នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថៈវីស៊ីន ត្រៀមបើកការជជែកពីបញ្ហាខ្យល់ពុលជាមួយសមភាគី កម្ពុជា លោក ហ៊ុន ម៉ាណែត។ ការដែលថៃត្រៀមលើកបញ្ហានេះទៅជជែកជាមួយកម្ពុជាធ្វើឡើង ក្នុងពេលដែលថៃកំពុងប្រឈមនឹងបញ្ហាខ្យល់ពុលជាថ្មី និងតែងតែលើកឡើងថា ខ្យល់ពុលទាំងនោះមកពីប្រទេសកម្ពុជា។
បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃចន្ទ ទី១៥ មករា ថៃកំពុងប្រឈមនឹងវិបត្តិខ្យល់ពុលជាថ្មីនៅទីក្រុងបាងកក។ អាជ្ញាធរថៃ បានតម្រូវឲ្យពលរដ្ឋនៅក្រុងបាងកកធ្វើការងារពីផ្ទះរៀងៗខ្លួនរហូតដល់ថ្ងៃពុធនេះ ដើម្បីបញ្ចៀសការរងផលប៉ះពាល់ពីខ្យល់ពុល។
ប្រឈមនឹងស្ថានភាពនេះ ភាគីថៃបានអះអាងថា ខ្លួននឹងលើកយកបញ្ហាខ្យល់ពុលនេះទៅជជែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅអំឡុងពេល លោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចក្នុងប្រទេស ថៃនៅថ្ងៃទី៧ កុម្ភៈ ខាងមុខ។
គួរកត់សម្គាល់ថា បញ្ហាខ្យល់ពុលនៅប្រទេសថៃតែងតែកើតមានជាញឹកញយ ហើយក្រុមអ្នកជំនាញថៃធ្លាប់បានអះអាងថា វត្តមានខ្យល់ពុលនៅថៃមកពីកម្ពុជាដោយការដុតចំបើងតាមវាលស្រែរបស់កសិករខ្មែរ។
ពីកម្ពុជា ក្រសួងបរិស្ថាននៅមិនទាន់បញ្ជាក់បានទេថា តើជំនួបរវាងមេដឹកនាំកម្ពុជា និងថៃនឹងមានការជជែកបែបណាអំពីបញ្ហាខ្យល់ពុលនេះ។ ចំណែក លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានមិនបានឆ្លើយតបនឹងសាររបស់វិទ្យុបារាំងអន្តរជាតិទេ។
គួរជម្រាបថា តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ខ្យល់ពុលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៧លាននាក់ក្នុងមួយឆ្នាំ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com