របាយការណ៍៖ អង្គភាពសេដ្ឋកិច្ចនៅកម្ពុជាកើនឡើង ៤៩% ក្នុងរយៈពេលជាង១០ឆ្នាំ
27-ធ្នូ-2023
នៅកម្ពុជាមានអង្គភាពសេដ្ឋកិច្ច ៧៥៣.៦៧០សហគ្រាស គិតត្រឹមថ្ងៃទី១ មីនា ២០២២ ដែលជាកាលបរិច្ឆេទនៃការធ្វើជំរឿនសេដ្ឋកិច្ច។ តួលេខនេះបង្ហាញថា ចំនួនអង្គភាពសេដ្ឋកិច្ចនៅកម្ពុជាមានការកើនឡើង៤៩% ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ គិតពីឆ្នាំ២០១១ ដល់ឆ្នាំ២០២២ ពោលក្នុងមួយឆ្នាំមានកំណើន៣,៧%។ នេះបើតាមរបាយការណ៍វិភាគសង្ខេបលទ្ធផលចុងក្រោយនៃការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលប្រកាសឲ្យប្រើប្រាស់ដោយប្រមុខរដ្ឋាភិបាលនៅថ្ងៃទី២៦ ធ្នូ ២០២៣។
តាមរបាយការណ៍នេះក៏បង្ហាញថា នៅក្នុងអំឡុងពេលដូចគ្នា ចំនួនអ្នកចូលរួមការងារនៅក្នុងអង្គភាពសេដ្ឋកិច្ចបានកើនឡើង ៧០,៩% ពោលកើនចំនួន ៥% ក្នុងមួយ ឆ្នាំ។ អត្រាកំណើននេះ មានកម្រិតខ្ពស់ជាង អត្រាកំណើនប្រជាជន ដែល មាន ១,៤%។
ផ្អែកតាមការធ្វើជំរឿនដដែលនេះ ចំនួនអ្នកចូលរួមធ្វើការងារនៅកម្ពុជាគឺមាន ២.៩៨០.៥៦៩នាក់ ក្នុងនោះបុរសមាន ៣៨,២% និងស្ត្រី ៦១,៨%។ ម្ចាស់សហគ្រាស ឬថៅកែ ប្រមាណ៩៩,១% គឺជាជនជាតិខ្មែរ ខណៈថៅកែសហគ្រាសជាជនជាតិចិនមាន០,៣% តាមពីក្រោយដោយថៅកែជាជនជនវៀតណាម០,២% និងកូរ៉េខាងត្បូង០,១%។ ចំណែកអង្គភាពសេដ្ឋកិច្ច ដែលមានម្ចាស់ភាគហ៊ុនបរទេស និងកម្ពុជា គឺមានតិចជាង១%។ លំនាំនេះ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងស្ថានភាពសេដ្ឋកិច្ចឆ្នាំ២០១១ ដែលម្ចាស់សហគ្រាសប្រមាណ៩៨,៩% គឺជាជនជាតិខ្មែរ។
ចំពោះចំណូលប្រចាំឆ្នាំរបស់អង្គភាពសេដ្ឋកិច្ចទាំងនេះ គឺអាស្រ័យទៅលើទំហំអ្នកធ្វើការ។ សហគ្រាសដែលមានអ្នកធ្វើការចាប់ពី១០០០នាក់ឡើង គឺអាចរកចំណូលបានជិត២៥លានដុល្លារ ក្នុងមួយឆ្នាំ។ ចំណែកអង្គភាពសេដ្ឋកិច្ចដែលមានអ្នកធ្វើការពី៥០០នាក់ ដល់ជិត១០០០នាក់ អាចរកចំណូលបានជិត១២លានដុល្លារ ក្នុងមួយឆ្នាំ។ រីឯអង្គភាពសេដ្ឋកិច្ចដែលមានអ្នកធ្វើការពី១០០នាក់ ទៅដល់ជិត៥០០នាក់ អាចរកចំណូលបានជាង៦លានដុល្លារក្នុងមួយឆ្នាំ ខណៈអង្គភាពសេដ្ឋកិច្ចដែលមានអ្នកធ្វើការពី៥០នាក់ ទៅជិត១០០នាក់ អាចរកចំណូលបាន២,៦លានដុល្លារក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា បើធៀបនឹងការធ្វើជំរឿន២០១១ ចំនួនអង្គភាពសេដ្ឋកិច្ចកើន ២១៣.២៣៤ សហគ្រាសស្មើ៤៦%។ ចំណែកអង្គភាពសេដ្ឋកិច្ចតាមចិញ្ចើមផ្លូវកើនឡើងចំនួន ៣៥.៣០២ សហគ្រាសស្មើនឹង៨៤% នៃអង្គភាពសេដ្ឋកិច្ចសរុបមានន័យថា អង្គភាពសេដ្ឋកិច្ចតាមចិញ្ចើមផ្លូវមានការកើនឡើងខ្ពស់។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានចាត់ទុករបាយការណ៍ជំរឿនសេដ្ឋកិច្ចនេះថា ជាទិន្នន័យដែលអាចជឿទុកចិត្តបាន និងថាមានសារៈសំខាន់ជួយដល់អ្នកធ្វើគោលនយោបាយ។ លោកអះអាងថា លទ្ធផលជំរឿនសេដ្ឋកិច្ចដែលធ្វើឡើងដោយសមត្ថភាពរបស់មន្ត្រីកម្ពុជាខ្លួនឯងនេះបានបង្ហាញថា រដ្ឋាភិបាលកម្ពុជាធ្វើអ្វីគឺឈរលើភាពច្បាស់លាស់ មិនមែនធ្វើឡើងដោយការស្រមើស្រមៃនោះឡើយ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ