banner1
សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​ព្រំដែន​ និង​ទេសចរណ៍ ជា​ប្រធានបទ​សំខាន់​នៃ​ទស្សនកិច្ច ​លោក ​ហ៊ុន ម៉ាណែត ​នៅថៃ

 7-កុម្ភៈ-2024

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​នឹងធ្វើ​ទស្សនកិច្ច​ជាផ្លូវការ​ទៅកាន់​ប្រទេសថៃ​នៅថ្ងៃទី​០៧ ​ខែ​កុម្ភៈ ឆ្នាំ​២០២៤។​ ក្រសួងការបរទេស​កម្ពុជា​ប្រកាសថា​ ទស្សនកិច្ចរបស់​លោក​ ហ៊ុន ម៉ាណែត ​នៅថៃ​គឺផ្តោត​ទៅលើ​ការពង្រឹង​ទំនាក់ទំនង​យូរអង្វែង ​និង​ចំណងមិត្តភាព​ជាប្រពៃណី​រវាងប្រទេស​ទាំងពីរ​។ ​ក៏ប៉ុន្តែ​មន្ត្រីផ្លូវការ​ថៃ​បានប្រាប់​កាសែតថៃ​ថា​ មេដឹកនាំ ថៃ-​កម្ពុជា មាន​របៀបវារៈ​ជាច្រើន​ត្រូវជជែកគ្នា​ដូចជា​បញ្ហា​សេដ្ឋកិច្ច​តាមព្រំដែន​ ពាណិជ្ជកម្ម ​វិនិយោគ ​ការតភ្ជាប់​គមនាគមន៍ ​និង​ទេសចរណ៍​ជាដើម​។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួងការបរទេស​កម្ពុជាកាលពីថ្ងៃ​ចន្ទទី ០៥ ខែកុម្ភៈ ​ឆ្នាំ២០២៤ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​នឹងជួប​ពិភាក្សាគ្នា​ទ្វេភាគី​ជាមួយនាយក​រដ្ឋមន្ត្រីថៃ ​លោក សេដ្ឋា ថាវីស៊ីន ​ជុំវិញកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ដែល​ផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​អំឡុងពេលទស្សនកិច្ច​របស់លោក​ ម៉ាណែត នៅក្នុង​ប្រទេសថៃ។ ​លើសពីនេះ​ក៏មានពិធី​ចុះហត្ថលេខា​លើឯកសារ​ស្តីពី កិច្ច​សហប្រតិបត្តិការ​ទ្វេភាគីមួយចំនួន​ដែរ​។

ក៏ប៉ុន្តែ​អ្នកនាំពាក្យនៃ​ទីស្តី ការនាយក​រដ្ឋមន្ត្រីថៃ​លោក ឆៃ វ៉ាត់ឆារ៉ុង ​បានប្រាប់​កាសែត ​The Nation ​របស់ថៃ​ផ្សាយជា​ភាសាអង់គ្លេស​ថា​នាយករដ្ឋមន្ត្រី​កម្ពុជា-ថៃ ​នឹងជួបពិភាក្សាគ្នា​ស្តីពី ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចតាម​ព្រំដែន ការ​ជំរុញពាណិជ្ជកម្ម ​ការវិនិយោគ ​ការលើកកម្ពស់​ការតភ្ជាប់នៃ​វិស័យដឹកជញ្ជូន ​និង​ការជំរុញទេសចរណ៍​នៃ​ប្រទេសទាំងពីរ​។

ក្រៅពីនេះ ​ដំណើរទស្សនកិច្ច​ដំបូងរបស់​នាយករដ្ឋមន្ត្រី​ខ្មែរនៅថៃ​បន្ទាប់ពីលោកឡើង​កាន់អំណាច​អស់រយៈពេល​ជាង៥ខែ ​ត្រូវគេរំពឹង​ថានឹងលើករឿង​ផលប្រយោជន៍នៃ​តំបន់ត្រួតស៊ីគ្នា​នៅក្នុង​សមុទ្រ​ទំហំ ​២៦ ០០០គីឡូ​ម៉ែត្រការ៉េ ​ដែលសំបូរ​ដោយធនធាន​ធម្មជាតិ រ៉ែ ​និងថាមពល​ទៅជជែកគ្នា​។ ការបំពុលខ្យល់​ក៏ជារបៀប​វារៈ​ដែលបានគ្រោង​ទុកផងដែរ​។ នេះបើតាម​ការលើកឡើងពី​នាយករដ្ឋមន្ត្រី​ថៃ​កាលពីខែមុន​។

សូមរំលឹកថា ​កម្ពុជា-ថៃ ​ជាប្រទេសជិតខាងគ្នា ​តែងមានទំនាក់ទំនងគ្នា​យ៉ាងជិតស្និទ្ធ​ផ្នែក​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​ទេសចរណ៍ និង​ការងារ​។ ទំហំពាណិជ្ជកម្ម​កម្ពុជា-ថៃ ​ឆ្នាំ​២០២៣ ​មានជិត​ ៤ពាន់លាន​ដុល្លារ​។ ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ​ចូលទៅបំរើ​ការងារនៅក្នុង​ប្រទេសថៃ​មានប្រមាណ ​១,២លាននាក់ ​ខណៈទេសចរ​ថៃ​ជិត ២លាន​នាក់ ​បានចូលមក​កម្ពុជាកាលពី​ឆ្នាំទៅ​៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា