របាយការណ៍៖ អាស៊ានជាអ្នកទទួលបានផលចំណេញជាងគេ ជាមួយរបត់ថ្មីនៃពាណិជ្ជកម្មអន្តរជាតិ
9-មករា-2024
វិស័យពាណិជ្ជកម្មអន្តរជាតិ នឹងមានការប្រែប្រួលខ្លាំង ដោយសារតែចិននឹងលែងជារោងចក្រដ៏ធំជាងគេនៃពិភពលោកតទៅទៀតហើយ។ ផ្អែកតាមរបាយការណ៍ថ្មីមួយ ធ្វើឡើងដោយក្រុមហ៊ុនផ្តល់ប្រឹក្សា Boston Consulting Group គឺក្នុងរវាង១០ឆ្នាំទៅមុខ បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ នឹងក្លាយជាអ្នកទទួលបានផលចំណេញ ច្រើនជាងគេ ជាមួយនឹងការផ្លាស់ប្តូរថ្មី នៃវិស័យពាណិជ្ជកម្មអន្តរជាតិ។
ក្នុងរវាង១០ឆ្នាំទៅមុខ កំណើនពាណិជ្ជកម្មនៅតំបន់អាស៊ីអាគ្នេយ៍ នឹងមានតម្លៃប្រមាណ ១២០០ពាន់លានដុល្លារ។ តំបន់អាស៊ីអាគ្នេយ៍ នឹងក្លាយជាតំបន់ទាក់ទាញបំផុតសម្រាប់សហគ្រាសរោងចក្រនានា ដែលបច្ចុប្បន្នកំពុងតែនាំគ្នាដកខ្លួនចេញពីចិន។ នេះបើផ្អែកតាមការសិក្សាវិភាគ ធ្វើឡើងដោយ Boston Consulting Group ចេញផ្សាយកាលពីថ្ងៃចន្ទ ទី៨ មករា ២០២៤។
គួរបញ្ជាក់ថា អស់រយៈពេល៣ឆ្នាំមកហើយ ដែលវិស័យពាណិជ្ជកម្មអន្តរជាតិ បានជួបបញ្ហាជាបន្តបន្ទាប់។ បន្ទាប់ពីវិបត្តិកូវីដ១៩ សង្គ្រាមអ៊ុយក្រែន ព្រមទាំងសង្គ្រាមនៅហ្កាហ្សា បានមកបន្ថែមធ្វើឲ្យទៅផ្សារ និងការផ្គត់ផ្គង់ ត្រូវរអាក់រអួល។ ជាងនេះទៀត ការប្រឈមមុខដាក់គ្នា ក្នុងសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំង២ គឺចិន និងសហរដ្ឋអាមេរិក បានធ្វើឲ្យទីផ្សារមានការព្រួយបារម្ភជាខ្លាំង។
យោងតាមរបាយការណ៍របស់ Boston Consulting Group ប្រទេសនៅអាស៊ីអាគ្នេយ៍ នឹងក្លាយជាជំរើសថ្មី ជំនួសឲ្យចិន ដោយសារតែបណ្តាប្រទេសទាំងនេះ មានសក្តានុពលខ្ពស់។ កត្តាទាំងនោះមានដូចជា ប្រជាជនវ័យក្មេងពេញកម្លាំងធ្វើការច្រើន ធ្វើឲ្យសេដ្ឋកិច្ចមានភាពស្វាហាប់ សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍មានលក្ខណៈសំបូរបែប មិនផ្តោតលើវិស័យណាមួយតែមួយមុខ ហើយជាពិសេសនោះ គឺភាពអព្យាក្រិត្យមិនប្រកាន់បក្សពួក នៅក្នុងជម្លោះភូមិសាស្ត្រនយោបាយ។
បើពិនិត្យឲ្យស៊ីជម្រៅ ក្នុងរវាង១០ឆ្នាំទៅមុខ ការដោះដូរពាណិជ្ជកម្មរវាងចិន និងពិភពលោកទាំងមូល នឹងប្រាកដជារងនូវបញ្ហារអាក់រអួល ជួបឧបសគ្គច្រើន ដោយសារតែរនាំងពាណិជ្ជកម្ម។ អ្នកជំនាញរបស់ Boston Consulting Group បានសន្និដ្ឋានថា ការដោះដូរពាណិជ្ជកម្មរវាងចិន និងអាមេរិក នឹងធ្លាក់ចុះប្រមាណ១៩៧ពាន់លានដុល្លារ បើប្រៀបធៀបទៅតួលេខឆ្នាំ២០២២។ ដោយឡែក ការដោះដូរពាណិជ្ជកម្មរវាងចិន និងអឺរ៉ុបវិញ គឺមិនចុះថយទេ ក៏ប៉ុន្តែល្បឿននៃការកើនឡើង គឺវាមានតិចតួចបំផុត។
ជាមួយគ្នានេះ ទំហំដោះដូរពាណិជ្ជកម្មរវាងអឺរ៉ុប និងអាមេរិក ដែលនឹងកាន់តែសំបូរបែប ច្រើនវិស័យ នឹងកាន់តែរីកធំ ខ្ទង់ប្រមាន៣៨%។ ការដោះដូរពាណិជ្ជកម្មរវាងអឺរ៉ុប និងឥណ្ឌាវិញ នឹងកើនឡើងទំហំ ប្រមាណ៦៦% នៅរវាងឆ្នាំ២០៣២។ ដោយឡែក ទំនាក់ទំនងពាណិជ្ជកម្មរវាងរុស្ស៊ី និងអឺរ៉ុបវិញ គឺនឹងចុះថយចំនួន ២២២ពាន់លានដុល្លារ ដោយសារតែសង្គ្រាមឈ្លានពានអ៊ុយក្រែន។ ផ្ទុយទៅវិញ ក្នុងរវាង១០ឆ្នាំទៅមុខ ពាណិជ្ជកម្មរវាងរុស្ស៊ី ជាមួយចិន និងជាមួយឥណ្ឌា នឹងកើនឡើងបន្តិចបន្តួច៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ