អាជ្ញាធរអគ្គិសនី បញ្ចុះតម្លៃ១៥% រយៈពេល៣ខែ ក្នុងវិស័យទេសចរណ៍តែភ្ជាប់លក្ខខណ្ឌ
6-ធ្នូ-2023
អាជ្ញាធរអគ្គិសនីកម្ពុជាកាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសបញ្ចុះតម្លៃប្រើប្រាស់អគ្គិសនី ១៥% ក្នុងវិស័យទេសចរណ៍រយៈពេល៣ខែ គឺចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤។ ក៏ប៉ុន្តែការចុះតម្លៃ១៥%នេះ អាជ្ញាធរអគ្គិសនីក៏មានលក្ខខណ្ឌដែរ គឺចំពោះបរិមាណថាមពលដែលប្រើលើសពីការប្រើមធ្យមក្នុងរយៈពេល ៦ខែកន្លងមករបស់អ្នកប្រើប្រាស់អគ្គិសនីប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍។
អាជ្ញាធរអគ្គិសនីកម្ពុជាបញ្ជាក់ថា ការបញ្ចុះតម្លៃប្រើប្រាស់អគ្គិសនី ១៥% សម្រាប់វិស័យទេសចរណ៍រយៈពេល៣ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ គឺដើម្បីជួយដល់អ្នកធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍នៅក្នុងរដូវចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤។
អាជ្ញាធរអគ្គិសនីកម្ពុជាក៏បានលម្អិតចំណុចមួយចំនួន ទាក់ទងទៅនឹងអ្នកប្រើប្រាស់អគ្គិសនីប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍ លក្ខខណ្ឌបញ្ចុះតម្លៃ និងរយៈពេលនៃការបញ្ចុះតម្លៃ ដែលអាចមានការបញ្ចុះតម្លៃបន្ថែមទៀត អាស្រ័យលើស្ថានភាពហិរញ្ញវត្ថុរបស់អគ្គិសនីកម្ពុជា។
ជុំវិញបញ្ហានេះ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា បានសម្តែងនូវការស្វាគមន៍ចំពោះយន្តការរបស់រដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ជួយដល់វិស័យទេសចរណ៍ ដែលកំពុងធ្លាក់ដុនដាប។ ក៏ប៉ុន្តែលោក រិទ្ធី សំណូមពរឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាបញ្ចុះតម្លៃ១៥% ពីក្នុងតម្លៃនៃការប្រើប្រាស់សរុបទាំងអស់ ជាជាងបញ្ចុះតម្លៃ ១៥% ពីលើថាមពលអគ្គិសនី ដែលប្រើប្រាស់លើសមធ្យមភាគរយៈពេល៦ខែកន្លងមក។ លោកថា បើគិតដូចការលើកឡើងរបស់អាជ្ញាធរអគ្គិសនីកម្ពុជាមែន ការបញ្ចុះតម្លៃនេះតិចតួចណាស់។
សូមបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជាបានរងនូវភាពដុនដាបស្ទើរដល់កំរិតសូន្យ អំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩។ ក្រោយជំងឺកូវីដថមថយទៅ ហើយរដ្ឋាភិបាលបានប្រកាសបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១ អាជីវកម្មទេសចរណ៍កម្ពុជាក៏បានរើបឡើងវិញ ក៏ប៉ុន្តែស្ថិតក្នុងស្ថានភាពយ៉ាប់យឺននៅឡើយ ដោយសារតែវិបត្តិថ្មីៗបានកើតឡើងបន្តគ្នាដូចជាវិបត្តិសេដ្ឋកិច្ចសកល សង្គ្រាមនៅតាមតំបន់មួយចំនួននៃពិភពលោក។ល។
ទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជាក៏បានស្វះស្វែងដែរ ក្នុងការជួយឲ្យទេសចរណ៍ខ្មែរងើបឡើងវិញ ដូចជាការត្រៀមយុទ្ធសាស្ត្រទាក់ទាញទេសចរបរទេសមួយចំនួន តាមរយៈការស្តារហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតឲ្យមានអាកាសយានដ្ឋានខ្នាតអន្តរជាតិ ដាក់យុទ្ធសាស្ត្រស្រូបទាញភ្ញៀវទេសចរចិនតាមរយៈវេទិកា ខ្សែក្រវ៉ាត់ និងផ្លូវ ការបញ្ចុះពន្ធ និងភាពអនុគ្រោះផ្សេងៗទៅដល់អាជីវកម្មវិស័យទេសចរណ៍ជាដើម។
យោងតាមតួលេខរបស់ក្រសួងទេសចរណ៍រយៈពេល៩ខែ ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេសជិត ៤លាននាក់ បានធ្វើដំណើរចូលមកកម្ពុជា ពោលគឺមានការកើនឡើងជាង ២០០% ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមានជាង ១,២លាននាក់៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ