banner1
បច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត ជាសំណុំរឿងធំ​​ក្នុង​​​​វេទិកាសេដ្ឋកិច្ចពិភពលោកក្រុងដាវូស

 17-មករា-2024

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ដែលគេ​​រៀបចំ​ធ្វើជា​រៀងរាល់​ឆ្នាំ នៅទីក្រុងដាវូសប្រទេស​ស្វ៊ីស បានចាប់​ផ្តើមបើក​ទ្វារនៅ​ថ្ងៃ​អង្គារ ទី​១៦ មករា។ បញ្ហាជុំវិញ​ការគ្រប់គ្រង បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ត្រូវ​បានគេលើក​យក​មកជជែក​យ៉ាងសកម្មបំផុត។​ យ៉ាងណាមិញនៅ​ក្នុង​សុន្ទរកថា របស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន នៅពេល​បើកវេទិកា​​នេះ លោក​បាន​អំពាវនាវ ឲ្យ​មានការកំណត់​បន្ទាត់ក្រហម ទៅលើការអភិវឌ្ឍន៍​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត។

ថ្លែងនៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ក្រុងដាវូស លោក​ លី ឈាំង នាយករដ្ឋមន្ត្រី​ចិន បាននិយាយផ្តោតតែទៅលើ​បញ្ហាសេដ្ឋកិច្ច ដោយ​មិនបានលើកឡើងអំពីបញ្ហា​តៃវ៉ាន់ឡើយ​។​ លោក​នាយករដ្ឋមន្ត្រីចិនបាន​​​បរិហារអំពី​វិធានការ​​បែប​​រើសអើង​នៅក្នុងវិស័យពាណិជ្ជកម្ម​ និង​ការ​​វិនិយោគទុន​​ ដែលចិនចាត់ទុកថា ជាឧបសគ្គ​រារាំងរំខាន ដល់​ការរីកចម្រើន នៃសន្ទុះសេដ្ឋកិច្ចរបស់​ពិភពលោក​។

ទោះលោក លី ឈាំង​ ​មិនបញ្ចេញ​ឈ្មោះចោទទៅលើ​ប្រទេសណាមួយឲ្យចំ តែគ្រប់គ្នាបានយល់ច្បាស់ថា លោក ​​នាយករដ្ឋមន្ត្រីចិន ចង់សំដៅ​ទៅ​លើសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ វិវាទពាណិជ្ជកម្ម​រវាង​ចិន និងអាមេរិក មាន​ច្រើនសំណុំរឿងណាស់។ ហើយថ្មីៗនេះ សហរដ្ឋអាមេរិកបានសម្រេចរារាំង​​​ការនាំចេញទៅចិន នូវ​ផលិត​ផល​បន្ទះឈីពស៍ (Chips) ដែលចាំបាច់បំផុតក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​។​ ចំណែកសហភាពអឺរ៉ុបវិញ គេបាន​បើក​ការស៊ើបអង្កេតដោយសង្ស័យថា វិស័យផលិតរថយន្តអគ្គីសនីរបស់ចិន បានទទួលជំនួយថវិកាពីរដ្ឋចិន​ ​។

បន្ថែមពីបញ្ហា​សង្គ្រាមពាណិជ្ជកម្ម​នេះ លោក លី ឈាំង បាន​ថ្លែងអំពាវនាវថា ពិភពលោកត្រូវតែមានវិធានច្បាប់គ្រប់គ្រងឲ្យ​បានត្រឹមត្រូវ ទៅលើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលកំពុងរីកចម្រើនខ្លាំង។ លោក​នាយករដ្ឋមន្ត្រីចិនអះអាងថា ចិន​ចង់ចូលរួម​ពង្រឹងការ​ផ្សព្វផ្សាយ ព្រមទាំងការសហការ ជាមួយគ្រប់ភាគី ដើម្បី​កែលម្អយន្តការ នៃការគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

ទាក់ទិននឹងបញ្ហា បញ្ញាសិប្បនិម្មិតនេះដែរ លោកស្រី Ursula Von der Leyen ប្រធានគណកម្មការអឺរ៉ុបបាន​ប្រកាសថា សហភាពអឺរ៉ុបនឹងត្រូវប្រឹងប្រែង​ឲ្យ​បានទ្វេដង ដើម្បី​កុំឲ្យ​គេឯងវ៉ាដាច់ទៅមុខចោល។ អឺរ៉ុបត្រូវតែធានាការពារ​សមត្ថភាព​ប្រកួតប្រជែង​របស់ខ្លួន​​ នៅក្នុងវិស័យបញ្ញាសិប្បនិម្មិត ធ្វើយ៉ាងណាឲ្យ​បច្ចេកវិទ្យានេះ ឆ្លើយតបទៅនឹង​​ផល​ប្រយោជន៍រួម​របស់​សង្គម​។​

ដោយឡែក លោក Satya Nadella អគ្គនាយក​ក្រុមហ៊ុន Microsoft ដែលមានវត្តមាននៅ​ដាវូសដែរ បាន​អួត​បង្ហាញ​ពី​គម្រោង​សហប្រតិបត្តិការរបស់ខ្លួន មានតម្លៃទឹកប្រាក់ ​១៣ពាន់​លានដុល្លារ ជាមួយនឹង​ក្រុម​ហ៊ុន OpenAI ដែលជាក្រុមហ៊ុន​កំពុងស្ទុះឡើងខ្លាំង ជាមួយ​នឹង​កម្មវិធី ChatGPT។

សូមបញ្ជាក់ដែរថា វេទិកាសេដ្ឋកិច្ច​ពិភពលោក​ក្រុងដាវូសឆ្នាំនេះ លោកវ្លូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន មានវត្តមានចូលរួមដោយ​ផ្ទាល់​ ។ លោកហ្សេឡេនស្គី បានថ្លែងរន្ធាន់ហៅឲ្យ​គ្រប់គ្នា​ត្រូវជួយបន្ត​​អ៊ុយក្រែន​ ដើម្បី​មានលទ្ធភាព​​​ប្រយុទ្ធយកឈ្នះរុស្ស៊ី​ ជាពិសេសនៅក្នុងវិស័យ​ផ្លូវអាកាស។ លោកហ្សេឡេនស្គី បានចាត់ទុក​លោកពូទីន ថាប្រៀបបីដូចជា “សត្វសាហាវ” ដែល​មិនចេះ​ឆ្អែតឆ្អន់​។​ នៅដាវូស ភាគី​អាមេរិកនិងសហភាពអឺរ៉ុប បានធានានិងសន្យា​ទៅកាន់​លោក​ហ្សេឡេស្គីថា ពួកគេនឹងមិនបោះបង់ចោលអ៊ុយក្រែនឡើយ​៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា