ទោះបីសេដ្ឋកិច្ចធ្លាក់ដាំក្បាលចុះ អារ៉ាប៊ីសាអូឌីតនៅតែរក្សាជំហរមិនបង្កើនការបូមប្រេង
2-កុម្ភៈ-2024
សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រប្រេង អារ៉ាប៊ីសាអូឌីត បានធ្លាក់ចុះ ០,៩%។ បើទោះបីសេដ្ឋកិច្ចធ្លាក់ដាំក្បាលចុះបែបនេះក្តី ក៏ថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីត នៅតែប្រកាន់រក្សាជំហរមិនបង្កើនការបូមប្រេងបន្ថែមឡើយ។ អារ៉ាប៊ីសាអូឌីត ក៏បានបញ្ជាឲ្យក្រុមហ៊ុនរដ្ឋ អារ៉ាមកូ (Aramco) រក្សាសមត្ថភាពផលិតប្រេងកម្រិតដដែល ត្រឹម ១២លានធុងបារិល ក្នុងមួយថ្ងៃ។កន្លែងស្តុកប្រេង១របស់អារ៉ាប៊ីសាអូឌីត AP – Amr Nabil
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ FMI បានបញ្ជាក់ទិន្នន័យវាយតម្លៃសេដ្ឋកិច្ចថា ព្រះរាជាណាចក្រប្រេង អារ៉ាប៊ីសាអូឌីត មានសេដ្ឋកិច្ចចុះខ្សោយ និងធ្លាក់ដាំក្បាលចុះ នៅឆ្នាំ២០២៣។ អាជ្ញាធរអារ៉ាប៊ីសាអូឌីត ក៏បញ្ជាក់ដែរថា ចំណូលផលិតផលក្នុងស្រុកសរុប បានធ្លាក់ចុះ ០,៩% ក្នុងឆ្នាំទៅមិញ។ ការណ៍នេះ បណ្តាលឲ្យ អារ៉ាប៊ីសាអូឌីត ក្លាយជាប្រទេសតែ១ ដែលមានកំណើនសេដ្ឋកិច្ចមិនល្អ ក្នុងរង្វង់ចំណោមប្រទេសមានសេដ្ឋ កិច្ចជឿនលឿន ហ្សេ២០។ ក្នុងឆ្នាំ២០២៤ សុខភាពសេដ្ឋកិច្ចប្រទេសនេះ ក៏នឹងទំនងជាបន្តដុបដាប ប្រសិនបើគ្មានអ្វីកែប្រែធំដុំទេ។
មានហេតុផលចំនួនដែលអាចពន្យល់ពីការធ្លាក់ចុះសេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីត។ ឆ្នាំ២០២២ សេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីត ស្ទុះងើបខ្លាំង ព្រោះតែលក់ប្រេងបានតម្លៃខ្ពស់។ នេះក៏ព្រោះតែប្រទេសផ្សេងៗងើបពីវិបត្តិកូវីដ ត្រូវការប្រេង ដើម្បីជំរុញសន្ទុះសេដ្ឋកិច្ច ហើយនិងប្រេងក៏ឡើងថ្លៃ បណ្តាលមកពីសង្គ្រាមឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែនផង។ ក្នុងឆ្នាំ២០២៣ អារ៉ាប៊ីសាអូឌីត និងអង្គការប្រទេសផលិតប្រេង Opep ក៏បានសម្រេចកាត់បន្ថយចំនួនផលិតប្រេង ដើម្បីឲ្យតម្លៃប្រេងឡើងខ្ពស់។ ការណ៍នេះ ធ្វើឲ្យចំណូលរបស់ក្រុមហ៊ុនរដ្ឋអារ៉ាប៊ីសាអូឌី អារ៉ាមកូ បានធ្លាក់ចុះ ២៣%។ ក្នុង២០២៣ អារ៉ាមកូ បានចំណូលត្រឹមតែ ៣២,៥៨ ពាន់លានដុល្លារ គឺមានចំនួនតិចជាងឆ្នាំ២០២២ ដែលបានចំណូលរហូតដល់ ៤២,៤៣ ពាន់លានដុល្លារ ក្នុងរយៈពេល ៣ឆមាសដូចគ្នា។
ម្យ៉ាងវិញទៀត ឆ្នាំទៅមិញ អារ៉ាប៊ីសាអូឌីត បានទទួលការបញ្ជាទិញប្រេងតិចតួច ហើយសំណើទិញប្រេងបន្ថែមអំពីសហរដ្ឋអាមេរិក ប្រេស៊ីល និងហ្គុយ៉ានណា ក៏ពុំសូវមានទៅទៀត។ ចូរកុំភ្លេចថា សេដ្ឋកិច្ចរបស់ប្រទេសនេះ ពឹងផ្អែកដល់ទៅជាង ៤០% លើវិស័យឧស្សាហកម្មផលិតប្រេង។ ប្រេង គឺ១ធុងបារិស ថ្លៃត្រឹម៨៧ដុល្លារតែប៉ុណ្ណោះក្នុងឆ្នាំ២០២៣ បានជះឥទ្ធិពលខ្លាំងដល់សេដ្ឋកិច្ចអារ៉ាប៊ីសាអូឌី ។
ទោះបីសេដ្ឋកិច្ចធ្លាក់ដាំក្បាលចុះយ៉ាងណាក្តី ព្រះរាជាណាចក្រផលិតប្រេងដ៏ធំជាងគេមួយនេះ ក៏នៅតែរក្សាជំហរមិនបង្កើនការបូមប្រេងឡើយ។ រជ្ជទាយាទព្រះអង្គម្ចាស់ ម៉ូហាមេដ បេនសាលម៉ាន បានចេញព្រះរាជបញ្ជាបែបនេះ ហើយនិងព្រះរាជានុញ្ញាតឲ្យក្រុមហ៊ុន អារ៉ាមកូ ចាក់បញ្ចូលកញ្ចប់ថវិកា ៤ ពាន់លានដុល្លារ ទៅក្នុងមូលធិនិទប់ទល់ហានិភ័យ។ ព្រះរាជតម្រិះរបស់ ព្រះអង្គម្ចាស់បែបនេះ ដ្បិតទ្រង់សព្វព្រះទ័យចង់ឲ្យប្រេងឡើងថ្លៃក្នុង១ធុងបារិលជាង១០០ដុល្លារ ដូចកាលពីមុន ហើយក៏ដើម្បីនឹងសម្រេចគម្រោង«ទស្សនវិស័យ២០៣០»របស់ទ្រង់ ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ