banner1
លោក ហ៊ុន ម៉ាណែត បង្ហាញការលើកលែងពន្ធចំនួន៩ឆ្នាំ ដើម្បីទាក់ទាញវិនិយោគិនបរទេស

 18-មករា-2024

ដើម្បីទាក់ទាញវិនិយោគិនបរទេស នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបង្ហាញពីការលើកលែងពន្ធចំនួន៩ឆ្នាំ ចំពោះវិនិយោគិនដែលបានបោះទុនវិនិយោគនៅកម្ពុជា។ ការបង្ហាញនេះធ្វើឡើងនៅក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជានៅទីក្រុងប៉ារីសកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ ក្រៅពីនេះ នាយករដ្ឋមន្រ្តីកម្ពុជាក៏បានបង្ហាញពីការកែលម្អ និងធានាពីការប្រកួតប្រជែងដោយស្មើភាព ឬគ្មានការរើសអើងជាដើម។

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការជំរុញ និងបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគ ដើម្បីទាក់ទាញមូលធនក្នុងស្រុក និងក្រៅប្រទេស។ ការបញ្ជាក់ដូចនេះរបស់ លោក ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ក្នុងក្រុងប៉ារីសកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅចំពោះមុខធុរកិច្ចបារាំង។ លោក ហ៊ុន ម៉ាណែត បានបន្ថែមថា តាមរយៈការដាក់ចេញជាបន្តបន្ទាប់នូវច្បាប់គោលនយោបាយ និងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជាបានខិតខំឥតឈប់ឈរក្នុងការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ។

លោក ហ៊ុន ម៉ាណែត បានអះអាងត្រង់ចំណុចនេះថា កម្ពុជាបានដាក់ចេញនូវវិធានការគន្លឹះៗលើគ្រប់វិស័យដើម្បីធានាថា វិនិយោគិនអាចបណ្ដាក់ទុននៅកម្ពុជាប្រកបដោយទំនុកចិត្ត។ ជាមួយគ្នានេះ លោកក៏បានបង្ហាញផងដែរថា កម្ពុជាបានផ្ដល់ការលើកទឹកចិត្តដល់ការវិនិយោគបរទេស ដោយប្រកាន់ភ្ជាប់នូវគោលការណ៍បើកចំហ តម្លាភាព ភាពអាចព្យាករបាន ធានាភាពប្រកួតប្រជែងដោយស្មើភាព គ្មានការរើសអើង និងផ្ដល់ការលើកលែងពន្ធរហូតដល់ចំនួន៩ឆ្នាំ។

ក្រៅពីបង្ហាញបែបនេះ លោក ហ៊ុន ម៉ាណែត ក៏បានបង្ហាញពីទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-បារាំង នៅឆ្នាំ២០២៣ ដែលបានកើនឡើងចំនួន ៥១៥លានដុល្លារ និងទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អឺរ៉ុបដែលមានចំនួន ៤,៦ពាន់លានដុល្លារ នៅឆ្នាំ២០២៣។

ប៉ុន្តែ លោក គឹម សុខ អ្នកវិភាគបញ្ហាសង្គម និងនយោបាយយល់ថា ដើម្បីទាក់ទាញវិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជា គឺកម្ពុជាត្រូវរៀបចំផ្ទះឲ្យបានល្អ ដើម្បីធានាដល់អ្នកវិនិយោគដែលចង់បណ្ដាក់ទុនរកស៊ីនៅខ្មែរ។ រៀបចំផ្ទះឲ្យបានល្អដែលលោកចង់និយាយ គឺត្រូវដោះស្រាយបញ្ហាជម្លោះនយោបាយផ្ទៃក្នុងនៅកម្ពុជា មានការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងគ្មានអំពើពុករលួយជាដើម៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា