អ.ស.ប.អំពាវនាវរកជំនួយមនុស្សធម៌ ៤២០០លានដុល្លារ សម្រាប់អ៊ុយក្រែន
16-មករា-2024
អង្គការសហប្រជាជាតិបានប្រកាសនៅថ្ងៃ ចន្ ទទី១៥ មករា នេះ ត្រូវការប្រមូលថវិកាចំនួន ៤២០០លានដុល្លារ នៅឆ្នាំ២០២៤ សម្រាប់ជាជំនួយមនុស្សធម៌ដើឮអ៊ុយក្រែន និងជនភៀសខ្លួនរាប់លាន ដែលបានបង្ខំចិត្តរត់ចេញពីផ្ទះសម្បែង ដើម្បីគេចពីសង្គ្រាម។ អង្គការសហប្រជាជាតិ បានអំពាវនាវបន្ថែមទៀត ឱ្យសហគមន៍អន្តរជាតិកុំបោះបង់អ៊ុយក្រែន បើទោះបីជាមានសង្គ្រាមធ្ងន់ធ្ងរផ្សេងទៀតដូចយ៉ាងនៅហ្កាហ្សា និងស៊ូដង់ក៏ដោយ។
កាលពីឆ្នាំទៅ គ្រប់គ្នានិយាយតែពីអ៊ុយក្រែន ប៉ុន្តែតាំងពីប៉ុន្មានសប្តាហ៍មកនេះ មានដំណឹងពីអ៊ុយក្រែនតិចតួចណាស់។ សូមកុំបំភ្លេចអ៊ុយក្រែន។ នេះជាប្រសាសន៍របស់លោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ ម៉ារតាំង ហ្គ្រីហ្វីត ទៅកាន់អ្នកសារព័ត៌មានក្នុងឱកាសអំពាវនាវស្វែងរកជំនួយមនុស្សធម៌ឱ្យអ៊ុយក្រែន។
បើតាមអង្គការសហប្រជាជាតិ នៅឆ្នាំ២០២៤នេះ មានពលរដ្ឋអ៊ុយក្រែន ១៤លាន៦សែននាក់ ត្រូវជា៤០%នៃប្រជាជនសរុប រំពឹងលើជំនួយមនុស្សធម៌ ហើយក្នុងនោះ៨លាននាក់កន្លះ ត្រូវការជំនួយជាបន្ទាន់។
លោក Martin Griffiths បានលម្អិតទៀតថា កុមាររាប់ពាន់នាក់កំពុងរស់ក្នុងតំបន់ជាសមរភូមិជួរមុខ រស់ក្នុងភាពភ័យខ្លាច បាក់ស្បាត និងគ្មានអ្វីជាសេចក្តីត្រូវការបឋមសម្រាប់រស់ទេ។ សាលារៀន ផ្ទះសម្បែង មន្ទីរពេទ្យ បណ្តាញទឹកស្អាត ឧស្ម័ន អគ្គីសនី ក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារជាញឹកញយ។ សង្គមគ្រប់ស្រទាប់រងការបំផ្លាញ ដោយបន្សល់ទុកនូវផលវិបាកដ៏អាក្រក់ខ្លាំងណាស់។ រលកនៃការវាយប្រហាររុស្ស៊ីលើអ៊ុយក្រែនក្នុងអំឡុងរដូវរងាបានបញ្ជាក់អំពីភាពហិនហោចនៃសង្គ្រាម។ ដូច្នេះយើងត្រូវប្រឹងឱ្យអស់ពីលទ្ធភាពក្នុងការពាំនាំជំនួយមនុស្សធម៌ដល់អ៊ុយក្រែន។ នេះជាពាក្យទទូចរបស់ លោក ម៉ារតាំង ហ្គ្រីហ្វីត ដដែល។
ប៉ុន្តែនៅឆ្នាំ២០២៤នេះ អង្គការសហប្រជាជាតិសុខចិត្តបង្រួមកម្មវត្ថុប្រមូលថវិកា ផ្តុំអាទិភាពទៅលើជំនួយបន្ទាន់តែប៉ុណ្ណោះ ដោយអំពាវនាវរកថវិកាត្រឹមតែ ៣១០០លានដុល្លារ ទល់នឹង ៣៩០០លាន កាលពីឆ្នាំ២០២៣ ព្រោះកាលពីឆ្នាំទៅអ.ស.ប.បានទទួលជំនួយតែ៦៤%នៃសេចក្តីត្រូវការប៉ុណ្ណោះ។ សង្ឃឹមថារដ្ឋាភិបាលនីមួយៗមិនភ្លេចអ៊ុយក្រែន និងបន្តមានសទ្ធាផ្តល់វិភាគទានកាន់តែច្រើន។
បន្ថែមពីលើជំនួយមនុស្សធម៌សម្រាប់អ៊ុយក្រែន៣១០០លាន អង្គការសហប្រជាជាតិក៏អំពាវានាវសុំថវិកា១១០០លានទៀត សម្រាប់ជនភៀសខ្លួនអ៊ុយក្រែន ចំនួន២លានបីសែន ក្នុងចំណោមជនភៀសខ្លួនអ៊ុយក្រែនជាង៦លានបីសែននាក់។ នាយកភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(HCR) លោក ហ្វីលីប៉ូ ហ្ក្រង់ឌី បានរំលឹកថា មានប្រជាពលរដ្ឋអ៊ុយក្រែនភៀសខ្លួននៅក្រៅប្រទេសជាច្រើនលាននាក់ណាស់ត្រូវការជំនួយបន្ទាន់។ ថ្វីបើសហគមន៍អឺរ៉ុបបានទទួលជនភៀសខ្លួនអ៊ុយក្រែនដ៏ល្អមែន តែកុមារអ៊ុយក្រែនភៀសខ្លួនពាក់កណ្តាលមិនបានចូលរៀន មនុស្សធំប្រមាណតែ៤០ ទៅ ៦០% មានការងារធ្វើ និងការងារមិនចំសមត្ថភាព៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ