រដ្ឋាភិបាលចាត់ទុកយន្តការអ្នករាយការណ៍ពិសេស UN ជាដៃគូសន្ទនាស្តីពី សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ
11-ធ្នូ-2023
ក្នុងថ្ងៃទី៧ ធ្នូ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត និងលោក វិទិត មុនតាប៊ន(Vitit Muntarborn) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានលើកយកបញ្ហាមួយចំនួនមកជជែកគ្នា ដែលក្នុងនោះបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យត្រូវបានរំលេចឡើងជាចំបង។ ជំនួបរវាងលោកនាយករដ្ឋមន្ត្រី និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN)លើកនេះ ធ្វើឡើងនាឱកាសទស្សនកិច្ចរយៈពេល ៥ថ្ងៃរបស់លោក វិទិតនៅកម្ពុជា។
នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន(Vitit Muntarborn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានលើកឡើងនូវបញ្ហាសំខាន់ៗមួយចំនួន ដែលក្នុងនោះ បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជារបៀបវារៈនយោបាយដ៏សំខាន់។
ដោយមិនបានបង្ហាញពីសំណួរ និងសំណើផ្តើមចេញពីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ សេចក្តីប្រកាសរបស់រដ្ឋាភិបាលបានឲ្យដឹងថា រដ្ឋាភិបាលតែងបានចាត់ទុកយន្តការអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជាដៃគូនៅក្នុងកិច្ចសន្ទនាអំពីបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ជាមួយនឹងការថ្លែងអំណរគុណចំពោះការទទួលស្គាល់របស់លោក វិទិត មុនតាប៊ន នូវសមិទ្ធិផលការងារសំខាន់ៗ ដែលកម្ពុជាសម្រេចបាននៅក្នុងវិស័យសិទ្ធិមនុស្ស លោក ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់អ្នករាយការណ៍ពិសេសឲ្យធ្វើយ៉ាងណាចូលរួមចំណែកជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងបណ្តាអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិសេរីភាពប្រកបដោយការទទួលខុសត្រូវ និងនៅក្នុងក្របខ័ណ្ឌដែនកំណត់របស់ច្បាប់ជាធរមាន។ នេះបើតាមការចេញផ្សាយរបស់ក្រុមការងារនាយករដ្ឋមន្ត្រី។
សូមរំលឹកថា ទស្សនកិច្ចលើកទី២ រយៈពេល៥ថ្ងៃ នៅកម្ពុជាពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ធ្នូ នេះ លោក វិទិត មុនតាប៊ន បានជួបជាមួយអង្គការសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន ក្រុមយុវជន ជនជាតិដើមភាគតិច និងសមាជិកនៃក្រុមអ្នកនយោបាយនានា ដើម្បីពិភាក្សាពីស្ថានភាពថ្មីៗនៃបញ្ហាសិទ្ធិមនុស្សនៅក្នុងអាណត្តិរដ្ឋាភិបាលថ្មី និងគោលដៅទៅអនាគត។
ក៏ប៉ុន្តែអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាសញ្ជាតិថៃរូបនេះ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI កាលពីថ្ងៃទី៧ ធ្នូ ថា ទស្សនកិច្ចរបស់លោកនៅកម្ពុជាលើកនេះ គឺគ្រាន់តែជាការជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីចងក្រងជារបាយការណ៍ដោយមិនមានធ្វើជាសន្និសីទកាសែតនៅទីបញ្ចប់ ឬចេញសេចក្តីថ្លែងការណ៍អ្វីទេ។ លោកថា ៣ខែទៀត លោកនឹងត្រលប់មកកម្ពុជាជាថ្មី៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ