វៀតណាមស្នើឲ្យកម្ពុជា យកចិត្តទុកដាក់បន្ថែមដល់ពលរដ្ឋខ្លួននៅកម្ពុជា
15-ធ្នូ-2023
ជាថ្មីម្ដងទៀត វៀតណាមបានស្នើឲ្យកម្ពុជា ផ្ដល់លក្ខណៈងាយស្រួលបន្ថែមលើការងារផ្ដល់ឯកសារស្របច្បាប់ដល់ពលរដ្ឋខ្លួន ដែលរស់នៅក្នុងទឹកដីកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម(VNA) ដោយបន្ថែមថា ទន្ទឹមនឹងនេះ វៀតណាមក៏បានស្នើឱ្យកម្ពុជា បន្តបង្កើតបរិយាកាសអំណោយផលឲ្យពលរដ្ឋខ្លួន ក្នុងការធ្វើសមាហរណកម្មចូលទៅក្នុងប្រទេសកម្ពុជា។ ការស្នើនេះ ធ្វើឡើងដោយប្រធានរដ្ឋវៀតណាម ក្នុងជំនួបមួយជាមួយនាយករដ្ឋមន្រ្តីកម្ពុជា អំឡុងដំណើរទស្សនកិច្ចក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែធ្នូ។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម (Vietnam News Agency) វៀតណាម តាមរយៈប្រធានរដ្ឋលោក វ៉ វ៉ាន់ធឿន បានស្នើឱ្យកម្ពុជាផ្ដល់លក្ខណៈងាយស្រួលបន្ថែមលើការងារផ្ដល់ឯកសារស្របច្បាប់ដល់ពលរដ្ឋខ្លួនដែលរស់នៅក្នុងទឹកដីកម្ពុជា។ ប្រធានរដ្ឋវៀតណាមរូបនេះ ក៏បានថ្លែងអំណរគុណដល់កម្ពុជា និងស្នើឲ្យកម្ពុជាបន្តបង្កើតបរិយាកាសអំណោយផលដល់ពលរដ្ឋវៀតណាមក្នុងទឹកដីកម្ពុជា ក្នុងការរស់នៅប្រកបមុខរបរការងារ និងធ្វើសមាហរណកម្មចូលក្នុងប្រទេសផងដែរ។ ការស្នើយ៉ាងដូច្នេះរបស់ លោក វ៉ វ៉ាន់ធឿន ធ្វើឡើងក្នុងជំនួបដាច់ដោយឡែកមួយជាមួយ លោក ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា អំឡុងដំណើរទស្សនកិច្ចក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែធ្នូ កន្លងមកនេះ។
ជាការកត់សម្គាល់ សំណើឲ្យកម្ពុជាយកចិត្តទុកដាក់លើការធ្វើសមាហរណកម្មពលរដ្ឋរបស់ខ្លួនក្នុងប្រទេសកម្ពុជានេះ តែងតែត្រូវបានវៀតណាមលើកឡើង ក្នុងជំនួបរវាងថ្នាក់ដឹកនាំកំពូលៗនៃប្រទេសទាំងពីរ។ ជាក់ស្ដែងសំណើនេះ ក៏ធ្លាប់ត្រូវបានប្រធានរដ្ឋសភាវៀតណាម គូសបញ្ជាក់នៅក្នុងជំនួបមួយ ជាមួយប្រធានរដ្ឋសភាកម្ពុជា កាលពីដើមខែធ្នូ នេះម្ដងរួចមកហើយដែរ។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាមដដែលនេះ កាលណោះ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាថ្មីរបស់កម្ពុជា បានឆ្លើយតបនឹងសំណើរបស់ លោក វឿញ ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាមថា កម្ពុជាតែងតែផ្តល់ការគាំទ្រដល់ជនបរទេសទាំងអស់រួមទាំងពលរដ្ឋវៀតណាម ដែលរស់នៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ លោកស្រីថា កម្ពុជានឹងជួយពលរដ្ឋខ្មែរដើមកំណើតវៀតណាមដែលនៅខ្វះឯកសារផ្លូវច្បាប់ក្នុងប្រទេសកម្ពុជា តាមរយៈច្បាប់ពាក់ព័ន្ធនឹងកិច្ចការរដ្ឋប្បវេណីជាបន្ត។
គួរបញ្ជាក់ថា ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីកម្ពុជាក្នុងប្រទេសវៀតណាមត្រូវបាន លោក អ៊ុ សំអាន អតីតតំណាងរាស្រ្តនៃអតីតបក្សសង្គ្រោះជាតិរិះគន់ថា ធ្វើឡើងក្នុងគោលបំណងទៅទទួលសំណើពីវៀតណាម ដែលជាចៅហ្វាយនាយ ដូចជា សំណើផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍បន្ថែមដល់វៀតណាមក្នុងកម្ពុជានេះជាដើម។ ការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់វៀតណាមក្នុងប្រទេសកម្ពុជា ដែលមហាជនមួយចំនួនបង្ហាញក្ដីបារម្ភថា នឹងប៉ះពាល់ដល់ទីផ្សារការងាររបស់កម្ពុជា និងបង្កហានិភ័យដល់ជោគវាសនាប្រទេសជាដើម។
យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការបរទេសនាយប់ថ្ងៃទី១២ ខែធ្នូ បានអះអាងថា លោក ហ៊ុន ម៉ាណែត មិនដែលស្ថិតក្រោមសម្ពាធរបស់ប្រទេសណាមួយឡើយ នៅរាល់ដំណើរទស្សនកិច្ចនៅបរទេស មិនថាប្រទេសណាមួយទេ។
ក្នុងសំណុំរឿងនេះ សូមរម្លឹកដែរថា កាលពីចុងខែវិច្ឆិកា កន្លងទៅនេះ មានការចែករំលែកតៗគ្នាថា កម្ពុជាបានផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពលរដ្ឋវៀតណាមចំនួន១០ម៉ឺននាក់។ ក៏ប៉ុន្តែ តួរលេខនេះ ក៏ត្រូវបានច្រានចោលវិញ ដោយក្រសួងមហាផ្ទៃ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ