banner1
សហភាពអឺរ៉ុបយល់ស្របគ្នា ​កំណត់ក្របខណ្ឌគតិយុត្តិ​រួមមួយ ដើម្បី​គ្រប់គ្រង​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

 11-ធ្នូ-2023

ជាលើកទីដំបូងគេក្នុងពិភពលោក ប្រទេសសមាជិកសហភាពអឺរ៉ុប បានយល់ស្របគ្នាអនុម័តនូវ​ក្របខណ្ឌគតិយុត្តិរួមមួយ ដើម្បី​ឈានទៅ​គ្រប់គ្រង​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ ដែល​កាន់តែរីកចម្រើនខ្លាំង នឹងដែលអាចបង្កគ្រោះហានិភ័យ ​មកដល់​សង្គមជាតិ​។ ដោយ​គ្មា​ន​កម្មវត្ថុរារាំងដល់​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា ក្របខណ្ឌច្បាប់អឺរ៉ុបនេះ គឺត្រូវបាន​តាក់តែងឡើង ដើម្បី​បង្ការទប់ស្កាត់គ្រោះថ្នាក់មួយចំនួន បង្កឡើងដោយ​បញ្ញាសិប្បនិម្មិតតែប៉ុណ្ណោះ។ 

 

ឆ្លងកាត់​ការប្រជុំជជែក​គ្នារយៈពេល៣ថ្ងៃ រវាង​ក្រុមអ្នកជំនាញ​តំណាង​ប្រទេសសមាជិកអឺរ៉ុប រួមជាមួយ​សមាជិក​សភាអឺរ៉ុប ទីបំផុតនៅថ្ងៃសុក្រទី​៨ ធ្នូ គេបាន​ព្រមព្រៀងគ្នាថា នឹងរៀបចំ​ក្របខណ្ឌច្បាប់​ឲ្យ​បាន​ច្បាស់លាស់បំផុត ដើម្បី​គ្រប់គ្រ​ងការប្រើ​ប្រាស់​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​។ គោលការណ៍នៃក្របខណ្ឌច្បាប់នេះ គឺសាមញ្ញបំផុត ពោលគឺគេត្រូវតែរៀបចំច្បាប់ ដាក់​លក្ខខណ្ឌ​​គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនីមួយៗ​ ដោយ​អាស្រ័យថា តើបច្ចេកវិទ្យានោះអាចបង្កហានិភ័យ​តិច ឬ ច្រើនកម្រិតណាមកលើសន្តិសុខ និង​សិទ្ធិ​ពលរដ្ឋ​ក្នុង​សង្គមជាតិ​ទាំងមូល​។

បើ​បច្ចេកវិទ្យា​ថ្មីមួយ ត្រូវគេ​ជឿថា អាច​បង្កបញ្ហាប៉ះពាល់ខ្លាំងមកដល់សង្គមជាតិ មានន័យថា បច្ចេកវិទ្យានេះនឹងត្រូវឆ្លងកាត់ការពិនិត្យ​តាមដាន​យ៉ាងម៉ដ្ឋចត់ មុននឹងត្រូវបាន​គេអនុញ្ញាតឲ្យ​ដាក់លក់លើទីផ្សារ​ ឬប្រើប្រាស់ជាទូទៅ។ ហើយ​ក្នុងករណី​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិតថ្មីណាមួយ ដែល​ពាក់ព័ន្ធដល់​វិស័យសំខាន់ៗ ជាក់ស្តែងវិស័យសុខភិបាល វិស័យអប់រំ និង​ការរក្សាសន្តិសុខជាដើម នោះគេនឹងកំណត់​កាតព្វកិច្ច​ជាច្រើន ដាក់ទៅលើបច្ចេកវិទ្យានោះ​ ជាក់ស្តែងដូចជា ការដាក់​កំហិត​ឲ្យ​មានវត្តមានមនុស្សជាអ្នកគ្រប់គ្រង​ម៉ាស៊ីនជាដើម​។ល។​

ដោយឡែក នៅក្នុងករណី​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត ដែល​ផលិត​ចេញជាទិន្នន័យ និងខ្លឹមសារ​នានា ឧទាហរណ៍ដូចជា ChatGPT អ្នកផលិត​វា ត្រូវ​តែ​ធានាថាខ្លឹមសារទាំងអស់ ដែល​បច្ចេកវិទ្យានេះ​ផលិតចេញមក មិនថាជាសំឡេង ជារូបភាព ឬជាអត្ថបទ គឺត្រូវតែ​មា​នអ្វីមកបញ្ជាក់បង្ហាញអត្តសញ្ញាណវាឲ្យច្បាស់ថា វាជា​ “សិប្បនិ​ម្មិត”​។ ធ្វើបែបនេះគឺ ដើម្បី​បញ្ជៀសបញ្ហា​ការ​យល់ច្រឡំនៅក្នុងមតិសាធារណៈ និង​បញ្ហា​បំពុលព័ត៌មាន​​​នៅក្នុងសង្គម​ជាដើម​។​

គួរបញ្ជាក់ដែរថា ក្របខណ្ឌគតិយត្តិដំបូងក្នុងពិភពលោក ដែលគ្រប់គ្រងបញ្ញាសិប្បនិម្មិតនេះ​ គឺអឺរ៉ុប​រៀបចំឡើងដោយ​គ្មានកម្មវត្ថុ​រិតត្បិត ឬរារាំងដល់​ការស្រាវជ្រាវថ្មីៗ ក្នុងវិស័យនេះទេ លើកលែងតែករណី​ពិសេសមួយចំនួន​។ មន្ត្រី​អឺរ៉ុបអះអាងថា ចំពោះបច្ចេកវិទ្យា​ចាប់សំគាល់មុខមនុស្សនៅតាមទីសាធារណៈ នឹងត្រូវហាមឃាត់ ព្រោះវាប៉ះពាល់ទៅលើ​បញ្ហា​ស៊ើបឈ្លបយកការណ៍​ ដោយ​ឥតរើសមុខនៅក្នុងសង្គម។ បច្ចេកវិទ្យាប្រភេទនេះ គេអាចប្រើវាបានតែក្នុង​ករណីមួយចំនួន ដូចជាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និង​ការស្រាវជ្រាវរកជនរងគ្រោះដោយ​ការ​ចាប់ពង្រត់ ចាប់ជំរិតជាដើម​។

ក្រុមហ៊ុន​ទាំងអស់ ដែលជាម្ចាស់​កម្មសិទ្ធិ​ ឬក៏ជាអ្នកលក់ចែកចាយ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ មានកាតព្វកិច្ចគោរព​ក្របខណ្ឌគតិយុត្តិនេះ។ ពុំនោះទេ​ គឺអាចនឹងរកការពិន័យជាប្រាក់ អាចដល់ទៅ​ ៧%នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន​។ ហើយ​នៅ​ពេល​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ណាមួយ ត្រូវបាន​​គេដាក់​ឲ្យ​ប្រើប្រាស់ហើយ គឺបច្ចេកវិទ្យានោះ នឹងត្រូវ​ទទួល​បានការ​ពិនិត្យតាមដានជាប្រចាំ ពីសំណាក់អាជ្ញាធរប្រទេសសមាជិកនីមួយ ក្រោម​ការគ្រប់គ្រងពីលើ​ដោយ​​ ការិយាល័យអឺរ៉ុបគ្រប់គ្រងបញ្ញាសិប្បនិម្មិត​។ នៅក្នុងពេលអនាគតដ៏ខ្លី ក្រុមមន្ត្រីជំនាញ នៃ​ប្រទេសសមាជិកអឺរ៉ុបទាំង​២៧​ នឹងប្រជុំ​រៀបចំ​ផ្នែកបច្ចេកទេស ដើម្បី​កំណត់ជាស្ថាពរអំពីខ្លឹមសារនៃក្របខណ្ឌច្បាប់​ថ្មីនេះ​៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា