តុលាការហុងកុងបានចេញបញ្ជានៅថ្ងៃចន្ទ ទី២៩ មករា ២០២៤នេះ ឱ្យរំលាយក្រុមហ៊ុនអចលនវត្ថុដ៏ធំបង្អស់របស់ចិន Evergrande។ ក្រុមហ៊ុនជួបការលំបាកហិរញ្ញវត្ថុអស់ជាច្រើនខែមកហើយ និងបានក្លាយជានិម្មិតរូបនៃវិបត្តិអចលនវត្ថុនៅក្នុងប្រទេសចិន ប៉ុន្តែEvergrande បានអះអាងថា នឹងនៅតែបន្តសកម្មភាពដដែល។
ជាមហាក្រុមហ៊ុនអចលនវត្ថុនិងសំណង់ដ៏ធំបំផុតនៅចិន Evergrandeមានបំណុលឡើងដល់ជាង ៣២៨ពាន់លានដុល្លារអាមេរិក និងបានធ្វើឱ្យមហាអំណាចសេដ្ឋកិច្ចទីពីរពិភពលោកវិលវល់ក្នុងវិបត្តិអចលនវត្ថុ។ “ក្រុមហ៊ុនគ្មានវឌ្ឍនភាព គ្មានផែនការសង្គ្រោះគួរជាទីទុកចិត្ត ទើបតុលាការសម្រេចចេញដីកាឱ្យរំលាយសហគ្រាសនេះ”។ នេះបើតាមសេចក្តីប្រកាសរបស់ចៅក្រមហុងកុង លោកស្រី លីនដា ចាន់ ដែលត្រូវប្រកាសតែងតាំងអ្នកទទួលបន្ទុកទូទាត់បំណុលឱ្យក្រុមហ៊ុន នៅពេលរសៀលជាមួយនឹងខ្លឹមសារលម្អិតនៃសាលក្រមផង។ ជាមួយសេចក្តីសម្រេចរបស់តុលាការ ម្ចាស់ក្រុមហ៊ុនលោកXu Jiayin លែងមានសិទ្ធិគ្រប់គ្រងក្រុមហ៊ុនទៀតហើយ។ សាលក្រមចេញភ្លាម ភាគហ៊ុនរបស់ Evergrandeនៅហុងកុងបានដាំក្បាលធ្លាក់អស់ជាង២០%។
ប៉ុន្តែគេមិនដឹងថា តើសេចក្តីសម្រេចរបស់តុលាការនៃកោះពាក់កណ្តាលស្វយ័តហុងកុងនេះ អាចនឹងត្រូវអនុវត្តបានលើទឹកដីចិនដែនទ្វីបទាំងមូល ដែលមានច្បាប់ផ្សេង និងដែលក្រុមហ៊ុនមានទីស្នាក់ការធំនៅ ឬយ៉ាងណាទេ។ បើតាមទីចាត់ការក្រុមហ៊ុន សេចក្តីសម្រេចរបស់តុលាការហុងកុងគ្មានប៉ះពាល់នឹងប្រតិបត្តិការនៅលើចិនដីគោកឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍ អគ្គនាយកក្រុមហ៊ុន Evergrandeហុងកុង បានបញ្ជាក់ថា ក្រុមហ៊ុនបន្តប្រឹងឱ្យអស់ពីលទ្ធភាពក្នុងការរក្សាស្ថិរភាព និងដំណើរការរបស់ក្រុមហ៊ុននៅក្នុងប្រទេសចិន។ សម្រាប់អ្នកវិភាគវិញ បើទោះបីជាការប្រកាសដួលរំលំក្រុមហ៊ុននៅហុងកុងមានលក្ខណៈមិនពាក់ព័ន្ធនឹងសកម្មភាពរកស៊ីនៅចិនដីគោកមែនតែ អ្នកវិនិយោគបរទេសនៅចិនច្បាស់ជាអស់ទំនុកចិត្តកាន់តែខ្លាំង។
តើប៉េកាំងនឹងបញ្ចេញប្រតិកម្មយ៉ាងណា?
ផ្តើមមានវិបត្តិបំណុលនៅឆ្នាំ២០២១ វិបត្តិរបស់ក្រុមហ៊ុន Evergrandeដែលក៏បានប្រកាសក្ស័យធនតាំងពីខែសីហា ២០២៣ នៅសហរដ្ឋអាមេរិក ត្រូវបានប៉េកាំងតាមដានយ៉ាងស្អិតបំផុត ព្រោះក្រុមហ៊ុនធ្លាប់ជាសរសរទ្រូងនៃសេដ្ឋកិច្ចជាតិ។ វិស័យសំណង់ និងអចលនវត្ថុតំណាងឱ្យមួយភាគបួននៃផលិតផលសរុបចិន។ តែបំណុលដ៏មហាសាលក្នុងវិស័យនេះ ត្រូវបានអាជ្ញាធរចិនចាត់ទុកជាហានិភ័យធំសម្រាប់សេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុប្រទេស ទើបប៉េកាំងចាប់បណ្តឹងលក្ខខណ្ឌខ្ចីលុយទិញផ្ទះកាន់ឡើងៗចាប់ពីឆ្នាំ២០២០មក និងបានចេញវិធានការជាច្រើនជួយស្តារសង្គ្រោះវិស័យអចលនវត្ថុ តែមានប្រសិទ្ធភាពទាប។
ថ្ងៃនេះសេចក្តីសម្រេចរបស់តុលាការហុងកុង បានរុញច្រានវិបត្តិអចលនវត្ថុចិនឱ្យឈានចូលដល់ដំណាក់កាលថ្មីមួយទៀត។ អាជ្ញាធរចិនតាមដានយ៉ាងប្រយ័ត្នប្រយែង និងទំនងជាអ្នកចាត់ចែងការទូទាត់រំលាយក្រុមហ៊ុននេះផង ដើម្បីកុំឱ្យឆ្លងរាលដាលទៅដល់វិស័យផ្សេងនៃសេដ្ឋកិច្ច។ នេះបើតាមការវិភាគរបស់លោកShane Oliver សេដ្ឋវិទូនៃសហគ្រាសហិរញ្ញវត្ថុAMP៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com