អង្គការសុខភាពពិភពលោក ៖ ការជក់បារីអេឡិចត្រូនិកកើនឡើងនៅទូទាំងពិភពលោក
2-កុម្ភៈ-2024
បើតាមការសិក្សាថ្មីចុងក្រោយ ចំនួនក្មេងជំទង់ចង់ភ្លក្ស ចង់សាកប្រើគ្រឿងញៀន ផឹកស្រា និងជក់បារី នៅលើពិភពលោក បានថយចុះបន្តិច។ ប៉ុន្តែ បើគិតអំពីតួលេខវិញ គឺនៅតែខ្ពស់ខ្លាំងដដែល។ ចំណែកការជក់បារីអេឡិចត្រូនិកវិញ បន្តកើនឡើងជានិច្ច។ការជក់បារីធម្មតាធ្លាក់ចុះ តែការជក់បារីអេឡិចត្រូនិកមានកំណើនទូទាំងពិភពលោក AFP – JOEL SAGET
ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនមនុស្សចាស់ (ធំពេញវ័យ) ជក់បារីបានធ្លាក់ចុះជាលំដាប់ តាំងពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ នៅឆ្នាំ២០២២ មានមនុស្សប្រមាណម្នាក់ក្នុងចំណោម៥នាក់ នៅជក់បារី ឬប្រើផលិតផលធ្វើពីថ្នាំជក់។ កាលពីសតវត្សរ៍មុន ក្នុងចំណោមមនុស្សបីនាក់ មានម្នាក់ជក់ហើយ។ នេះបើតាមរបាយការណ៍ថ្មី ដែលជាលទ្ធផលសិក្សាលើប្រេវ៉ាឡង់ជក់បារីនៅរវាងពីឆ្នាំ២០០០ ដល់ឆ្នាំ២០៣០ អង្គការសុខភាពពិភព លោកបានបញ្ជាក់ថា ការជក់បារីមាននិន្នាការថយចុះក្នុងគ្រប់ប្រទេសចំនួន១៥០នៅលើពិភពលោក។
ថ្វីបើអត្រាអ្នកជក់បារី បានធ្លាក់ក្នុងប្រទេសជាច្រើននៅលើពិភពលោកមែន ប៉ុន្តែអត្រាមរណៈបង្កឡើងឬពាក់ព័ន្ធនឹងថ្នាំជក់ ត្រូវបន្តកើនឡើងនៅប៉ុន្មានឆ្នាំខាងមុខទៀត។ ស្ថិតិរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ក្នុងមួយឆ្នាំៗ បារី ឬថ្នាំជក់ បានសម្លាប់ជីវិតមនុស្សអស់ជាង ៨លាននាក់ ក្នុងនោះជាង ១លានបីសែននាក់ ជាអ្នកស្រូបផ្សែងបារីពីគេ។ គេត្រូវការពេលវេលាជាច្រើនដល់ទៅប្រមាណ៣០ឆ្នាំ ក្រោយការចាត់វិធានការដ៏តឹងតែងប្រឆាំងនឹងថ្នាំជក់ ទើបចាប់ឃើញចំនួនមនុស្សស្លាប់ដោយបារីចាប់ធ្លាក់ចុះ។
ម្យ៉ាងវិញទៀត បើទោះបីជាចំនួនអ្នកជក់បារីបានបន្តធ្លាក់ចុះជាលំដាប់ក៏ដោយ ក៏អង្គការសុខភាពពិភពលោកមិនរំពឹងថាអាចសម្រេចកម្មវត្ថុបញ្ចុះអត្រាអ្នកជក់បារីឱ្យបាន៣០% នៅរវាងពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៥ បានទេ។ មានតែ ៥៦ប្រទេស ប៉ុណ្ណោះ មានជាអាទិ៍ប្រេស៊ីល ដែលបានសម្រេចកាត់បន្ថយការប្រើថ្នាំជក់ ឬបារីបាន ៣៥% តាំងពីឆ្នាំ២០១០មក។ ផ្ទុយទៅវិញ ការជក់បារីបែរជាកើនឡើងនៅក្នុង៦ប្រទេស គឺ កុងហ្គោ អេហ្ស៊ីប ឥណ្ឌូណេស៊ី ហ្សកដានី អូម៉ង់ និងម៉ុលដាវី។
ដូច្នេះមិនត្រូវភ្លេចខ្លួន និងមិនទាន់ដល់ពេលត្រូវទម្លាក់ដៃឡើយ បើទោះបីជាការប្រយុទ្ធប្រឆាំងនឹងការជក់បារីនៅលើពិភពលោកមានលក្ខណៈប្រសើរជាទូទៅ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដោយ។ អង្គការសុខភាពពិភពលោកបានឆ្លៀតព្រមានថា ឧស្សាហកម្មបារីមិនបានឈរអោបដៃនៅស្ងៀមឡើយ។ នាយកដេប៉ាតឺម៉ង់ទ្រទ្រង់សុខភាពរបស់អង្គការ បានអះអាងបែបចោទប្រកាន់ដោយចំៗថា នៅទីណាដែលការជក់បារីធម្មតាធ្លាក់ចុះ ឧស្សាហកម្មបារីតែងបើកសមរភូមិថ្មី បង្កើតផលិតផលថ្មី គ្មានផ្សែង សម្រាប់ទាក់ទាញ និងបង្កើតទីផ្សារថ្មីប្រមូលចំណាប់អារម្មណ៍ឱ្យបានច្រើនជាអតិបរិមា ក្នុងចំណោមអតិថិជនថ្មី គឺក្មេងជំទង់។ ១០%នៃក្មេងអាយុពី១៣ ទៅ១៥ឆ្នាំ នៅលើពិភពលោកបានជក់បារី និងប្រើថ្នាំជក់ប្រភេទថ្មី និងទម្រង់ថ្មី។ ពោលគឺមានក្មេងយ៉ាងហោច ៣៧លាននាក់ ជាអ្នកជក់បារី ក្នុងនោះ ១២លាននាក់ប្រើផលិតផលបារីថ្មី។ សម្រាប់អង្គការសុខភាពពិភពលោក តួលេខនេះទាបជាងការពិតជាក់ស្តែងឆ្ងាយណាស់ ព្រោះជាង៧០ប្រទេសមិនបានផ្តល់ទិន្នន័យអ្វីទាំងអស់។
នៅប្រទេសបារាំង អត្រាក្មេងរៀននៅវិទ្យាល័យជក់បារី បានធ្លាក់ចុះពី ១៧,៥% នៅឆ្នាំ២០១៨ មកនៅត្រឹមតែ ៦,២% នៅឆ្នាំ២០២២។ មានកញ្ចប់បារីក្នុងកាតាប ក្នុងកាបូប លែងពេញនិយមហើយ។ នេះពិតជាដំណឹងល្អមែន ព្រោះការប្រព្រឹត្តបារីក្នុងវ័យកាន់តែក្មេង (ក្រោម២០ឆ្នាំ) កាន់តែឆាប់ញៀន។ ប៉ុន្តែទន្ទឹមដំណឹងល្អនេះ តែក្មេងៗបានងាកទៅសាកល្បង និងជក់បារីអេឡិចត្រូនិក កាន់តែច្រើនឡើងៗ។ ការសិក្សារបស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ការប្រើប្រាស់បារីអេឡិចត្រូនិកពិតជាមានកំណើននៅទូទាំងពិភពលោក។ ក្មេងអាចមិនចូលចិត្តរសជាតិ និងក្លិនបារីបែបបូរាណ តែចូលចិត្តបារីអេឡិចត្រូនិក ដែលមានគ្រប់រសជាតិ និងក្លិនផ្លែឈើជាច្រើនមុខ។
បញ្ហានៅត្រង់ថា រសជាតិ ក្លិន និងទម្រង់ប្លែកៗរបស់បារីអេឡិចត្រូនិច មិនមែនជាដើមបារីមានកន្ទុយស្នោនេះ ក៏ច្រើនតែមានបង្កប់ និងផ្ទុកសារធាតុជាតិនីកូទីនច្រើនដែរ។ ហេតុដូច្នេះហើយបានជាសាស្ត្រាចារ្យ Loïc Josseran ប្រធានសម្ព័ន្ធប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ នៅប្រទេសបារាំង បានរំលឹកថា “បារីអេឡិចត្រូនិក នៅតែអាចផ្តល់ភាពញៀននឹងនីកូទីនខ្ពស់ខ្លាំងដដែល។ យុទ្ធសាស្ត្ររបស់ឧស្សាហកម្មថ្នាំជក់នៅតែដដែល -នៅតែបន្តផ្សព្វផ្សាយក្នុងចំណោមយុវវ័យនូវផលិតផលមានផ្ទុកជាតិនីកូទីន។ អ្វីដែលកំពុងកើតឡើងនៅពេលនេះ គឺការកកើតទីផ្សារនីកូទីន តាមរយៈផលិតផលបារីអេឡិចត្រូនិក e-cigarette Vapeឬ Vapoteuse បំពង់បង្ហុយឬ Puff …”។
តើអ្វីទៅជាបារីអេឡិចត្រូនិក?
បង្កើតឡើងដោយជនជាតិចិន នៅឆ្នាំ២០០៦ បារីអេឡិចត្រូនិក គឺជាគ្រឿងអេឡិចត្រូនិកមានដូចប៊ិច ដូចដែកកេះ សម្រាប់ស្រូបបឺតបង្ហុយផ្សែង ដែលបានមកពីការកម្តៅវត្ថុរាវក្នុងបំពង់ ឬដប ដោយប្រើថ្ម មិនបាច់អុជភ្លើង និងក្នុងសីតុណ្ហភាពតែ៦០អង្សា។ វត្ថុរាវក្នុងបារីអេឡិចត្រូនិក ផ្សំឡើងដោយសារធាតុគីមីច្រើនមុខ មានជាអាទិ៍ Propylène glyco ឬនីកូទីនផង និងមានក្លិន មានរសជាតិរាប់ពាន់មុខ មិនស្អុយដូចបារីបូរាណទេ ហើយអាចសាកបញ្ចូលបន្ថែម ឬប្រើម្តងក្រវ៉ាត់ចោលក៏បាន។ បារីអេឡិចត្រូនិកខ្លះគ្មានជាតិនីកូទីនសោះ ខ្លះក៏មានក្នុងកំរិតមួយដែលអាចនាំឱ្យញៀនបាន។ មានឈ្មោះហៅថាបារីមែន ប៉ុន្តែគ្មានផ្ទុកឬមានផ្ទុកយ៉ាងតិចតួចបំផុត ជាតិជ័រTar និងធាតុផ្សំពុលជាច្រើនផ្សេងទៀតដូចបារីដើមធ្វើពីថ្នាំជក់ធម្មជាតិទេ។ ក្នុងពេលភ្លាមៗនិងខ្លី ការជក់បារីអេឡិចត្រូនិក គ្មានជាតិនីកូទីន ជាជម្រើសមួយសម្រាប់អ្នកចង់ផ្តាច់បារី។ ប៉ុន្តែការបឺត ស្រូបផ្សែង ចូលក្នុងខ្លួន អាចនឹងប៉ះពាល់ដល់សួត ដល់បេះដូង។ ផលវិបាក និងឥទ្ធិពលនៃបារីអេឡិចត្រូនិកសម្រាប់ពេលអនាគត និងរយៈពេលមិនទាន់កំណត់បានដោយច្បាស់លាស់នៅឡើយទេ។ គ្រាន់តែគេចាប់ផ្តើមសង្កេតឃើញមានចំណងពាក់ព័ន្ធរវាងការជក់បារីអេឡិចត្រូនិក និងជំងឺរលាកសួត ជំងឺបេះដូង ព្រមទាំងជំងឺមហារីកខ្លះ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ