banner1
ក្នុង​មួយ​ខែ​មករា កម្ពុជា​ចំណាយទិញជីកសិកម្មពីបរទេសក្នុង​ទឹកប្រាក់ប្រមាណ ២៦លានដុល្លារ

 20-កុម្ភៈ-2024

កម្ពុជាបានចំណាយលើការនាំចូលជីកសិកម្មពីបរទេសក្នុងទំហំទឹកប្រាក់ប្រមាណ ២៦លានដុល្លារអាមេរិក ក្នុងរយៈពេល ១ខែ មករា ឆ្នាំ២០២៤។ នេះ​ជា​តួលេខនៅ​ក្នុង​របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ជា​ការ​កត់សម្គាល់ ការនាំចូលជីកសិកម្មពីបរទេស​របស់​កម្ពុជា ដើម្បីផ្គត់ផ្គង់ដល់តម្រូវការ​របស់ប្រជាកសិករក្នុងស្រុកនៅតែបន្តកើនឡើងដដែល ទោះបីជា​វិស័យកសិកម្ម​របស់កម្ពុជាបន្តរងផលប៉ះពាល់ពីវិបត្តិសកលក៏​ដោយ​។ជីកសិកម្ម © ក្រសួងកសិកម្ម

ផ្អែកតាមស្ថិតិពាណិជ្ជកម្មនាំចូលរបស់គយ ការនាំចូលជីកសិកម្មពីបរទេស​ក្នុង​ខែ​មករា​ មាន​ទឹកប្រាក់ប្រមាណ ២៦លានដុល្លារ ពោល​កើន​ឡើងចំនួន៤០% បើធៀបនឹងរយៈពេលដូចគ្នាកា​លពីឆ្នាំ២០២៣ ដែលមានទឹកប្រាក់ប្រមាណ១៨លានដុល្លារអាមេរិក។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានថ្លែងបញ្ជាក់ថា តម្លៃជីកសិកម្មបច្ចុប្បន្នកំពុងឡើងថ្លៃខ្លាំងដែលជាហេតុធ្វើឱ្យការចំណាយលើថ្លៃជីមាន​កម្រិតខ្ពស់ខ្លាំងជាងសព្វមួយដង។ អ្វី​ដែល​លោក​ថេង សាវឿន​បារម្ភ​ខ្លាំងនោះ​គឺ​ថា ការ​ចំណាយ​ច្រើនលើ​ការ​ទិញ​ជី​កសិកម្ម​របស់​ប្រជាកសិករ​បាន​ធ្វើ​ឲ្យ​ថ្លៃដើម​របស់​ទំនិញ​កសិកម្ម​មាន​តម្លៃ​ខ្ពស់ ខណៈដែល​ការ​លក់​ចេញ​ទទួល​បាន​ផលចំណេញតិចតួច។ នៅចំពោះមុខបញ្ហាជីថ្លៃនេះ លោក ថេង សាវឿនស្នើឱ្យរដ្ឋាភិបាលក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជារួម​គ្នាពិនិត្យលទ្ធភាពបង្កើតរោងចក្រផលិតនិងកែឆ្នៃជីកសិកម្មធម្មជាតិឲ្យ​បាន​ច្រើនដើម្បីលក់ក្នុងតម្លៃថោកឲ្យប្រជាកសិករក្នុងស្រុក រួមនឹងការលក់ចេញទៅបរទេសដើម្បីអាចទាញបានចំណូលបន្ថែម។

គួរកត់សម្គាល់ថាកន្លងមក ប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្តោយព្រំដែន​វៀតណាមដូចជាខេត្តស្វាយរៀង ឬកំពតបាននាំគ្នាប្រមូលលាមកគោក្របីស្ងួតលក់ឱ្យឈ្មួញខ្មែរ និងវៀតណាមដើម្បីដឹកចេញទៅវៀតណាមសម្រាប់កែឆ្នៃជាជីកសិកម្ម។ បន្ទាប់​មក លាមកគោក្របីដែលកែឆ្នៃចេញជាជីធម្មជាតិរួចទាំងនោះត្រូវ​បាន​​នាំ​ចូលលក់ឲ្យកម្ពុជាវិញក្នុងតម្លៃមួយខ្ពស់ខ្លាំងជាងតម្លៃវត្ថុធាតុដើម។

សូមបញ្ជាក់ថាកាលពីឆ្នាំ២០២៣ កម្ពុជាបាននាំចូលជីកសិកម្មពីបរទេស ពិសេស​ពីប្រទេសជិតខាងក្នុងទំហំទឹកប្រាក់ជាង៣២៥លានដុល្លារអាមេរិក ពោលកើនជាង ១៧% បើធៀបនឹងឆ្នាំ២០២២ ដែលមានប្រមាណ ២៧៦លានដុល្លារអាមេរិក៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា