នៅថ្ងៃទី ១៨ មករា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឈន៍(AFD) បានផ្ដល់កញ្ចប់ហិរញ្ញប្បទានឲ្យកម្ពុជាប្រមាណ ២៣៥លានដុល្លារ ដែលជាទំហំទឹកប្រាក់ដ៏ច្រើនមិនធ្លាប់មានពីមុនមក។ ហិរញ្ញប្បទានក្នុងចំនួនដ៍ធំនេះ នឹងត្រូវផ្ដោតលើវិស័យចំនួន៣របស់កម្ពុជា គឺទឹកស្អាត ថាមពល និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
តាមសេចក្ដីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃទី១៩ មករា កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការ នៅក្នុងដំណើរទស្សនកិច្ចដំបូងរបស់នាយករដ្ឋមន្រ្តីកម្ពុជាក្នុងប្រទេសបារាំង។ នៅក្នុងចំនួនទឹកប្រាក់ទាំងប្រមាណ ២៣៥លានដុល្លារ មានរហូតដល់ប្រមាណ១៣១លានដុល្លារ ត្រូវបានគ្រោងចំណាយទៅលើវិស័យទឹកស្អាតរបស់កម្ពុជា។ ហិរញ្ញប្បទាននេះត្រូវបានគេជឿជាក់ថា នឹងផ្ដល់លទ្ធភាពឲ្យរោងចក្រចម្រោះទឹកស្អាតបាក់ខែងរបស់កម្ពុជា បង្កើនការផ្គត់ផ្គង់ទឹកស្អាតដល់ ៦០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងរបស់ប្រជាពលរដ្ឋ។
ចំណែកវិស័យថាមពលវិញ ត្រូវបានគ្រោងប្រើហិរញ្ញប្បទានប្រមាណ៧៨លានដុល្លារ ក្រោមរូបភាពជាកម្ចីរបស់AFD។ គម្រោងហិរញ្ញប្បទាននេះ មានគោលបំណងបង្កើនសមត្ថភាពស្តុកថាមពលរបស់អគ្គិសនីកម្ពុជា រហូតដល់ ៧៥មេហ្កាវ៉ាត់ម៉ោង ដើម្បីពន្លឿនសមារណកម្មប្រភពថាមពលកកើតឡើងវិញ ដូចជាថាមពលព្រះអាទិត្យ និងថាមពលខ្យល់ជាដើម។ ធ្វើដូចនេះ គឺដើម្បីឲ្យបណ្ដាញអគ្គិសនីជាតិកម្ពុជាកាន់តែចូលរួមការពារបរិស្ថាន និងបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់។
រីឯហិរញ្ញប្បទាន ២៧លានដុល្លារទៀត ក្នុងរូបភាពជាកម្ចីរបស់AFDដែរ នឹងត្រូវប្រើប្រាស់ក្នុងការបណ្ដុះបណ្ដាញជំនាញវិជ្ជាជីវៈ តាមរយៈក្រសួងការងារ។ គម្រោងហិរញ្ញប្បទាននេះ មានគោលបំណងពង្រឹងការបណ្ដុះបណ្ដាញវិជ្ជាជីវៈ និងធនធានមនុស្សកម្ពុជា ក្នុងកម្រិតខ្ពស់មួយ សំដៅប្រែ ក្លាយជាប្រទេសមានសេដ្ឋកិច្ចផ្ដោតលើឧស្សាហកម្ម ដែលគាំទ្រដោយបច្ចេកវិទ្យានិងវិទ្យាសាស្រ្ត។
គួរបញ្ជាក់ថា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឈន៍(AFD) បានផ្ដើមដំណើរការក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៣ ដោយបានផ្ដល់ហិរញ្ញប្បទានសរុបជាង ១ពាន់៥រយលានអឺរ៉ូ គិតត្រឹមឆ្នាំ២០២៤នេះ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com