banner1
ឯកសារសំខាន់៣ ត្រូវបានអនុម័តរវាងកម្ពុជា និងប្រទេសជាប់ទន្លេមេគង្គ

 27-ធ្នូ-2023

កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ គឺមានឯកសារសំខាន់ចំនួន៣ ត្រូវបានអនុម័ត។ ឯកសារទី១ គឺសេចក្តីថ្លែងការណ៍ទីក្រុង ណៃពិដោ នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ។ ឯកសារទី២ គឺផែនការសកម្មភាពប្រាំឆ្នាំ ស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង(២០២៣-២០២៧) និងឯកសារទី៣ ស្តីពីគំនិតផ្ដួចផ្ដើមរួមស្ដីពី ការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឯកសារទាំងនេះមានសារៈសំខាន់ចូលរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀត នៅក្នុងតំបន់មេគង្គ-ឡានឆាង។ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ត្រូវបានរៀបចំឡើងក្រោមមូលបទ«ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងមានទំនើបកម្មក្នុងបណ្តាប្រទេសមេគង្គ-ទ្បានឆាង»។ ជាកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីដេអូ ដែលដឹក នាំដោយសហប្រធាន លោក មីន អោងឡាំង មេដឹកនាំភូមា និងលោក លី ឈាង នាយករដ្ឋមន្រ្តីចិន។ ព្រមទាំងមានការចូលរួមពីនាយករដ្ឋមន្រ្តីនៃប្រទេសជាប់ទន្លេមេគង្គមាន កម្ពុជា ឡាវ វៀតណាម និងថៃ។

បើតាមក្រសួងការបរទេសកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្តចំពោះលទ្ធផលជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសលទ្ធផលពីការអនុវត្តគម្រោងចំនួន ៨៩ នៅកម្ពុជា ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង តាំងពីឆ្នាំ ២០១៧។

ប្រមុខរដ្ឋាភិបាល​កម្ពុជា ក៏បានគាំទ្រចំពោះគម្រោង «ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ច» ដែលផ្តោតលើប្រជាជន និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងអនុតំបន់ និងការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល។ គឺជាកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម ជំរុញសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចឆ្លងដែន និងភាពប្រកួតប្រជែងរយៈពេលវែង។

សូមបញ្ជាក់ថា គំនិតស្តីពី ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអនុតំបន់មេគង្គ-ឡានឆាងត្រូវ បានផ្ដួចផ្ដើមឡើង ដោយ ប្រទេសថៃ កាលពីឆ្នាំ២០១២។ បន្ទាប់មក កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងក៏ត្រូវបានបង្កើតឡើងដោយអតីតនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង នៅក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី១៧ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងប្រទេសភូមា។

គួរឲ្យដឹងដែរថា ទន្លេមេគង្គ ឬចិនហៅថា ទន្លេឡានឆាង មានប្រវែងសរុប ៤ ៨៨០គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ រួមមាន៖ ចិន ភូមា ថៃ ឡាវ  កម្ពុជា និងវៀតណាម។ ទន្លេនេះផ្ទុកទឹកប្រហែល ៧៩៥ ០០០ គីឡូម៉ែត្រការ៉េ ដោយផ្គត់ផ្គង់ប្រជាជនបានប្រមាណ ៣២៦លាននាក់ នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា