banner1
សេដ្ឋកិច្ច​អាល្លឺម៉ង់ ​ធ្លាក់​ចុះព្រោះ​តែ​វិបត្តិ​អូស​បន្លាយ

 22-កុម្ភៈ-2024

រដ្ឋាភិបាល​អាល្លឺម៉ង់ព្យាករ​ឲ្យដឹង​ថា ​​សេដ្ឋកិច្ច​ធ្លាក់ចុះនៅក្នុងឆ្នាំ២០២៤​។ នេះបើយោងតាម​ របាយការណ៍សេដ្ឋកិច្ច​ ​ចេញផ្សាយ​​ថ្ងៃពុធ ទី​២១ កុម្ភៈ។ ដំណឹង​នេះ ធ្លាក់​មក​តែ​១សប្តាហ៍​ប៉ុណ្ណោះ ក្រោយពី​​អាល្លឺម៉ង់ បានដណ្តើមឈ្មោះ​​ជា​មហា​អំណាច​​សេដ្ឋកិច្ច​ទី៣ពិភពលោក ពីប្រទេសជប៉ុន។ ពេល​ឃើញ​អាល្លឺម៉ង់ ដែលជាក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​អឺរ៉ុប​ ជួបបញ្ហាសេដ្ឋកិច្ចយ៉ាង​​ដូច្នេះ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង ក៏​​ក្រើន​រំឭក​ឲ្យសន្សំសំចៃ។​ ​

អធិការបតី​​អាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ AP – Kay Nietfeld

ដើមឆ្នាំនេះ សេដ្ឋកិច្ច​អាល្លឺម៉ង់​ជួប​ស្ថានភាព​លំបាក។ នេះ​ជាការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់ លោក​ Steffen Hebestreit ដោយ​បង្ហើបអំពី​តារាងសន្ទស្សន៍​សេដ្ឋកិច្ច​អាល្លឺម៉ង ដែល​បង្ហាញថា កំណើន​ចំណូល​ក្នុងស្រុក​សរុប​ ជួប​កំណើនទាប​ខ្លាំង ពោល​គឺកើនតែ​០,២% តែប៉ុណ្ណោះ​ ខុសពី​ឆ្នាំទៅមិញមាន​ដល់​១,៣%។ ប្រសិន​​បើ​គ្មានអ្វីផ្លាស់ប្តូរ​ប្រែប្រួល​ធំដុំទេ ជាមធ្យម​ក្នុង​​ពេញ​១ឆ្នាំនេះ​ អាល្លឺម៉ង់​ ​នឹង​ជួប​កំណើន​សេដ្ឋ កិច្ច​ត្រឹមតែ ​០,៥% តែប៉ុណ្ណោះ។​

ជាមួយ​នឹងគ្នា​នេះ រដ្ឋមន្ត្រីសេដ្ឋកិច្ច Robert Habeck ​ពន្យល់ដែរថា ស្ថានភាពសេដ្ឋកិច្ច​លំបាក​ខ្លាំង​ បណ្តាល​មក​ពីកត្តាជាច្រើនរួម​ផ្សំគ្នា​​ ហើយ​វិបត្តិ​​ទាំងនោះ​​ចេះតែ​អូលបន្លាយ​ ដែល​ជះ​ឥទ្ធិពល​​អាក្រក់​នាំឲ្យ​ប៉ះពាល់​ដល់​វិស័យ​ឧស្សហកម្មអាល្លឺម៉ង់។​ ​​វិស័យ​ឧស្សហកម្មអាល្លឺម៉ង់ តំណាងឲ្យ ២០% នៃ​ទំហំ​សេដ្ឋកិច្ច​ទាំងមូល​។ ពេលនេះ សកម្មភាព​​ផលិត​ឧស្សហកម្ម ​មិនទាន់​បាន​កើន​ឡើងស្មើនឹង​កម្រិត​ មុន​ពេល​ផ្ទុះ​វិបត្តិ​កូវីដ​១៩ នៅ ឡើយទេ។

វិបត្តិ​សង្គ្រាម​ឈ្លាន​ពានរុស្ស៊ី​នៅអ៊ុយក្រែន ​ជះផលវិ​បាក​ខ្លាំង​ដល់​ឧស្សហកម្មអាល្លឺម៉ង់ ជាពិសេស​គឺ តម្លៃ​ថាមពល​ដែល​កើនថ្លៃខ្ពស់ខ្លាំង​ រួម​ជាមួយ​នឹងទណ្ឌកម្ម​​បិទខ្ទប់​ឈប់​នាំ​ចូល​ឧស្ម័ន​ពី​រុស្ស៊ី​។ តម្លៃ​អត្រា​កម្ចីការប្រាក់​ឡើងខ្ពស់​ និង​អតិផរណាទំនិញ បាន​រាំងស្ទះ​ដល់​ការ​បញ្ជាទិញហើយ ​និង​វិនិយោគទុននៅអាល្លឺម៉ង់​។​

ពាណិជ្ជកម្ម​អន្តរជាតិក៏ជះ​ចំហាយ​អាក្រក់​ ហើយ​ក៏ជាប់ទាក់ទង​ការ​ធ្លាក់​ចុះ​កម្រិត​​បញ្ជាទិញ​ពីចិន ដែលជាទីផ្សារធំ​មួយ​របស់អាល្លឺម៉ង់។ នេះក៏ពាក់​ព័ន្ធ​នឹង​​កំណើន​​ដើរយឺត​នៃសេដ្ឋកិច្ច​របស់ចិនដែរ​។ ​

បញ្ហារួម​ផ្សំផ្សេង​ទៀត គឺ​ការ​កែប្រែទម្រង់​សេដ្ឋកិច្ចសម្រាប់​សម័យ​កាល​អន្តរបរិស្ថានអាកាសធាតុ​ ធ្វើឲ្យឧស្សាហកម្មផលិត​រថយន្តអាល្លឺម៉ង់​ធ្លាក់​ចុះ។ ហេតុផល​ម្យ៉ាង​ ក៏ព្រោះតែ​រដ្ឋ​ឈប់​ជួយ​ទិញ​ ហើយ​គ្មាន​ឧបត្ថម្ភ ធន​ពីរដ្ឋ​ទៀត ដែលធ្វើឲ្យឧស្សាហកម្មផលិត​រថយន្តអាល្លឺម៉ង់ លំបាក​នឹង​ប្រកួត​ប្រជែង​ដូចជា​ ចិន ឬ សហរដ្ឋ​អាមេរិក​​។ ដើមសប្តាហ៍​នេះ ក្រុម​ហ៊ុន​ឧស្សាហកម្ម​អឺរ៉ុបជាង​៦០ បាន​ចេញសេចក្តីអំពាវនា​វ​ឲ្យ​ថ្នាក់ដឹកនាំសហភាពអឺរ៉ុប ​រក​ដំណោះស្រាយ ​និងជួយ​គាំទ្រ​ពួក​គេ។

ប្រឈម​នឹង​ស្ថានភាពនេះ គណបក្ស​នយោបាយ​ទាំង​៣ ក្នុងជួរ​រដ្ឋាភិបាល​ចម្រុះ​អាល្លឺម៉ង់ បាន​បើក​ការ​ជជែកពិភាក្សា​គ្នា​យ៉ាងព្រោងព្រាត ហើយ​ក៏​នាំ​ឲ្យ​ការ​ខ្វែង​គំនិត​គ្នា​សម្បើម​ណាស់។ អ្នក​នយោបាយ​បក្សខ្លះ ស្នើឲ្យ​ដំឡើងពន្ធ​លើក្រុមហ៊ុន​ដើម្បី​បង្កើន​ចំណូល។ គណបក្សខ្លះទៀតថា មិនត្រូវ​សង្កត់​ក​ក្រុមហ៊ុន​ទេ ផ្ទុយ​ទៅវិញត្រូវ​តែបន្ធូរ​ លើកលែងពន្ធ​ដើម្បីជំរុញ​ការ​វិនិយោគបន្ថែម​។ ​បក្ស​ខ្លះទៀតថាត្រូវ​សើរើ​កញ្ចប់​ថវិកាជាតិឡើងវិញ​​ និងត្រូវ​​កាត់​​បន្ថយកម្ចី៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា