banner1
វិទ្យាស្ថានIISS៖ ពិភពលោក​កំពុង​ឈាន​ចូល​ក្នុង​ទសវត្សរ៍​មួយ​ដ៏​គ្រោះថ្នាក់

 15-កុម្ភៈ-2024

សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នៅ​ទឹកដី​អឺរ៉ុប សង្រ្គាម​សងសឹក អ៊ីស្រាអែល​ហាម៉ាស នៅភូមិភាគដើមបូព៌ា កូរ៉េខាងជើង​បង្ហាញសាច់ដុំយោធា នៅ​ឧបទ្វីបកូរ៉េ ចំណែក​ចិន និងអាមេរិកតានតឹង​ដាក់គ្នា​ជាលំដាប់ ដោយសារ​តែ​ចិន​លែង​ចង់​ឃើញ​វត្តមានរបស់អាមេរិក​នៅក្នុង​ដែនឥទ្ធិពល​របស់ខ្លួននៅអាស៊ី។ នេះគេ​នៅមិនទាន់​និយាយ​ពី​សង្រ្គាមស៊ីវិល ការប្លន់អំណាច​តាមរយៈរដ្ឋប្រហារ​នៅទឹកដីអាហ្វ្រិក។ ជម្លោះប្រដាប់អាវុធ អស្ថិរភាពនយោបាយ និង​អសន្តិសុខ កើតឡើងនៅ​គ្រប់​ទ្វីប​នៃ​ផែនដី​ ស​បញ្ជាក់​ថា ពិភពលោក​កំពុង​ឈានចូល​ក្នុង​ទសវត្សរ៍​មួយ​ដ៏​គ្រោះថ្នាក់។ នេះ​បើ​តាម​របាយការណ៍​ប្រចាំឆ្នាំ ​ដែល​វិទ្យាស្ថានអន្តរជាតិ ​ដើម្បី​ការសិក្សា​យុទ្ធសាស្រ្ត IISS ចេញ​ផ្សាយ កាល​ពី​ថ្ងៃ​អង្គារ​ ទី១៣​ កុម្ភៈ។ IISSជា​វិទ្យាស្ថាន​ដ៏ល្បី​ឈ្មោះ និង​មាន​ទីតាំងនៅទីក្រុង​ឡុងដ៍។ ជំនួយយោធា​សម្រាប់អ៊ុយក្រែនកំពុងជាប់ទ្រឹង​ដោយសារ​ស្ថានការណ៍នយោបាយក្នុងស្រុកអាមេរិក។ © Efrem Lukatsky / AP

ពិភពលោកកើតកលយុគគ្រប់ទីកន្លែង។ សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នៅទឹកដីអឺរ៉ុប។ សង្រា្គមសម្លាប់​បង្ហូរឈាមជារៀងរាល់ថ្ងៃ រវាង​អ៊ីស្រាអែល និង​ហាម៉ាស​នៅហ្កាហ្សា ក្នុង​តំបន់ដើមបូព៌ា។ ចំណែកអាស៊ី ក្រៅ ពី​សង្រ្គាមស៊ីវិល​នៅភូមា កំពុង​ចាប់តានតឹង ដោយសារ​ការប្រឈមមុខដាក់គ្នានៅឧបទ្វីបកូរ៉េ និង​ជុំវិញ​បញ្ហា​កោះតៃវ៉ាន់។ ងាកទៅ​មើលទៅអាហ្វ្រិកវិញ កត់សំគាល់​ដោយ​ការចូលកាន់អំណាច​របស់​ពួក​យោធា តាម រយៈ​ការធ្វើ​រដ្ឋប្រហារ​ផ្តួលរដ្ឋាភិបាលស៊ីវិល​ ដែលកើតចេញពី​ការបោះឆ្នោត។ នេះគេ​នៅមិនទាន់និយាយ​ពីបញ្ហា​អសន្តិសុខ ការវាយប្រហាររបស់​ក្រុមភេរវនិយម នៅតំបន់សាហែល។ សង្រ្គាម ជម្លោះ​ប្រដាប់អាវុធ​កើត​មាន នៅ​គ្រប់​កន្លែងជា​សញ្ញា​បញ្ជាក់ថា មួយទសវត្សរ៍​ទៅមុខនេះ ពិភពលោក​ឈាន​ចូល​ក្នុងបរិបទ​មួយ​កាន់តែ​គ្រោះថ្នាក់​ជាងមុន។ នេះបើតាម​ការព្រមាន​របស់​វិទ្យាស្ថាន​អន្តរជាតិ ដើម្បី​ការសិក្សា យុទ្ធសាស្រ្ត IISS ដែលមានទីតាំង​នៅទីក្រុង​ឡុងដ៍។

នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ ដែល​មានឈ្មោះថា “តុល្យភាពកងទ័ព” វិទ្យាស្ថាន IISS បាន​ទាញ​សេចក្តីសន្និដ្ឋាន​ថា នៅក្នុង​ពិភពលោក​មួយ​ដែល​កំពុង​ជួប​អសន្តិសុខ ផ្ទុះសង្រ្គាមនៅតំបន់ជាច្រើនយ៉ាងដូច្នេះ ការប្រកួតប្រជែង​ផ្នែក​សព្វាវុធ​កាន់តែ​លេចត្រដែតខ្លាំង។ ការពង្រឹង​វិស័យយោធា តាមរយៈ​ការធ្វើទំនើបកម្ម​កងទ័ព និង​សព្វាវុធជាអ្វី ដែល​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក​កំពុងតែ​ផ្តោតយកចិត្តទុកដាក់ខ្លាំង។

យោងតាម​វិទ្យាស្ថាន​IISS នៅ​ឆ្នាំ២០២២ ការចំណាយ​សម្រាប់​វិស័យកងទ័ព នៅ​ទូទាំងពិភពលោក បានហក់​កើនឡើង ២០% ដល់ចំនួន​បំបែក​ឯតទគ្គកម្ម ប្រមាណ ​២,២​ទ្រីលាន​ដុល្លារ។ ការបង្កើន​ថវិកាកងទ័ព​មាននៅ​គ្រប់កន្លែង។

នៅអឺរ៉ុប សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន​ បាន​ធ្វើ​ឲ្យ​ប្រទេស​អឺរ៉ុប​ជាច្រើន​ភ្លឺភ្នែក និង​ងាកមកចាប់អារម្មណ៍ ពង្រឹង​វិស័យ​កងទ័ព តាមរយៈ​ការបង្កើន​ថវិកាយោធា សម្រាប់​ធ្វើទំនើបកម្មវិនិយោគ​ទៅលើ​វិស័យ​ឧស្សាហកម្ម​ផលិតសព្វាវុធ ដែល​ដេកដួល គ្មាន​សកម្មភាព​ជាច្រើន​ទសវត្សរ៍​មកនេះ។ អឺរ៉ុប ដែលជាសមាជិកភាគច្រើន​របស់អូតង់ កាន់តែភ្ញាក់សា្មរតី រុញច្រាន​វិស័យការពារអឺរ៉ុប​ឲ្យងើបដើរ​ឡើងវិញនៅបន្ទាប់ពីលឺ​លោក ​ដូណាល់ត្រាំ និយាយ​គំរាមពីចំងាយថា អាមេរិក​នឹង​មិន​ជួយ​សមាជិក​អូតង់ណា ដែលមិនព្រម​បង់លុយវិភាគទាន​តាមការតម្រូវ​របស់​អូតង់ ដែលមានចំនួន ២%​ នៃ​ផលិតផលក្នុងស្រុក​របស់ខ្លួន។

នៅក្នុង​យុទ្ធនាការឃោសនាបោះឆ្នោត នៅ​ក្នុង​រដ្ឋ ​South Carolina កាលពីថ្ងៃ​សៅរ៍ កន្លងទៅ លោកដូណាល់ត្រាំ បាននិយាយ​ថា កាលលោកនៅជា​ប្រធានាធិបតីអាមេរិក លោក​ធ្លាប់​បាន​ប្រាប់​មេដឹកនាំ​របស់​ប្រទេស​សមាជិកមួយ​របស់អូតង់ថា ត្រូវ​តែ​បង់លុយ បើសិន​មិន​បង់លុយទេ លោក​មិនជួយទេ។ ផ្ទុយទៅវិញ លោក​នឹង​ទៅលើកទឹកចិត្ត​ឲ្យ​រុស្ស៊ី​ចូលវាយ​ប្រទេស​នោះតែម្តង។ ដូច្នេះ ប្រទេស​នោះត្រូវតែបង់លុយ។ អគ្គលេខាធិការអង្គការ​អូតង់ រួមទាំងប្រមុខការទូតអឺរ៉ុប​បញ្ចេញ​ការមិនពេញចិត្ត​នឹង​ការលើកឡើង​របស់​លោកដូណាល់ត្រាំ ដែលធ្វើឡើង​ក្នុងកាលៈទេសៈ​ក៏គ្រោះថ្នាក់ ដែលកំពុងកើតមាន​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន។

ប៉ុន្តែ យ៉ាងហោច សារគំរាម​របស់លោក​ ដែល​អាច​ជាគូ​ប្រជែងដណ្តើមជ័យជំនះ នៅក្នុងការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក នៅ​ចុងឆ្នាំនេះ ចង់ ឬ​មិនចង់ ធ្វើឲ្យអឺរ៉ុបសមាជិក​អូតង់​ភ្ញាក់ដឹងខ្លួនថា គេ​មិនអាច​ពឹងផ្អែក​លើ​អាមេរិក​តទៅទៀតទេ។

អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​ហូឡង់ ជាដើម​ បាន​បង្កើន​ថវិកា​កងទ័ព​ជាបន្តបន្ទាប់ ជំរុញរោងចក្រ​ផលិត​សព្វាវុធ ដូចជា​គ្រាប់ប្លោង គ្រាប់មីស៊ីល​ជាដើម ដែលគេត្រូវការប្រើ​ច្រើន​នៅក្នុងសមរភូមិ។

នៅអឺរ៉ុប សមាជិកអូតង់​ជំរុញ​ឧស្សាហកម្ម​យោធា​របស់ខ្លួន បន្ទាប់ពី​បំភ្លេច​ទុកចោល អស់ជាច្រើន​ទសវត្សរ៍ ដើម្បី​ផ្តោតសំខាន់​តែទៅលើ​សេដ្ឋកិច្ច។ ប៉ុន្តែ នៅចំពោះមុខការគំរាមកំហែង​របស់​រុស្ស៊ី ដែលធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន ប្រទេស​នៅអឺរ៉ុប​ទំនង​ធ្វើដូចរុស្ស៊ី ដែល​ផ្តោត​សេដ្ឋកិច្ច​របស់ខ្លួនភាគច្រើន ​ទៅលើ​វិស័យយោធា។

ដោយសារ​តែ​សង្រ្គាមនៅអ៊ុយក្រែន រុស្ស៊ី ​បាន​បង្កើនការចំណាយ​កងទ័ព​ក្នុងកម្រិត​មួយ​ដ៏ខ្ពស់​មិនធ្លាប់មាន។ យោងតាម​របាយការណ៍​របស់​វិទ្យាស្ថាន IISS ដោយសារ​តែ​ត្រូវ​ឯកោ ជាប់ទណ្ឌកម្ម​របស់ប្រទេស​លោកខាងលិច ​រុស្ស៊ី​បាន​ងាក​ទៅ​ចង់សម្ព័ន្ធ​យោធា ជាមួយកូរ៉េខាងជើង អ៊ីរ៉ង់ និង​ចិន។ វិទ្យាស្ថាន​IISS វាយតម្លៃថា​ ការចំណាយយោធា​របស់​ចិន និង​រុស្ស៊ី បូកចូលគ្នាមាន​ចំនួន ៤១៦ពាន់លាន​ដុល្លារ នៅ​ឆ្នាំ២០២២ និង​បាន​កើនឡើង ២,៦% ដល់​៤១៧​ពាន់លានដុល្លារ នៅ​ឆ្នាំមុន។ ចិន​ផ្ទាល់​បាន​ចំណាយ​ថវិកា​ជាង ​២១៩​ពាន់លានដុល្លារ នៅ​ឆ្នាំមុន ពោលគឺ ​ស្មើនឹង ​៤៣%​ នៃការចំណាយយោធា​សរុបរបស់បណ្តាប្រទេស​ទាំងអស់ នៅអាស៊ី។ ការបង្កើនការចំណាយយោធា​បាន​ធ្វើ​ឲ្យ​ចិន​មានទំនុកចិត្តថា នឹង​​អាចធ្វើ​សង្រ្គាម​តទល់​នៅថ្ងៃ​មួយ​ជាមួយអាមេរិក ជាពិសេស​នៅក្នុងករណី​កោះតៃវ៉ាន់។ ចិន​មិនត្រឹមចង់​ក្តោបក្តាប់ផ្តាច់មុខ​នៅអាស៊ី ប៉ុន្តែ ទំនើបកម្ម​កងទ័ព​បាន​ធ្វើ​ឲ្យ​ចិន​អាច​មានសមត្ថភាពចេញទៅធ្វើ​សង្រ្គាម នៅ​កន្លែងឆ្ងាយៗ ជាមួយ​កប៉ាល់ផ្ទុកយន្តហោះជាច្រើនគ្រឿង​ដែលចិន​សម្រុកសាងសង់នៅប៉ុន្មានឆ្នាំមកនេះ។

និយាយ​ពីឧបទ្វីបកូរ៉េ ជប៉ុន និងកូរ៉េខាងត្បូង​គិត​តែបង្កើន​កញ្ចប់​ថវិកា សម្រាប់​បំពាក់សព្វាវុធ​ឲ្យ​កងទ័ព ពង្រឹង​សន្តិសុខជាតិ នៅ​ចំពោះមុខ​ការផ្គើន​បាញ់​សាកល្បង​មីស៊ីល និងពាក្យគំរាម​ជាបន្តបន្ទាប់​របស់​មេដឹកនាំ​កូរ៉េខាងជើង។ អស់​ពី​ភាពតានតឹង​នៅឧបទ្វីបកូរ៉េ ពិភពលោក​មកត្រូវ​តានតឹង​ចិត្ត​នឹង​សង្រ្គាម​នៅ​ហ្កាហ្សា​មួយទៀត ជាទី​ដែល​សង្រ្គាមសងសឹក​របស់អ៊ី​ស្រាអែល ទៅលើក្រុមហាម៉ាស​នៅ​ហ្កាហ្សា កំពុង​ដុតកំហឹង អំពើហិង្សា​រាលដាល​នៅ​ភូមិភាគ​ដើមបូព៌ា។

តាម​វិទ្យាស្ថាន IISS សង្រ្គាមអ៊ីស្រាអែល​នៅ​ហ្កាហ្សា ជាលេសមួយ​ឲ្យ​អ៊ីរ៉ង់ ចេញទៅ​ពង្រីកដែនឥទ្ធិពល​របស់ខ្លួន នៅក្នុងតំបន់ដើមបូព៌ា។ ត្រូវដឹងថា គឺ​អ៊ីរ៉ង់​នេះហើយ​ ដែលជា​អ្នកផលិតផ្គត់ផ្គង់​ដ្រូន មីស៊ីល​ទៅ​ឲ្យ​ក្រុមប្រដាប់អាវុធ ដែលជា​កូនចៅគ្នីគ្នា​របស់ខ្លួន នៅក្នុងទឹកដី ស៊ីរី អ៊ីរ៉ាក់ ឬក្រុមហ៊ូទី នៅយេម៉ែន ដើម្បី​វាយប្រហារ​ផលប្រយោជន៍​របស់អាមេរិក និង​អ៊ីស្រាអែល៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា