banner1
កម្ពុជា​ប្រកាសថា​ គុណភាព​ខ្យល់នៅ​កម្ពុជា​ល្អ ​តែ​មេ​ដឹកនាំ​ថៃ​ថា ​ជា​របៀបវារៈ​សំខាន់​ពេល​ជំនួប

 19-មករា-2024

នៅថ្ងៃ​ទី​១៨ ​ខែ​មករា​នេះ ​ក្រសួង​បរិស្ថាន​បាន​បញ្ជាក់ថា​ គុណភាព​ខ្យល់​នៅ​កម្ពុជា​មានភាព​ល្អ​ប្រសើរ​ ដោយ​កំរិត​ភាគល្អិត​និចល ​PM 2.5 ​នៅទាប​ជាង​កំរិត​ស្តង់ដារ ​ដែល​គ្រោះថ្នាក់​នៅឡើយ​។ ​ការប្រកាស​របស់​ក្រសួង​បរិស្ថាន​កម្ពុជា​នៅពេលនេះ ​បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​កម្ពុជា-​ថៃ ​បាន​ជួប​ជជែក​គ្នា​រយៈពេល​ខ្លី​នៅ​ទីក្រុង​ដាវ៉ូស​ប្រទេស​ស្វីស ​និង​គ្រោង​លើក​របៀបវារៈ​នេះ​ ទៅ​ជជែក​ម្តងទៀត​អំឡុងពេល​ទស្សនកិច្ច​លោក ​ហ៊ុន ម៉ាណែត ​នៅ​ថៃ​នាដើម​ខែ​ក្រោយ​។

ក្រសួង​បរិស្ថាន​កម្ពុជា​បញ្ជាក់ថា ​គិតមកត្រឹម​ថ្ងៃទី​១៦​ ខែមករា ​ឆ្នាំ២០២៤ ​ស្ថានភាព​គុណភាព​ខ្យល់​នៅកម្ពុជាមានភាព​ល្អប្រសើរ ​គឺ​កម្រិតភាគ​ល្អិត​និចល ​PM 2.5 ​ស្ថិតនៅ​ចន្លោះពី ​១៨,០៣ µg/m3 ​ដែល​ទាបជាង​កម្រិត​ស្តង់ដារ​កំណត់​គឺ​ ៥០ ​µg/m3 ​ជា​មធ្យម​ក្នុងរយៈពេល​២៤​ម៉ោង​។

ការប្រកាស​របស់​ក្រសួងបរិស្ថាន​កម្ពុជា ធ្វើឡើង​ស្របគ្នា​នឹង ​លោក ​សេដ្ឋា ថាវីស៊ីន ​នាយក​រដ្ឋមន្ត្រីថៃ ​បានសរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​ទាក់ទងទៅនឹង​ជំនួបជាមួយ​នាយក​រដ្ឋមន្ត្រី​ខ្មែរ ​លោក ​ហ៊ុន ម៉ាណែត​ នៅទីក្រុង​ដាវ៉ូស ​ប្រទេសស្វីស​ ទីដែល​មេដឹកនាំ​ទាំងពីរ​ចូលរួមវេទិកា​សេដ្ឋកិច្ច​ពិភពលោក ​ថ្ងៃទី​១៧ ​ខែមករា​ ម្សិលមិញ​។

លោក ​សេដ្ឋា ថាវីស៊ីន ​បានសរសេរថា​ លោកបាន​ពិភាក្សា​អំឡុងពេល​បរិភោគ​អាហារ​ថ្ងៃត្រង់​ជាមួយ ​លោក ​ហ៊ុន ម៉ាណែត ​ជុំវិញការ​ត្រៀមដំណើរ​ទស្សនកិច្ច​របស់ លោក ​ហ៊ុន ម៉ាណែត ​នៅប្រទេស​ថៃ​នៅថ្ងៃ​ទី​៧ ​ខែកុម្ភៈ​ខាងមុខ​ ក្នុងនោះ​ក៏គ្រោង​និយាយ​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ ​ដើម្បី​កាត់បន្ថយ​កម្រិតភាគល្អិត ​PM 2.5 ​នៃ​ភ្លើងឆេះ​ព្រៃ​។ លោក​នាយករដ្ឋមន្ត្រី​ថៃ ​ក៏បាន​អរគុណ​នាយករដ្ឋមន្ត្រី​កម្ពុជា ​ដែលបាន​ផ្តល់​កិច្ចសហការ​ពេញលេញ​ ដើម្បី​ទប់ស្កាត់​បញ្ហា​បំពុល​ខ្យល់​នេះ។​ នេះបើតាម​សំណេរ​លោក ​សេដ្ឋា ថាវីស៊ីន​។

សូម​បញ្ជាក់ថា​ កាលពីថ្ងៃ​ចន្ទ​ ដើមសប្តាហ៍នេះ ​កាសែត​បាងកកប៉ុស្តិ៍​របស់​ថៃ​បានចុះផ្សាយ​ថា ​ថៃ​កំពុងប្រឈម​នឹង​វិបត្តិ​ខ្យល់ពុល​ជាថ្មី​នៅទីក្រុង​បាងកក​។ អាជ្ញាធរថៃ ​បាន​តម្រូវឲ្យ​ពលរដ្ឋនៅក្រុង​បាងកក​ធ្វើការងារ​ពីផ្ទះរៀង​ៗខ្លួន​ចាប់ពី​ថ្ងៃចន្ទ​ រហូតដល់​ថ្ងៃពុធ ​ដើម្បី​បញ្ចៀស​ការរង​ផលប៉ះពាល់​ពីខ្យល់​ពុល​។

សូមរំលឹកដែរ​ថា​ ករណី​បំពុលខ្យល់​កំរិតខ្ពស់​នៅប្រទេស​ថៃ​នេះ ​កន្លងមក​ថៃ​តែង​ចោទមកលើ​កម្ពុជា​ថា​ មានជាប់ពាក់ព័ន្ធ​នឹង​ភាគល្អិត​ធូលី​នៃ​ការ​ដុតព្រៃ ​ដុត​ចំបើង​នៅតាម​វាលស្រែ​ជាដើម​។

ដោយឡែក​នៅកម្ពុជាវិញ ​ក្រសួង​បរិស្ថាន​ក៏បាន​ជូនដំណឹង​ដល់អាជ្ញាធរ ​និង​ណែនាំ​ប្រជាពលរដ្ឋ​កុំឲ្យ​ដុតរានព្រៃ ​វាលស្មៅ ​សំណល់កសិកម្ម ឬ​ដុតសំរាម​ក្នុងទីវាល​ចំហ ​ទប់ស្កាត់​ធូលី​តាមការដ្ឋាន​សំណង់ ​ព្រមទាំង​មានវិធានការ​ទប់ស្កាត់​ភ្លើង​ឆេះព្រៃ​ផងដែរ​៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា