អ្នកជំនាញវិទ្យាសាស្ត្រថា សីតុណ្ហភាពផែនដីនឹងឡើងផុតកម្រិតកំណត់ ១,៥°C នៅរវាង៧ឆ្នាំទៀត
6-ធ្នូ-2023
សីតុណ្ហភាពផែនដីយើង នឹងកើនឡើងលើសកម្រិត១,៥°C ដោយមិនអាចចៀសផុតទេ។ នេះបើផ្អែក តាមការសន្និដ្ឋាន របស់ក្រុមជំនាញវិទ្យាសាស្ត្រ Global Carbon Project។ ក្រុមអ្នកជំនាញបាន អះអាងដោយក្តីបារម្ភថា ក្នុងរវាងត្រឹមតែ៧ឆ្នាំតែប៉ុណ្ណោះ កម្រឹតសីតុណ្ហភាពនឹងកើនឡើងលើសអ្វីដែលគេបានកំណត់ទុក ពោលគឺ១,៥°c ហើយការកើនឡើងនេះ នឹងបន្តជាប់ៗគ្នាច្រើនឆ្នាំទៅមុខទៀត។ផ្សែងពុលហោះចេញពី Belchatow Power Station រោងចក្រថាមពលអគ្គីសនីដើរដោយចំហេះធ្យូងថ្ម ធំជាងគេបង្អស់នៅអឺរ៉ុប។ តំបន់ Kleszczow ប្រទេសប៉ូឡូញប៉ូឡូញ ថ្ងៃទី ២២ វិច្ឆិកា ២០២៣ REUTERS – KACPER PEMPEL
សូមបញ្ជាក់ថា របាយការណ៍វិទ្យាសាស្ត្រនេះ ត្រូវបានបង្ហាញក្នុងឱកាសសន្និសីទអង្គការសហប្រជាជាតិ ស្តីពីអាកាសធាតុ COP28 នៅទីក្រុងឌូបៃ។ យោងតាមរបាយការណ៍នេះ អ្នកវិទ្យាសាស្ត្របានព្យាករណ៍ថា បរិមាណឧស្ម័នកាបូនិក ដែលកើតចេញពីចំហេះធ្យូងថ្ម ពីឧស្ម័ន និងពីប្រេងឥន្ធនៈ ដែលមនុស្សយើងប្រើប្រាស់ ដើម្បីកំដៅខ្លួន ដើម្បីបំភ្លឺ និងដើម្បីធ្វើដំណើរជាដើម គឺនឹងបន្តកើនឡើងខ្លាំងនៅឆ្នាំ២០២៣នេះ។
គួររំលឹកថា នៅឆ្នាំ២០១៥ ក្នុងឱកាសCOP21 ថ្នាក់ដឹកនាំបណ្តាប្រទេសទាំងអស់ បានព្រមព្រៀងគ្នាកំណត់កម្មវត្ថុ ធ្វើយ៉ាងណាមិនឲ្យសីតុណ្ហភាពផែនដីយើង ឡើងលើសពី១,៥°c ដើម្បីបញ្ចៀសបញ្ហារលកកំដៅម្តងហើយម្តងទៀត ព្រមទាំងការប្រែប្រួលដ៏ធ្ងន់ នៃអាកាសធាតុ ដែលអាចបង្កហានិភ័យដល់មនុស្សជាតិទាំងមូល។
លោក Pierre Friedlinstein អ្នកជំនាញអាកាសធាតុជនជាតិអង់គ្លេស ដែលដឹកនាំការធ្វើរបាយការណ៍ខាងលើ បានលើកឡើងថា សន្និសីទCOP28នាពេលនេះ គឺជាឱកាសដ៏អាសន្នបំផុត ដែលថ្នាក់ដឹកនាំទាំងអស់ទូទាំងពិភពលោក ត្រូវតែស្រុះស្រួលគ្នា ឈានទៅកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ឲ្យបានឆាប់បំផុត ដើម្បីអាចរក្សាកម្មវត្ថុទប់សីតុណ្ហភាពផែនដី មិនឲ្យលើសពី២°c។ លោកបន្តថា វិធានការដើម្បីកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម គឺមានលក្ខណៈយឺតយ៉ាវខ្លាំងណាស់ នាពេលកន្លងមក។ អ្នកជំនាញរូបនេះបានរន្ធាន់ថា ពេលវេលាកាន់តែខើចណាស់ហើយ គ្រប់គ្នាត្រូវតែបង្កើនល្បឿននិងការប្រឹងប្រែង ក្នុងការបន្ថយការបញ្ចេញឧស្ម័នកាបូនិក។
របាយការណ៍លំអិត ដែលចូលរួមតាក់តែងដោយអ្នកវិទ្យាសាស្ត្រប្រមាណ១៥០នាក់នេះ បានបង្ហាញតួលេខថា ក្នុងឆ្នាំ២០២៣ កម្រិតឧស្ម័នកាបូនិក ដែលចេញពីសកម្មភាពមនុស្ស បានបន្ថែមទៅក្នុងបរិយាកាស ចំនួន៤០,៩ពាន់លានតោន ពោលគឺលើសកម្រិតកាលពីឆ្នាំ១៩៦០ ដល់ទៅ៤ដងឯណោះ។ ការកាប់បំផ្លាញព្រៃឈើ នៅប្រេស៊ីល នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងនៅឥណ្ឌូណេស៊ីជាដើម បានចូលរួមមួយចំណែកដល់ការកើនឡើងនៃឧស្ម័នកាបូនិកក៏ពិតមែន តែគឺវាតិចខ្លាំងណាស់ បើប្រៀបធៀបទៅនឹងឧស្ម័នកាបូនិក ដែលបញ្ចេញចោលដោយចំហេះថាមពលហ្វូស៊ីល និងស៊ីម៉ង់ត៍ ដែលមានទំហំដល់ទៅ ៣៦,៨ពាន់លានតោន ពោលគឺកើនលើសឆ្នាំ២០២២ ចំនួន១,១%។
របាយការណ៍បានទទួលស្គាល់ថា ប្រទេសចំនួន២៦ បានប្រឹងប្រែងកាត់បន្ថយឧស្ម័នកាបូនិក ជាក់ស្តែង សហភាពអឺរ៉ុប បានបន្ថយបាន៧,៤% សហរដ្ឋអាមេរិក បន្ថយបាន៣%។ តែយ៉ាងណា គឺវានៅតែមិនទាន់គ្រប់គ្រាន់។ សកម្មភាពស្ទុះឡើងវិញ នៃជើងហោះហើរអាកាសចរណ៍ បានធ្វើឲ្យការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យនេះ កើនឡើងចំនួន២៨,២%ក្នុងឆ្នាំ២០២៣។
ថាមពលដែលបញ្ចេញឧស្ម័នកាបូនិកច្រើនបំផុត គឺធ្យូងថ្ម ហើយបើតាមការព្យាករណ៍ ការប្រើប្រាស់វានឹងកើនឡើងបន្ថែមទៀត ជាក់ស្តែង នៅចិន និងនៅឥណ្ឌា។ ឥណ្ឌាជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុត តែប្រជាជនឥណ្ឌាម្នាក់ មានចំណែកបញ្ចេញឧស្ម័នកាបូនិក តិចជាងប្រជាជនអាមេរិកចំនួន៧ដង។ លោក Phillipe Ciais អ្នក ជំនាញរូបវិទ្យាបារាំង បានលើកឡើងថា បើគ្រប់គ្នាធ្វើដូចប្រជាជនអាមេរិក គឺគ្រោះអាសន្ននឹងពិតជាមានប្រាកដ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ