កម្ពុជាបញ្ជាក់ជំហរគាំទ្រគោលនយោបាយចិនតែមួយ ខណៈតៃវ៉ាន់ប្តូរប្រធានាធិបតីថ្មី
16-មករា-2024
ថ្ងៃទី១៤មករា ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជំហរគាំទ្រគោលនយោបាយចិនតែមួយ បន្ទាប់ពីតៃវ៉ាន់ទើបមានប្រធានាធិបតីថ្មីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ទី១៣ មករា។ សម្រាប់ក្រសួងការបរទេសកម្ពុជា ចិនប៉េកាំងជាអាជ្ញាធរស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល។
ក្រសួងការបរទេសកម្ពុជាតាមរយ:អ្នកនាំពាក្យបានបញ្ជាក់សារជាថ្មីពីជំហរម៉ឺងម៉ាត់របស់ខ្លួន ក្នុងការគាំទ្រគោលនយោបាយចិនតែមួយ។ អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា កម្ពុជានៅតែចាត់ទុកចិនប៉េកាំងជាអាជ្ញាធរស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល។
ការបញ្ជាក់ជំហរជាថ្មីរបស់ក្រសួងការបរទេសកម្ពុជាពេលនេះធ្វើឡើង បន្ទាប់ពីតៃវ៉ាន់ទើបមានប្រធានាធិបតីថ្មីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ទី១៣ មករា។ តាមលទ្ធផលបោះឆ្នោត លោក Lai Ching-Te ឬ លោក William Lai ចេញពីគណបក្សប្រជាធិបតេយ្យចម្រើននិយមបានក្លាយជាប្រធានាធិបតីថ្មី បន្តតំណែងពីលោកស្រី សៃ អ៊ីងវេន។ នេះគឺជាលើកទី៣ដែលគណបក្សប្រជាធិបតេយ្យចម្រើននិយមទទួលជ័យជម្នះបន្តបន្ទាប់គ្នា។ លទ្ធផលបោះឆ្នោតនេះបានធ្វើឱ្យចិនប៉េកាំងក្រេវក្រោធ ព្រោះគណបក្សប្រជាធិបតេយ្យចម្រើននិយមមានទំនោរចង់ឃើញតៃវ៉ាន់មានឯករាជ្យពេញលេញ។
គួរបញ្ជាក់ថា ក្រសួងការបរទេសតៃវ៉ាន់ធ្លាប់ចេញមុខថ្កោលទោសកម្ពុជាដែលបន្តគាំទ្រគោលនយោបាយចិនតែមួយ។ ជាការថ្កោលទោសបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើង ក្នុងជំនួបទ្វេភាគីជាមួយប្រមុខការទូតចិនប៉េកាំងកាលពីថ្ងៃទី៣កញ្ញាថា រាល់កិច្ចការរបស់តៃវ៉ាន់ ស៊ីនជាំង និងហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន។ នេះបើតាមការចុះផ្សាយរបស់កាសែតតៃវ៉ាន់ Taiwan News កាលពីថ្ងៃទី៧កញ្ញាឆ្នាំ២០២៣។
តៃវ៉ាន់សង្ឃឹមថា កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នឹងបោះបង់ចោលជំហរគាំទ្រគោលនយោបាយចិនតែមួយដែលតៃវ៉ាន់ចាត់ទុកជាគោលនយោបាយមនោគមវិជ្ជាហួសសម័យ និងរំលោភអធិបតេយ្យភាពរបស់តៃវ៉ាន់។
គួរជម្រាបថា កម្ពុជាមានជំហរគាំទ្រគោលនយោបាយចិនតែមួយនេះចាប់តាំងពីរដ្ឋាភិបាលចាស់ដឹកនាំដោយលោក ហ៊ុន សែន។ ចិនប៉េកាំងត្រូវបានគេមើលឃើញជាខ្នងបង្អែករឹងមាំរបស់កម្ពុជា និងបានឈានទៅមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែកថែប និងត្បូងពេជ្រ។ មួយវិញទៀត កម្ពុជាក៏ធ្លាប់បានប្រកាសពីនយោបាយអព្យាក្រឹត្យរបស់ខ្លួននៅចំពោះមុខមហាអំណាចដោយយកច្បាប់អន្តរជាតិជាគោល។ តែអ្នកវិភាគ និងតាមដានសង្គមមួយចំនួនតែងរិះគន់ថា កម្ពុជាលម្អៀងជ្រុលទៅរកចិនកម្មុយនីស្ត៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ