ទីភ្នាក់ងារព័ត៌មានវិទ្យា និងអវកាសឈ្មោះ GISTDA បានបញ្ជាក់ថា ទីតាំងក្តៅក្នុងប្រទេសកម្ពុជាដែលកើតចេញពីការដុតព្រៃមានចំនួនជាង១៣០០កន្លែង និងនៅក្នុងប្រទេសថៃមានជាង ១០០០កន្លែង។ តាមរូបភាពថតចេញពីផ្កាយរណប តំបន់ឆេះព្រៃក្នុងប្រទេសកម្ពុជាភាគច្រើនស្ថិតក្នុងខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ បាត់ដំបង និងកំពង់ស្ពឺ។ភ្លើងឆេះព្រៃ(រូបតំណាង) © Internet
រូបភាពចុងក្រោយថតដោយផ្កាយរណប GISTDA ក្នុងថ្ងៃទី០៩ កុម្ភៈ បានឱ្យឃើញថា ទីតាំងក្តៅរវាងប្រទេសកម្ពុជា និងថៃមានចំនួនប្រហាក់ប្រហែលគ្នាក្នុងនោះ កម្ពុជាមានតំបន់ក្តៅចំនួន១៣១៥កន្លែង និងថៃមានចំនួន ១០៥៤កន្លែង។ តាម GISTDA ទីតាំងក្តៅមានការប្រែប្រួលពីមួយទៅមួយថ្ងៃ។ ជាក់ស្តែងក្នុងថ្ងៃទី ០៨ កុម្ភៈ កម្ពុជាមានទីតាំងក្តៅត្រឹមតែ៥២៤កន្លែង និងថៃមានរហូតដល់ ១១៥១កន្លែង។
ទីតាំងក្តៅភាគច្រើនក្នុងប្រទេសកម្ពុជាកើតចេញពីការដុតសម្រាម ដុតចម្ការ និងភ្លើងឆេះ ក្នុងនោះ ខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីជាខេត្តដែលកើតច្រើនជាងគេ។ ចំណែកខេត្តព្រះវិហារ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងកំពង់ស្ពឺស្ថិតក្នុងចំនួនតិច ឬមធ្យម។
ដោយឡែក កាសែតក្នុងស្រុកថៃ The Nation ចេញផ្សាយថ្ងៃទី១១ កុម្ភៈ បានរាយការណ៍ដោយសំអាងលើរូបភាពផ្កាយរណប GISTDA ថា តំបន់ក្តៅក្នុងប្រទេសកម្ពុជាកើនឡើងរហូតដល់ជាង ៤០០០កន្លែង ខណៈតំបន់ក្តៅក្នុងប្រទេសថៃមានត្រឹមតែជាង៦០០កន្លែងប៉ុណ្ណោះ។ តែ GISTDA មិនទាន់ធ្វើបច្ចុប្បន្នភាពណាមួយលើការចុះផ្សាយរបស់កាសែតថៃ The Nation ទេ។ នេះសបញ្ជាក់ឲ្យឃើញថា រូបភាពចុងក្រោយរបស់ផ្កាយរណប GISTDA មានត្រឹមថ្ងៃទី០៩ កុម្ភៈ ប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការអះអាងទាំងនេះ លោក បូរីណា អ្នកនាំពាក្យក្រសួងបរិស្ថានសុំមិនធ្វើអត្ថាធិប្បាយអ្វីឡើយ។
សូមរម្លឹកថា បញ្ហាខ្យល់ពុលបានក្លាយជាប្រធានបទដែលភាគីថៃបន្តជជែកជាមួយកម្ពុជា និងស្នើឱ្យមានដំណោះស្រាយ។ ថៃបានចោទកម្ពុជាពីបទបានបំភាយសារធាតុល្អិតៗតាមខ្យល់ ឬសារធាតុខ្យល់ពុលទៅថៃតាមរយៈការដុតសម្រាម ភ្លើងឆេះព្រៃ និងដុតកាកសំណល់ផ្សេងៗ។ តែកម្ពុជាតាមរយៈក្រសួងបរិស្ថានធ្លាប់បានបញ្ជាក់ថា ខ្យល់ពុលនៅកម្ពុជាមានកម្រិតទាប បើធៀបនឹងកម្រិតស្តង់ដារដែលកំណត់ដោយអង្គការសុខភាពពិភពលោក៕
ប្រភពព័័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com