banner1
ជប៉ុន ​ធ្លាក់​ចំណាត់​ថ្នាក់​លែង​ជា​មហាអំណាច​សេដ្ឋកិច្ច​ទីបី​ពិភពលោក

 16-កុម្ភៈ-2024

ក្រោម​ឥទ្ធិពល​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រាក់​យេន និង​អតិផរណា ជប៉ុន​បាន​បាត់​បង់​នាម​​ជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​លំដាប់​ទីបី​ ដោយ​ត្រូវ​បាន​អាល្លឺម៉ង់​វ៉ារ​ឈ្នះ​នៅ​ឆ្នាំ​២០២៣នេះ។​ នេះ​បើ​យោង​តាម​ទិន្នន័យ​បឋម​​ស្តីពី ផលិតផល​សរុប​ក្នុងស្រុក​ជប៉ុន ចេញផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍​ ទី​១៥​ កុម្ភៈ ២០២៤។​ កាលពី​ឆ្នាំ​២០១០ ចិន​បាន​វ៉ារ​ឈ្នះ​ជប៉ុន​យក​តំណែង​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទីពីរ។

ជប៉ុន​ បាន​ធ្លាក់​ពី​តារាង​កិត្តិយស។ ​នាមជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់​ទី​បី ត្រូវ​បាន​អាល្លឺម៉ង់ដណ្តើម​យក​នៅ​ឆ្នាំ២០២៣​ ព្រោះ​ផលិតផល​ក្នុង​​ស្រុក​ជប៉ុន​ប្រចាំ​ឆ្នាំ (ដោយគ្មាន​ការ​តម្រែតម្រឹម​នឹង​អតិផរណា) មាន​ទំហំ​ ៤២០០ពាន់​លាន​ដុល្លារ ទល់​នឹង​៤៥០០ពាន់​លាន ​សម្រាប់​អាល្លឺម៉ង់​។ ប៉ុន្តែ​ដោយ​ជាក់ស្តែង​នោះ ផលិតផល​សរុប​ក្នុង​ស្រុក​ជប៉ុន បាន​កើន​ឡើង​ដល់​ទៅ​ ១,៩% ​នៅ​ឆ្នាំ​មុន​ទល់​នឹង ១,២% កាលពី​ឆ្នាំ​២០២២ ឯ​អាល្លឺម៉ង់​វិញ​សេដ្ឋកិច្ច​បាន​ថយ ​០,៣%​។ នេះ​បើ​តាម​របាយការណ៍​ផ្លូវការ​ចេញផ្សាយ​កាលពី​ខែ​មករា។

ដូច្នេះ​មាន​ន័យ​ថា អាល្លឺម៉ង់​ជើង​ឯក​អឺរ៉ុប​ផ្នែក​នាំ​ចេញ​ ដែល​កំពុង​ត្រដរ​ជំនះ​វិបត្តិ​អតិផរណា​ ដែល​តម្លៃ​ថាមពល​ឡើងថ្លៃ មានសេចក្តី​ត្រូវការ​ក្នុង​ស្រុកទាប​ បាន​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទីបីដូច​ការ​ព្យាករ​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​​អន្តរជាតិកាលពី​ខែ​តុលា ​២០២៣ ដោយ​គ្រាន់​តែ​ជា​ការ​បន្លំ​ភ្នែក​មួយ​ភ្លែត​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀតមិន​យូរ​ទេ ឥណ្ឌា​នឹង​អាច​វ៉ារឈ្នះ​​ទាំង​អាល្លឺម៉ង់​ និង​ជប៉ុន​តែ​ម្តង។ បើ​តាម​អ្នក​ជំនាញ​សេដ្ឋកិច្ច​ចាប់​ពី​ឆ្នាំ​២០២៥ ​ទៅ​ឥណ្ឌា​ដែល​​មាន​ប្រជាពលរដ្ឋ​ច្រើន​ជាងគេ​នៅលើ​ពិភពលោក នឹ​ងមាន​ផលិតផល​សរុប​ក្នុង​ស្រុក​លើស​ប្រទេស​ទាំងពីរ​ បើ​ទោះ​បី​ជា​កំរិត​ជីវភាព​ពលរដ្ឋ​ម្នាក់ៗ​ទាប​ជាងពលរដ្ឋ​នៅ​​អាល្លឺម៉ង់​ និង​ជប៉ុន​ក៏​ដោយ។

បើ​តាម​សារព័ត៌មានក្នុង​ស្រុក​ ​ជប៉ុន​បាត់បង់​ចំណាត់​ថ្នាក់ ​ដោយហេតុ​តែ​ប្រាក់​យេន​ធ្លាក់​ថ្លៃ​ខ្លាំង ​អត្រា​ពលរដ្ឋ​ក៏​ធ្លាក់​ចុះ ហើយមាន​​ផលិតកម្ម​ទាប​​អូស​បន្លាយ។ តាំង​ពី​ចិន​វ៉ារ​យក​ចំណាត់​ថ្នាក់​ទី​ពីរ​​ នៅ​ឆ្នាំ​២០១០​ មក ជប៉ុន​គ្មាន​ធ្វើ​អ្វី​ដើម្បី​បង្កើន​សក្តានុពល​កំណើន​សេដ្ឋកិច្ច​ទេ។ នេះ​បើ​តាម​កាសែត​Nikkei។

ដូចអាល្លឺម៉ង់​ ​ជប៉ុនជា​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ និង​នាំ​ចេញ តែ​​កំពុង​បាត់​បង់​ស្ថានភាព​​​យ៉ាង​លឿនរហ័ស ហើយ​សេចក្តី​ត្រូវការ​ក្នុង​ស្រុក​ត្រូវ​រង​សម្ពាធដោយ​បញ្ហា​អតិផរណា និង​លុយថោក។ ​តាំងពីពាក់កណ្តាល​ឆ្នាំ​​២០២៣​មក កំណើន​សេដ្ឋកិច្ចជប៉ុន​​បាន​ថយ​ចុះ​ ០,៨% ​នៅ​រវាង​ពី​ខែ​កក្កដា ​ដល់​ខែ​កញ្ញា និង​០,១%​នៅ​ត្រីមាស​ទីបួន។ ដូច្នេះ​តាម​បច្ចេកទេស​ជប៉ុន​បាន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដើរថយក្រោយ។ ស្ថានភាព​សេដ្ឋកិច្ច​អាប់អួរ​នេះ អាច​នឹង​បង្ក​ភាព​ស្មុគស្មាញ​ដល់​ធនាគារ​កណ្តាល​ជប៉ុន​ដែល​ចង់​ចាប់​ផ្តើម​បញ្ចប់​នយោបាយ​រូបិយវត្ថុ​ដ៏​មហា​សម្របសម្រួល​របស់​ខ្លួន​ នៅ​ដើម​ឆ្នាំ​នេះ។ ជា​ដំណើរការ​ដ៏​សន្សឹមៗ​បំផុត​ ព្រោះ​ធនាគារ​កណ្តាល​ជប៉ុន​មិន​ចង់​ឱ្យ​សេដ្ឋកិច្ច​ប្រទេស ​និង​ទីផ្សារ​ភាគ​ហ៊ុន​រំជើបរំជួល​ទេ។ បើ​តាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ជប៉ុន​នឹង​មាន​កំណើន​សេដ្ឋកិច្ច​គួរសមល្មម​ (០,៩%) ​នៅ​ឆ្នាំ​២០២៤៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា