ចិន ក្លាយជាអ្នកនាំចេញរថយន្តលំដាប់លេខ១ លើពិភពលោក
1-កុម្ភៈ-2024
ចិន វ៉ាដាច់ ជប៉ុន ក្លាយជាប្រទេសអ្នកនាំចេញរថយន្តច្រើនជាងគេលំដាប់ទី១ ទៅកាន់ពិភពលោក ក្នុងឆ្នាំ២០២៣។ នេះបើតាម សមាគមអ្នកផលិតរថយន្តជប៉ុន ដែលបានចេញផ្សាយទិន្នន័យ នៅថ្ងៃពុធ ទី៣១ ខែមករា។ គួររំឭកថា ជប៉ុន ជាប្រទេសអ្នកផលិតរថយន្តសម្រាប់នាំចេញ លំដាប់លេខ១ និងឈរឈ្មោះជាជើងឯក ច្រើនឆ្នាំជាប់គ្នា តាំងតែពីឆ្នាំ២០១៧ រហូតមក។ ទើបតែនៅឆ្នាំ២០២៣ ដំណែងជើងឯកផលិត រថយន្តនាំចេញ ត្រូវធ្លាក់ទៅលើ ប្រទេសចិន វិញម្តង។ឡានចិននៅក្រុង Chongqing ថតនៅខែតុលា ២០២៣។
សមាគមអ្នកផលិតរថយន្តចិន និងគយចិន បានប្រកាសអំពីដំណឹងនេះ មួយរយៈមកហើយ។ ក៏ប៉ុន្តែទើបតែ នៅថ្ងៃដាច់ខែមករានេះ ទើបសមាគមអ្នកផលិតរថយន្តជប៉ុន ប្រកាសទទួលស្គាល់ការពិត ដោយបង្ហាញទិន្នន័យប្រៀបធៀបផង។ បើតាមទិន្នន័យផ្សាយដោយសមាគមអ្នកផលិតរថយន្តទាំងពីរប្រទេស ក្នុងឆ្នាំ២០២៣ គឺជប៉ុន បាននាំចេញរថយន្តចំនួន ៤,៤២ លានគ្រឿង។ ចំណែកចិន បាននាំចេញរថយន្ត ចំនួន ៤,៩១ លានគ្រឿង។ តែបើតាមគយចិន ចិននាំចេញរថយន្ត ច្រើនជាងនេះ រហូតដល់ ៥,២២ លានគ្រឿងឯណោះ។ នេះជាទិន្នន័យដែល គយចិន ប្រកាសក្នុងខែមករា ឆ្នាំ២០២៤។
អ្នកជំនាញពន្យល់ថា ទិន្នន័យនេះ សមហេតុផល។ សមហេតុផល ពីព្រោះថា ជប៉ុនបានកែប្រែនយោបាយផលិត ដោយផលិតបន្ថែមគុណនឹងពីរក្នុងបណ្តារោងចក្រជប៉ុននៅបរទេស។ ចំណែកចិនវិញ ចិនផលិតរថយន្តច្រើនតែនៅក្នុងរោងចក្រក្នុងស្រុក ហើយរោងចក្ររថយន្តចិននៅបរទេស គឺមិនសូវមានទេ។
ទោះជាយ៉ាងនេះក្តី លោក ទុយ លី នាយកសិក្សានៃស្ថាប័នទីប្រឹក្សាផ្នែករថយន្ត Sino Auto Insights បានពញ្ញាក់ស្មារតីប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងអាអេហ្វប៉ថា មិនមែនរាល់តែរថយន្តផលិតនៅស្រុកចិនសម្រាប់នាំចេញ ជារបស់ក្រុមហ៊ុនចិនទាំងអស់នោះទេ។ ដ្បិតថាមានក្រុមហ៊ុនបរទេសច្រើនណាស់ ដែលផលិតរថយន្តនៅចិន។ នេះក៏ព្រោះតែគុណភាពល្អ តម្លៃថោក ថោកទាំងតម្លៃលក់ និងតម្លៃផលិតកម្ម។
ម្យ៉ាងទៀត តាំងតែពីផ្ទុះសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅឆ្នាំ២០២២មក ជប៉ុនបានបោះបង់ទីផ្សារនាំចេញរថយន្តទៅរុស្ស៊ី ដើម្បីសម្តែងសមានចិត្តគាំទ្រអ៊ុយក្រែន។ ផ្ទុយទៅវិញ ចិនបានសង្វាតឱកាសនេះ ហើយនិងសម្រុកនាំចេញរថយន្តកាន់តែច្រើនឡើងៗទៅកាន់ទីផ្សាររុស្ស៊ី និងម៉ិចស៊ិក។
ដោយឡែក ម៉ាក់រថយន្តនាំមុខគេរបស់ចិន គឺ BYD ដែលល្បីខាងផលិតរថយន្តអគ្គិសនី។ ថ្នាក់ដឹកនាំ BYD បានប្រកាសកាលពីចុងខែធ្នូ កន្លងទៅថា នឹងពង្រីកបង្កើតរោងចក្រថែមនៅបរទេស។ គឺរោងចក្រមួយថែមនៅ ហុងគ្រី ដើម្បីតម្រង់គោលដៅទីផ្សារអឺរ៉ុប ហើយចិនក៏មានគម្រោងបង្កើនរោងចក្របន្ថែម នៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងនៅប្រេស៊ីល។
ជាការកត់សម្គាល់ ចំពោះរថយន្តដើរដោយថាមពលអគ្គិសនី ចិនផលិតបានច្រើនជាងជប៉ុន និងច្រើនជាងប្រទេសនៅអឺរ៉ុបទៅទៀត។ ការណ៍នេះ ធ្វើឲ្យអឺរ៉ុបមិនសប្បាយចិត្ត ហើយនិងរិះគន់ចិនខ្លាំង។ អឺរ៉ុបរិះគន់ចិន ក៏ព្រោះតែរដ្ឋអំណាចចិនបានជួយឧបត្ថម្ភធនដល់វិស័យផលិតរថយន្តអគ្គិសនី ដែលនាំឲ្យមានការប្រកួតប្រជែង មិនស្មោះត្រង់៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ