ក្រសួងការងារ៖ នៅ២ឆ្នាំខាងមុខ ការងារក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មកើនឡើង តែកសិកម្មធ្លាក់ចុះ
13-កុម្ភៈ-2024
ក្រសួងការងារបានព្យាករថា កម្ពុជានឹងបង្កើតការងារថ្មីជាង ២៣ម៉ឺនកន្លែងក្នុងមួយឆ្នាំនៅចន្លោះឆ្នាំ២០២៤-២០២៦។ តាមការព្យាករដដែល ចំនួនការងារថ្មីនឹងកើនឡើងនៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម តែធ្លាក់ចុះវិញនៅក្នុងវិស័យកសិកម្ម។
ព្រឹត្តិបត្រព័ត៌មានទីផ្សារការងារសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ចេញផ្សាយដោយក្រសួងការងារកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា ចំនួនអ្នកមានការងារធ្វើនៅកម្ពុជាចន្លោះឆ្នាំ២០២៤ និង២០២៦ នឹងមានការកើនឡើងចំនួន ២៣ម៉ឺន៥ពាន់នាក់ ក្នុងមួយឆ្នាំ ពោលកើនជាមធ្យម ២,៥% ក្នុងមួយឆ្នាំ។ អត្រាកំណើននេះនឹងនាំឲ្យចំនួនការងារសរុបនៅកម្ពុជាកើនដល់ប្រមាណ ១០លាន២សែននាក់ នៅឆ្នាំ ២០២៦។
តាមការព្យាករណ៍ដដែល កំណើនការងារនៅក្នុងរយៈពេល២ឆ្នាំខាងមុខ មានច្រើននៅក្នុងវិស័យសេវាកម្ម រួមមានពាណិជ្ជកម្មលក់ដុំនិងរាយ ការស្នាក់នៅ និងភោជនីយដ្ឋាន ការដឹកជញ្ជូន និងអចលនទ្រព្យ។ វិស័យសេវាកម្មនេះ ត្រូវគេរំពឹងនឹងបង្កើតការងារឱ្យពលរដ្ឋកម្ពុជាប្រមាណ ១៦ម៉ឺន៧ពាន់នាក់ ក្នុងមួយឆ្នាំ។ រីឯវិស័យឧហ្សាហកម្មកាត់ដេរ និងសំណង់ត្រូវគេរំពឹងបង្កើតការងារប្រមាណ ១៦ម៉ឺន៥ពាន់នាក់ ក្នុងមួយឆ្នាំ។
ផ្ទុយទៅវិញ ការងារក្នុងវិស័យកសិកម្មត្រូវបានក្រសួងការងារព្យាករថយចុះដល់ទៅ ៩ម៉ឺន៨ពាន់នាក់ ក្នុងមួយឆ្នាំ។ ការធ្លាក់ចុះការងារក្នុងវិស័យកសិកម្មនេះឆ្លុះបញ្ចាំងពីជម្រើសមុខរបរការងារកាន់តែល្អប្រសើររបស់ពលរដ្ឋ ដោយប្តូរពីការងារក្នុងវិស័យកសិកម្មដែលមានចំណូលទាបទៅចាប់ការងារថ្មីក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មដែលមានចំណូលខ្ពស់។ នេះបើតាមការព្យាកររបស់ក្រសួងការងារ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងនៅថ្ងៃទី១២ កុម្ភៈ នេះថា វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្មដើរតួនាទីសំខាន់ក្នុងការបង្កើតការងារឱ្យពលរដ្ឋដើម្បីចូលរួមលើកកម្ពស់ និងបង្កើតភាពធន់ឱ្យសេដ្ឋកិច្ចជាតិ។ បើកំណើនការងារនៃវិស័យទាំង៣ដើរទៅដំណាលគ្នា កំណើនសេដ្ឋកិច្ចជាតិនឹងកាន់តែល្អប្រសើរ។ កម្ពុជាជំរុញឱ្យមានការផ្សារភ្ជាប់វិស័យទាំង៣ជាមួយគ្នា តួយ៉ាងការផ្សារភ្ជាប់ឧស្សាហកម្មជាមួយកសិកម្មជាដើម។ តែលោកថា កម្ពុជាទាមទារឱ្យមានអ្នកជំនាញបន្ថែមទៀត។
គួរជម្រាបថា ចំនួនអ្នកមានការងារធ្វើនៅកម្ពុជាក្នុងឆ្នាំ២០២៣ មានចំនួន៩លាន៣សែននាក់ ពោលច្រើនជាងឆ្នាំ ២០២២ បន្តិចដែលមាន ចំនួន៩លាន១សែននាក់។ ម្យ៉ាងទៀតក្នុងឆ្នាំ២០២៣ ចំនួនអ្នកមានការងារធ្វើនៅក្នុងវិស័យឧស្សាហកម្មនិងសេវាកម្មបន្តរក្សាកំណើនការងារក្នុងរង្វង់ ៣,២% និង៦,៦%។ ចំណែកការងារក្នុងវិស័យកសិកម្មបានថយចុះប្រមាណ ២,៣%៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ