Unicef ប្រកាសស្វែងរកជំនួយ ប្រមាណ ៩,៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៤
15-ធ្នូ-2023
នៅថ្ងៃអង្គារ ទី១២ ធ្នូ អង្គការ Unicef បានប្រកាសស្វែងរកថវិកាចំនួនប្រមាណ ៩៣០០លានដុល្លារ សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីជួយដល់កុមារជាង ៩០លាននាក់ ដែលរងគ្រោះដោយសារជម្លោះប្រដាប់អាវុធ និងគ្រោះមហន្តរាយអាកាសធាតុ។
លោកស្រី Catherine Russell នាយិកាប្រតិបត្តិ នៃអង្គការ Unicef បានបញ្ជាក់ នៅក្នុងសេចក្តីប្រកាសព័ត៌មានថា កុមាររាប់លាននាក់ នៅតែបន្តរងគ្រោះដោយសារវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ ពួកគេត្រូវការជំនួយកាន់តែច្រើនឡើង។ ប៉ុន្តែផ្ទុយមកវិញ រាល់ជំនួយមនុស្សធម៌ទាំងអស់ នៅទូទាំងសកលលោក គឺមិនទាន់គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការដ៏ច្រើននេះបានឡើយ។ លោកស្រីបានបន្តទៀតថា កុមារទាំងនោះមិនគួរបាត់បង់ជីវិត និងអនាគតរបស់ពួកគេទេ ហើយពួកគេគួរតែទទួលបាននូវសេវាមូលដ្ឋានជាចាំបាចរួមមាន សេវាថែទាំសុខភាព ទឹកស្អាត អនាម័យ និងការអប់រំ។
ដើម្បីឆ្លើយតបនឹងទំហំតម្រូវការដ៍សន្ធឹកសន្ធាប់នៃកុមាររងគ្រោះ ដោយសារវិបត្តិមនុស្សធម៌ ខាងលើនេះ អង្គការ Unicef ស្នើសុំទឹកប្រាក់ប្រមាណ ៩៣០០លានដុល្លារ នៅឆ្នាំក្រោយ ដើម្បីជួយដល់កុមារចំនួន ៩៣,៧ លាននាក់ នៅក្នុង១៥៥ប្រទេស។
អង្គការ Unicef ក៏បានកំណត់គោលដៅអាទិភាព និងថវិកាប្រមាណ ១៥០០លានដុល្លារ ជួយដល់ប្រទេសអាហ្វហ្គានីស្ថាន ជនភៀសខ្លួនមកពី ស៊ីរី ស៊ូដង់ សារធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអុយក្រែន។ ជាមួយគ្នានេះ អង្គការ Unicef ក៏គ្រោងចំណាយថវិកាសម្រាប់ចាក់ថ្នាំបង្ការជំងឺកញ្រ្ជឹល ដល់កុមារចំនួន ១៧លាន៣សែននាក់ ជួយដល់កុមារដែលខ្វះអាហារូបត្ថម្ភចំនួន ៧លាន៦សែននាក់ ជួយដល់កុមារឲ្យបានចូលរៀន ចំនួន ១៩លាន៣សែននាក់ ផ្តល់ទឹកស្អាតដល់កុមារចំនួន ៥២លាន៤សែននាក់ ព្រមទាំងជួយផ្តល់សេវាគាំព៌ាសុខភាពផ្លូវចិត្ត ដល់កុមារ និងក្មេងជំទង់ចំនួន ២៦លាន៧សែននាក់។
ដោយឡែកនៅថ្ងៃអង្គារ ទី១២ ធ្នូ មូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន ហៅកាត់ថា UNFPA ក៏បានប្រកាសស្វែងរកថវិកាចំនួនប្រមាណ ១២០០លានដុល្លារ ដើម្បីជួយគាំព៌ាដល់សេវាសុខភាពផ្លូវភេទ និងបន្តពួជ របស់ស្រ្តី និងក្មេងស្រីចំនួន ៤៨លាននាក់ នៅក្នុង ៥៨ប្រទេស។ លោកស្រី Natalia Kanem នាយិកាប្រតិបត្តិនៃអង្គការ UNFPA បានលើកឡើងថា «ប្រសិនបើយើង មិនបានគិតគូរជាបន្ទាន់អំពី បញ្ហាសុខភាពផ្លូវភេទ និងការបន្តពូជរបស់ស្រ្តីនោះទេ នោះអំពើហឹង្សាផ្លូវភេទ ការបង្ខំឲ្យកុមាររៀបការទាំងវ័យក្មេង មរណភាពនៅពេលពរពោះ និងពេលសម្រាលកូននឹងកើតមានកាន់តែច្រើន»។
បញ្ហាខាងលើនេះ ត្រូវបានអង្គការ UNFPA ដាក់ចុះជាគោលដៅអាទិភាព ដើម្បីជួយដល់ប្រទេសមួយចំនួនមានដូចជា អាហ្វហ្គានីស្ថាន ស៊ូដង់ យេម៉ែន ស៊ីរី អ៊ុយក្រែន សូម៉ាលី និងអេត្យូពី៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ