអាជីវកម្មខ្លះបាត់បង់ចំណូលដែលជាហេតុធ្វើឱ្យប្រតិបត្តិករទេសចរណ៍ទាំងនោះមិនហ៊ានស្នើកម្ចីពីធនាគារ។

តែយ៉ាងណា ធនាគារSME សង្ឃឹមថា កញ្ចប់ហិរញ្ញប្បទានដែលនៅសល់៩០លានដុល្លារទៀត នឹងត្រូវបញ្ចេញអស់ត្រឹមចុងឆ្នាំនេះ ដើម្បីចូលរួមជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនជាងពេលមុន។

ទាក់ទិននឹងកម្ចីឥណទាននេះ លោកស្រី ឆាយស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាប្រាប់ពីហេតុផលដែលអាជីវកម្មនិងប្រតិបត្តិករទេសចរណ៍មិនសូវស្នើកម្ចីហិរញ្ញប្បទានរបស់ធនាគារSME។ តាមលោកស្រី ឆាយ ស៊ីវលីន រាល់ការស្នើកម្ចីគឺមានភាពស្មុគស្មាញមិនថាទំហំទឹកប្រាក់ និងលក្ខខណ្ឌកម្ចីនោះទេ។

ដូច្នេះហើយ លោកស្រីអំពាវនាវឱ្យរដ្ឋាភិបាលនិងធនាគារSME ជួយសម្របសម្រួលត្រង់ចំណុចនេះ ដើម្បីអាចឱ្យប្រតិបត្តិករទេសចរណ៍មានលទ្ធភាពស្នើយកកម្ចីទៅពង្រើកអាជីវកម្មរបស់ពួកគេ។ អ្នកជំនាញផ្នែកទេសចរណ៍រូបនេះក៏កត់សម្គាល់ដែរថា ការសម្រួលលក្ខខណ្ឌកម្ចី ក៏ជាផ្នែកមួយជួយបង្កើនសេវាកម្មទេសចរណ៍ក្នុងស្រុកមួយកម្រិតផង។

សូមជម្រាបថា កញ្ចប់ហិរញ្ញប្បទានទាំង ១៥០លានដុល្លារនេះ មាន​ពាក់កណ្តាលបាន​ពី​គ្រឹះស្ថានហិរញ្ញវត្ថុឯកជនផ្សេងៗ និង​ពាក់កណ្តាលទៀតបានពីរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កញ្ចប់ហិរញ្ញប្បទាននេះ បានដាក់ឱ្យដំណើរការកាលពីកណ្តាលខែមិថុនា ឆ្នាំ២០២២ ជាមួយនឹងអត្រាការប្រាក់ទាប ៦.៥%ក្នុងមួយឆ្នាំសម្រាប់រយៈពេល៧ឆ្នាំ។

ថ្មីៗនេះ និង​ដោយសង្កេតឃើញពីការលំបាក និងភាពស្មុគស្មាញក្នុងការទទួលបានកម្ចីឥណទានពីកញ្ចប់ហិរញ្ញប្បទានទាំង ១៥០លានដុល្លារ រដ្ឋាភិបាលក៏បានបញ្ចេញទឹកប្រាក់បន្ថែមចំនួន ៥០លានដុល្លារ ឱ្យទៅធនាគារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាដើម្បីចាត់ចែងផ្ទេរទៅក្នុងកម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា