ការនាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនីរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងខែមករា ដើមឆ្នាំ២០២៤នេះ បានថយចុះបើធៀបនឹងខែមករា ឆ្នាំ២០២៣។ ការនាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនីមានទំហំទឹកប្រាក់ជាង ១៣៤លានដុល្លារ ពោលធ្លាក់ចុះជាង៤២% បើធៀបនឹងខែមករា ឆ្នាំ២០២៣ ដែលមានជាង ២៣២លានដុល្លារ។ ផ្ទុយទៅវិញ ការនាំចេញក្នុងវិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់និង ស្បែកជើងមានការកើនឡើង។
តាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងខែមករា ដើមឆ្នាំ២០២៤ សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជិត ២ពាន់លានដុល្លារ ពោលកើនឡើង២៧% បើធៀបនឹងខែមករា ឆ្នាំ២០២៣។ ក្នុងនោះ ការនាំចេញក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផ្សេងៗ បានឈរនៅលំដាប់លេខរៀងទី១ បន្ទាប់ពីបានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅអំឡុងឆ្នាំ២០២៣ កន្លងទៅ។
ទឹកប្រាក់ដែលកម្ពុជាទទួលបានពីការនាំចេញវិស័យកាត់ដេរ សម្លៀកបំពាក់ និងវាយនភណ្ឌមានសរុបជិត ៨៤៥លានដុល្លារ ពោលកើនជាង ១០០លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ដែលមានជាង៦៧៧លានដុល្លារ។ ក្នុងទិន្នន័យគយដដែល ការនាំចេញផលិតផលសំខាន់ៗរបស់កម្ពុជាភាគច្រើនសុទ្ធតែមានការកើនឡើងនៅក្នុងខែមករា ឆ្នាំ២០២៤។
តែទន្ទឹមនឹងកំណើននៃការនាំចេញវិស័យកាត់ដេរ សម្លៀកបំពាក់ និងវាយនភណ្ឌ ការនាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនីរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងខែមករា ឆ្នាំ២០២៤ បែរជាធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ការនាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនីក្នុងខែមករា ឆ្នាំ ២០២៤ មានទំហំទឹកប្រាក់ជាង ១៣៤លានដុល្លារ ពោលថយចុះជាង៤២% បើធៀបនឹងខែមករាឆ្នាំ២០២៣ ដែលកម្ពុជារកចំណូលបានរហូតជាង ២៣២លានដុល្លារ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com