banner1
សុរា​ និង​​ការ​ប្រើប្រាស់​ថ្នាំ​ពេល​ស្រវឹង

 22-មករា-2024

Dry January ខែ​មករា​គ្មាន​ជាតិ​សុរា ជា​កម្មវិធី​ដែល​មាន​ប្រារព្វ​ធ្វើ​កាន់តែ​ច្រើន​ឡើងៗនៅលើ​ពិភពលោក ដើម្បី​បញ្ច្រាប​ព័ត៌មាន​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង (ស្រា ប៊ីយ៉ែរ …)។ បើ​លោក​អ្នក​មិន​ចូល​រួម​ក្នុង​កម្មវិធី Dry January  មិន​អាច​ឈប់​ផឹក​ស្រាឱ្យ​បាន​​ពេញ​មួយ​ខែ​មករា​​ទេ សូម​កុំ​​បរិភោគ​ស្រា​ឱ្យ​ដល់​ថ្នាក់​ស្រវឹង ​ហើយ​រក​ថ្នាំ​លេបបំបាត់​អាការៈ​មិន​ស្រួល​ខ្លួន​ឱ្យ​សោះ​។ ហេតុអ្វី?

នៅពេល​ជួប​ជុំ​គ្នា​ម្តងៗ ​មិនលែង​មាន​អ្នក​ផឹក​ជ្រុល ហើយ​ស្រវឹង​ទេ។ តើ​លោក​អ្នក​ធ្លាប់​ស្រវឹង​ស្រា​ទេ? ជា​ញឹកញយ​ ក្រោយ​ពី​បាន​ផឹក​​ស្រា ស្រវឹង​ជោគជាំ​ហើយ ស្អែក​ឡើងអ្នក​ស្រវឹង ច្រើន​មាន​អាការៈ​ស្ងួត​មាត់ ប្រេះ​បបូរ​មាត់ ព្រោះ​តែ​ជាតិ​សុរា​ធ្វើ​ឱ្យ​សរីរាង្គកាយ​ខ្សោះ​ជាតិ​​ទឹកស្ទើរអស់​ពី​ខ្លួន។ នេះ​ជា​អាការៈ​ដែល​គេ​សង្កេត​ឃើញ​មាន​​ច្រើន ប៉ុន្តែ​រោគ​សញ្ញា​នៃ​ការ​ស្រវឹង​ស្រា​មាន​ច្រើន​យ៉ាង​ផ្សេង​ទៀតណាស់។

ផឹក​ស្រា (ប៊ីយ៉ែរ អាល់កុល វីស្គី  ស្រា…) ហួស​កំរិត នឹង​ធ្វើ​ឱ្យ​យើង​មាន​អាការៈ​ នឿយហត់​អស់​កម្លាំង ឈឺក្បាល  ឈឺក្រពះ ចង់​ក្អួត ចង់​ចង្អោរ ព្រមទាំង​មាន​អារម្មណ៍​ស្រេក​ទឹក ឈឺ​ចាប់​សាច់​ដុំ ឬ​វិល​មុខផង។ សំរាន្ត​មិន​ស្កប់​ បែក​ញើស​ ឡើង​សម្ពាធ​ឈាម ខ្លាច​ពន្លឺ និង​សំឡេង ឆាប់​ខឹងឆេវឆាវ ឆាប់​ខ្វល់​ព្រួយ សុទ្ធ​សឹង​ជា​អាការៈ​ដែល​បង្ក​ឡើយ​ដោយ​ជាតិសុរា​ចូល​ខ្លួន​ច្រើន​ជ្រុល។ ​

ជាតិ​អាល់កុល​បង្ក​ឱ្យ​ខ្សោះ​ជាតិ​ទឹក ព្រោះ​នៅពេល​ផឹក​ប៊ីយ៉ែរ ឬស្រា អ្នក​​នឹង​​នោម​ញយ និង​បាត់​បង់​ជាតិ​ទឹក​ច្រើន។ ជាង​នេះទៅទៀត ជាតិ​អាល់កុល​នឹង​បង្ក​ឱ្យ​មាន​ការ​រោល​រលាក​លើ​សរីរាង្គ​ខ្លះ​ ដែល​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​អ្នកផឹក​ជ្រុល​​ស្រវឹង​ដួល​​ សន្លប់បាត់​ស្មារតី​។

រោគ​សញ្ញា​ស្រវឹង​ស្រា​ប្រែប្រួលខុស​ប្លែក​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ និង​ក៏​អាស្រ័យ​ទៅ​លើ​បរិមាណ​នៃ​ជាតិ​អាល់កុលទៀត។

តើ​ត្រូវ​ធ្វើ​ដូចម្តេច​នៅពេល​មាន​អាការៈ​មិន​ស្រួល​ខ្លួន​​ពេល​ស្រវឹងស្រារួច?

ក្បួន ​និង​វិធី​ណែនាំ​ប្រឆាំង​នឹង​អាការៈ​ស្រវឹង​ស្រា​មាន​ច្រើន​ណាស់។ ខ្លះ​ថា ​ស្អែក​ឡើង​ត្រូវ​បរិភោគ​កាហ្វេ ទទួល​ទាន​ភេសជ្ជៈ​គ្មាន​ជាតិ​អាល់កុល ខ្លះ​ថា ​លេប​វីតាមីន​សេ ខ្លះ​ទៀត​ថា​ ត្រូវ​មុជ​ទឹក​ជម្រះកាយា … ប៉ុន្តែ​ជំនឿ​ទាំងអស់​នេះ​គ្មាន​មួយ​ណា មាន​ប្រសិទ្ធភាព​ពិត​ប្រាកដ​ទេ។ ល្បិចល្បងវិធីសាស្ត្រ​​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ ឬ​ក្បួន​បុរាណ​របស់​ដូន​តា​ មិន​ដែល​ផ្តល់​លទ្ធផលជា​សក្ខីកម្ម​​ជាក់លាក់​ឡើយ។

​មាន​តែ​ “ពេល​វេលា” ​មួយ​គត់​ដែលជា​ដំណោះស្រាយ។ ​ថ្លើម​ត្រូវ​ការប្រើ​​ពេល​វេលា​ ក្នុង​ការ​​បំពេញ​តួនាទី​កម្ចាត់​រាល់​គ្រប់​ជាតិ​ពុល​​ដែល​ផលិត​ឡើង​នៅពេល​ថ្លើមធ្វើ​សំយោគ​​(រំលាយ​)​ជាតិ​អាល់កុល​។ ការ​សិក្សា​ខ្លះ​បាន​បង្ហាញ​ថា​ ដើម្បី​ ​បំប្លែង​ជាតិ​ពុល​របស់​ស្រា​មួយ​កែវ ​ថ្លើម​ត្រូវ​ការពេល​មួយ​ម៉ោង ចុះ​ពីរកែវ បីកែវ ? សរីរាង្គ​កាយក៏​​ត្រូវ​ការពេល​វេលាខ្លះ​ដែរ​​ទម្រាំបំពេញ​​ជាតិ​ទឹក​ឡើង​វិញ ​ទម្រាំ​​ជាលិកា​ដែលខ្សោះ​​ហួត​ហែង​ បាន​ជា​ឡើង​វិញ។

ក្រោយ​ពេល​ស្រវឹង​ និង​ទទួល​ទាន​ជាតិ​សុរា​ជ្រុល​ហួសហេតុ​ គ្មាន​អ្វី​ប្រសើរ​ជាង​ការ​បរិភោគ​ទឹកឱ្យ​បាន​ច្រើន​​ នៅ​ស្អែក​ឡើង ដើម្បី​បំពេញ​កង្វះខាត​ជាតិដែល​​ទឹក​បង្ក​ឡើយ​ដោយ​ជាតិ​អាល់កុល​ទេ។ ទទួល​ទាន​ទឹក​ច្រើន​នឹង​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល និង​អាការៈ​ស្ងួត​មាត់​បាន។

សូម​ចង​ចាំ​ថា អាល់កុល​ក៏​អាច​បង្ក​ឱ្យ​​មាន​បញ្ហា​ជាតិ​ស្ករ​ធ្លាក់​ចុះ​ Hypoglycémieផងដែរ។ នៅពេល​មាន​បញ្ហា​ Hypoglycemie វា​នឹង​ងាយ​ធ្វើ​ឱ្យ​អ្នក​កើត​អាការៈចង់​ក្អួត និង​អស់​កម្លាំង​ខ្លាំង។ ដូច្នេះ​អ្នកចាំបាច់​ត្រូវផ្តល់​អាហារូបត្ថម្ភ​​ដល់​សរីរាង្គ​កាយ ជាពិសេស​ត្រូវ​បរិភោគ​អាហារ​ល្អ​ៗសម្រាប់​សុខភាព​ ជា​​​អាហារ​គ្មាន​ជាតិ​ខ្លាញ់ ឬ​គ្មាន​ជាតិ​ជូរអាស៊ីត​ តែ​ជា​​បបរ​សក្តៅៗ ​ស៊ុត​ ឬ​នំប៉័ង​ទឹក​ឃ្មុំ ដែល​ផ្តល់​ថាមពល​ភ្លាម​ៗ។ គួរ​ចៀសវាង​ ទឹក​ក្រូច ភេសជ្ជៈ​ជូរ​ខ្លាំង ឬ​ខ្លាញ់​ខ្លាំង ដែល​ធ្វើ​ឱ្យ​ថ្លើ​ម ​និង​ក្រពះ​ត្រូវប្រឹង​ធ្វើការ​ខ្លាំង។

សម្រាក ​និង​ឈប់​ទទួល​ទាន​សុរា​ឱ្យ​បាន​ច្រើន​ថ្ងៃ​ អាការៈ​ជំងឺ​ក្រោយ​ការ​ស្រវឹង​ស្រា​នឹង​បាន​ប្រសើរ​ឡើង​វិញ​ហើយ។

ចុះ​តើ​គេ​អាចលេប​​ថ្នាំដូច​យ៉ាង​Paracétamol​ ​​​ពេល​មិន​ទាន់​អស់​ចំណាយស្រវឹង​​​ស្រា​ដែរ​ឬ​ទេ?  

ប៉ារ៉ាសេតាម៉ុល​ជា​ថ្នាំ​សំណព្វ​ ដែល​មាន​ស្រគួរ​​ស្ទើរនៅក្នុង​គ្រប់​ផ្ទះ។ ឱ្យ​តែ​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ ឬ​ក្តៅ​ខ្លួន​បន្តិច​បន្តួច គេ​នឹក​ឃើញ​ដល់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ភ្លាម។ យ៉ាង​ណាមិញ​ បន្ទាប់​ជួប​ជុំ​ផឹក​ស៊ី​ស្រវឹង​ជោគជាំ​ហើយ ស្អែក​ឡើង​មិន​សូវស្រួល​ខ្លួន​ គ្រប់​គ្នា​គិត​ភ្លាម​ដល់​ថ្នាំ​ប៉ារ៉ា។ ប៉ុន្តែ​ថ្នាំប៉ារ៉ា​ និង​អាល់កុល​មិន​ស៊ី​ធាតុ​គ្នា​ទេ​​សម្រាប់​សុខភាព។

ពពួក​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ស្ថិត​នៅក្នុង​​ក្រុម​ថ្នាំ​បំបាត់​ការ​ឈឺចាប់ មាន​សកម្មភាព​លើ​អាការៈឈឺចាប់ តែ​គ្មាន​សកម្មភាព​លើ​មូលហេតុ​នាំ​ឱ្យ​ឈឺ​ចាប់​ទេ។ ប៉ារ៉ាសេតាម៉ុល ជា​ថ្នាំ​ប្រឆាំង​នឹង​ការ​ក្តៅ​ខ្លួន​ វា​នឹង​ទៅ​បញ្ចុះកម្តៅ។ គុណ​ប្រយោជន៍​នៃ​ប៉ារ៉ាសេតាម៉ុល គឺ​នរណា​ក៏​អាច​លេបបាន។ ​ក្មេងតូច​ កុមារ ស្ត្រី​មាន​ផ្ទៃពោះ និង​មនុស្សចាស់​ជរា​ ​សុទ្ធ​តែ​អាច​ប្រើ​ពពួក​ប៉ារ៉ាសេតាម៉ុល​បាន​ទាំងអស់។ ប៉ុន្តែ​ឈ្មោះ​ជា​ថ្នាំ​ពេទ្យ​ តែង​មាន​បង្កប់​ពិស។ ដូច្នេះ​គ្មាន​ហេតុ​ផល​អ្វី​ដែល​ថា​ ប៉ារ៉ាសេតាម៉ុល​ គ្មាន​គ្រោះថ្នាក់​សោះនោះ​ឡើយ។

ពពួក​ថ្នាំ ប៉ារ៉ាសេតាម៉ុល អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ណាស់​ដល់​សុខភាព​ ជាពិសេស​ក្នុង​ករណី​ប្រើ​វា​នៅ​ក្រោយ​ការ​ទទួល​ទាន​សុរា ​​ជោគជាំ​ ហើយ​មិនទាន់​អស់​ចំណាយ​ស្រវឹង​។ ហេតុ​ផល​ងាយ​យល់​ទេ។ អាល់កុល​ក៏​ដូច​ជាថ្នាំ​​ប៉ារ៉ាសេតាម៉ុល សុទ្ធ​តែ​​ត្រូវ​បំប្លែង​ដោយ​ថ្លើម ដើម្បី​​ចម្រោះ និង​កម្ចាត់​​​ជាតិ​ពុលចេញ​ពី​សរីរាង្គកាយ។ ដូច្នេះ​បើ​ថ្លើម​ជាប់​រវល់​ ​ប្រឹង​ធ្វើការ​ខ្លាំង នៅ​ពេល​ល្ងាច ដោយ​​ទទួល​ជាតិ​សុរា​ច្រើន​ទៅ​ហើយ​ ស្អែក​ឡើង​ត្រូវ​ទទួល​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ទៀត ថ្លើម​ច្បាស់​ជា​លែង​សូវ​មាន​កម្លាំង​ក្នុង​ការ​បំប្លែង​ និង​សំយោគ​ជាក់​ជា​មិន​ខាន។ ម្យ៉ាង​ទៀត ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ដ៏​ពេញ​និយមនេះ​​ ជាដើម​ហេតុ​ទីមួយនៃ​ជំងឺ​ថ្លើម​បង្ក​ឡើង​ដោយ​ការ​ប្រើ​ថ្នាំ ដែល​ជំរុញ​ឱ្យ​មាន​​ការវះកាត់​​ប្តូរផ្លាស់​ថ្លើម​ នៅ​ប្រទេស​បារាំង។ នៅពេល​បើ​ថ្នាំ​ពពួក​ប៉ារ៉ា​សេតាម៉ុល ច្រើន​ហួស​កំរិត​អតិបរិមា ប៉ារ៉ាសេតាម៉ុល​ក្លាយ​ជា​ថ្នាំពុល​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​ថ្លើម​ ដែល​គ្មាន​ការ​ព្យាបាល​​អ្វី​ក្រៅ​ប្តូរ​ផ្លាស់​ថ្លើម​ទេ។

ចុះ​បើ​​ប្រើ​ថ្នាំ​ពពួក​អាស្ពីរីន ឬ​Ibuprofène វិញ​ តើ​យ៉ាងណា​ទៅ​វិញ? ប្រសិន​បើ​អ្នក​ចង់​ប្រើ​ថ្នាំ​ពីរ​មុខ​នេះ​ ជំនួស​ប៉ារ៉ាសេតាម៉ុល​ដើម្បីកុំ​ឱ្យ​ប៉ះពាល់​ដល់​​ថ្លើម ត្រូវ​ដឹង​និង​ត្រៀម​ខ្លួន​ទទួល​ហានិភ័យ​នៅ​ក្រពះ។ ក្រុមថ្នាំ​ទាំងពីរ​​Aspirine និង​Ibuprofène ត្រូវ​​ជាមួយ​អាល់កុល ​នឹង​ដំឡើង​​បរិមាណ​ជាតិ​អាស៊ីត​នៅក្នុង​ក្រពះ ដែល​ជា​ញឹក​ញាប់​វា​នឹង​​បង្ក​ឱ្យ​មាន​រោគរលាក​ក្រពះ ជា​ផលវិបាកតាម​ក្រោយ។

តើ​គេអាច​បង្ការ​មិន​ឱ្យ​ឈឺ​ក្រោយ​ពេល​ស្រវឹង​បានទេ?

ការ​ពារ​ពិត​ជា​ប្រសើរ​ជាង​ព្យាបាល​ ! ប្រសិនបើ​មិន​ចង់​ឈឺ មិន​ចង់​ស្រវឹង​ ​គ្មានក្បួន​អ្វី​ប្រសើរ​ជាង​ កំរិត​ការ​ទទួល​ទាន​បរិមាណ​ជាតិ​ស្រវឹង​ទេ។ គឺ​

  • កុំ​ផឹក​ច្រើន​ជ្រុល​
  • កុំ​ផឹក​ស្រាលាយ​គ្នា​ច្រើន​មុខ
  • កុំ​ភ្លេច​ទទួល​ទាន​អាហារ​ បរិភោគ​បាយ​បាន​ឆ្អែត​គ្រប់​គ្រាន់​ ដើម្បីកុំ​ឱ្យ​មានអាការៈ​ខ្វះជាតិ​ស្ករ​ដែល​បង្ក​ឡើង​ដោយ​អាល់កុល
  • បរិភោគ​​ទឹក​មួយ​កែវ​ឬ​ច្រើន​កែវ​ឆ្លាស់​ជា​មួយ​នឹង​ការផឹក​សុរា​មួយ​កែវ​។ ហើយ​ត្រូវ​ផឹក​ដោយ​សន្សឹមៗ​បំផុត

ជា​សារ​រំលឹក​ដាស់​តឿន ភ្នាក់ងារ​សុខាភិបាល​បារាំង​ណែនាំ​ឱ្យ​បុរស​ទទួល​ទាន​អាល់កុល​ យ៉ាងច្រើន​បំផុត ពីរ​កែវ​ក្នុង​មួយថ្ងៃ​ ហើយ​​មួយ​កែវ​ក្នុង​ថ្ងៃ​សម្រាប់​ស្ត្រី និង​មិន​ត្រូវ​ទទួល​ទាន​រាល់​ថ្ងៃ​ទេ ទើប​ហៅ​ថា​ជា​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​មិន​ហួស​ហេតុ។

ឯការ​ទទួល​ទាន​ទឹក​មួយ​កែវ​ ស្រាមួយកែវ​ឆ្លាស់​គ្នា ដែល​ជា​វិធីសាស្ត្រ​ទប់​ទល់​កុំ​ឱ្យ​ឆាប់​ស្រវឹង​នោះ មិន​អាច​កាត់​បន្ថយ​ហានិភ័យ​​បង្ក​ឡើង​ដោយ​អាល់កុល​ឡើយ​ ហើយ​ក៏​គ្មាន​ឥទ្ធិពលអ្វី​​លើ​​សរីរាង្គកាយ​និង​សុខភាព​ដែរ ក្នុង​ករណីនេះ។ ឧស្សាហ៍​ទទួល​ទាន​ទឹក​ ឬ​ទទួល​ទាន​ទឹក​មួយ​ក្រោយ​លើក​កែវស្រា​ អាច​ជួយ​ត្រឹម​ធ្វើ​ឱ្យ​ខ្លួន​ប្រាណ​​មិន​ឱ្យ​បាត់​បង់​​ជាតិ​ទឹក​​ដោយ​ឥទ្ធិពល​អាល់កុលខ្លាំង​ពេក​ និងគ្មាន​អាការៈ​ស្ងួត​មាត់​​មិន​សូវ​ស្រួល​ខ្លួន​ក្រោយផឹក​ស្រវឹង​ជោគជាំ។ ប៉ុន្តែ​បរិមាណ​អាល់កុល​ជ្រាប​ចូលក្នុង​ខ្លួន​នៅ​ដដែល ជាតិ​ពុល​បង្ក​ឡើងសុរា​ចំពោះ​សុខភាព​នៅ​ដដែល​។ ទឹក​មិន​អាច​ការពារ​ថ្លើម មិន​អាច​ការពារ​ខួរក្បាល ឬ​សរីរាង្គណាមួយ​បាន​ឡើយ។ ទឹកមិន​អាច​រារាំង​មិន​ឱ្យ​អាល់​កុល​​ចូល​ទៅ​ក្នុង​ក្រពះ​ទេ។ កំរិត​ជាតិ​ពុល​អាស្រ័យ​ទាំង​ស្រុង​ទៅ​បរិមាណ​នៃ​ជាតិ​អាល់កុល​ដែល​អ្នក​បាន​ផឹកចូល​ទៅ​​តែ​ប៉ុណ្ណោះ៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា