banner1
កម្ពុជា​-វៀតណាម​ ចុះ ​MOU​ ៣​ចំណុច​ទាក់ទង​នឹង​បច្ចេកវិទ្យា ​ការទូត ​និង​ពាណិជ្ជកម្ម

 13-ធ្នូ-2023

កម្ពុជា ​និង​វៀតណាម បាន​ចុះហត្ថលេខា​លើ កិច្ច​សហប្រតិបត្តិការ​រវាងគ្នា​ចំនួន​៣​ចំណុច ​ក្រោម​វត្តមានរបស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ និង​លោក​ ផាម មិញជិញ​ (Pham Minh Chinh) ​នាយករដ្ឋមន្ត្រី​វៀតណាម។​ ការចុះ​កិច្ចព្រមព្រៀង​រវាងប្រទេស​ទាំងពីរ​ទាក់ទងទៅនឹង​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​វិទ្យាសាស្ត្រ ​វិទ្យាស្ថាន​ការទូត ​និង​កិច្ចការ​ពាណិជ្ជកម្ម ​បានធ្វើឡើង​អំឡុងពេល​ដែល​លោក​ ហ៊ុន ម៉ាណែត​ បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ ​គឺ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២​ ខែធ្នូ​នៅប្រទេស​វៀតណាម​។

បន្ទាប់ពី​ជំនួបទ្វេភាគី ​នាយករដ្ឋមន្ត្រីនៃ​ប្រទេសទាំងពីរ​គឺ ​លោក ហ៊ុន ម៉ាណែត និង​លោក ផាម មិញជិញ​(Pham Minh Chinh) បានធ្វើជា​អធិបតីនៃ​ពិធីចុះហត្ថលេខា​លើឯកសារ​ចំនួន៣ គឺ​ទី១ អនុស្សរណៈនៃ​ការយោគយល់គ្នា​ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើវិស័យវិទ្យាសាស្រ្ត ​បច្ចេកវិទ្យា និង​នវានុវត្តន៍​រវាងក្រសួងឧស្សាហកម្ម ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍កម្ពុជា ​និងក្រសួងវិទ្យាសាស្រ្ត ​និងបច្ចេកវិទ្យា​វៀតណាម​។

ទី២ ​គឺអនុស្សរណៈនៃការ​យោគយល់គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​រវាងវិទ្យាស្ថានជាតិ​ការទូត ​និង​ទំនាក់ទំនងអន្តរជាតិ ​និងបណ្ឌិតសភា​ការទូតវៀតណាម ​និង​ទី៣​ គឺអនុស្សរណៈនៃការ​យោគយល់គ្នា​រវាងសភា ពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​វៀតណាម។​ នេះបើតាមការបង្ហោះ​លើហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត។​

ក្រៅពីនេះ ​កាសែតវៀតណាម​ផ្លឺស(Vietnam +)​ ជាភាសាបរទេស​ បានចុះផ្សាយ​ពីទំហំ​ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម ​ដែល​បានឈានដល់ ​១១ពាន់លានដុល្លារ​ នៅ​ឆ្នាំ២០២២​ កើនប្រមាណ​១១% ធៀបនឹងឆ្នាំ​កន្លងទៅ​។ ដោយឡែក ​ចាប់ពីខែមករា ​ដល់ខែតុលា ឆ្នាំ​២០២៣នេះ ​ទំហំពាណិជ្ជកម្ម​កម្ពុជា-វៀតណាម ​មានប្រមាណ​ជាង៧ពាន់លានដុល្លារ​ គឺធ្លាក់ចុះ ​២២% ​ធៀបនឹងរយៈពេល​ដូចគ្នាក្នុង​ឆ្នាំ​២០២២​។

បច្ចុប្បន្ន​វៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា​ក្នុង​តំបន់​អាស៊ាន និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​បី​ ​បន្ទាប់​ពី​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​។ មកទល់ពេលនេះ​ វៀតណាមបាន​បណ្តាក់ទុន​ប្រមាណ ២,៩៤​ពាន់លានដុល្លារ ​តាមរយៈគម្រោង​វិនិយោគចំនួន​ ២០៥​ នៅកម្ពុជា ​ដែលជាប់​លេខ៥ ​នៃការ​វិនិយោគ​ពីបរទេស​របស់កម្ពុជា​។

ដោយឡែក ​លើវិស័យ​ទេសចរណ៍​វិញ ភ្ញៀវទេសចរ​វៀតណាមចូលមក​កម្ពុជាមានការកើនឡើង​ដល់ទៅ ​៨៨ម៉ឺននាក់ ​ហើយទេសចរ​ពីកម្ពុជាទៅវៀតណាម​កើនឡើង​ជាង ​៣០០ ០០០នាក់ ​ចាប់ពីខែ​មករា ដល់ខែ​តុលា។ នេះបើតាម​កាសែតវៀតណាម​។

ក្រៅពីនេះប្រមុខរដ្ឋាភិបាល​កម្ពុជាបានជួប​ពិភាក្សាជាមួយ​អគ្គលេខាធិការបក្ស​កុម្មុនីស្ត​វៀតណាម ​លោក ង្វៀន ហ៊្វូចុង ​ប្រធានរដ្ឋ​វៀតណាម ​លោក វ៉ វ៉ាន់ធឿង ​ប្រធានរដ្ឋសភា​វៀតណាម ​ជួបប្រធាន​សមាគមមិត្តភាព​កម្ពុជា-វៀតណាម ​និង​មានកម្មវិធី​ថ្លែង​សុន្ទរកថា​នៅ​សកលវិទ្យាល័យ​ពាណិជ្ជកម្ម​ហាណូយ​ផងដែរ​៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា