ទីភ្នាក់ងារ Moody’s ទាញទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចចិន ពី “មានលំនឹង” ធ្លាក់មក “អវិជ្ជមាន”
6-ធ្នូ-2023
បញ្ហាបំណុលនៅក្នុងប្រទេសចិន កំពុងតែបង្កឲ្យមានការព្រួយបារម្ភជាខ្លាំង អំពីវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសមហាយក្សនេះ។ នៅថ្ងៃអង្គារទី៥ ធ្នូ ទីភ្នាក់ងារ Moody’s ដែលជាអ្នកវាយតម្លៃចំណាត់ថ្នាក់សេដ្ឋកិច្ច ជាទីទុកចិត្ត បានទម្លាក់ការរំពឹងទុក នៃការផ្តល់ពិន្ទុលើសេដ្ឋកិច្ចចិន ពី “ស្ថិរភាព” ធ្លាក់មកនៅ “ភាពអវិជ្ជមាន” វិញ។
ទីភ្នាក់ងារ Moody’s បានបញ្ជាក់ឲ្យដឹងថា ការសម្រេចចិត្តទាញទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចចិន ពី “ស្ថិរភាពមានលំនឹង” ធ្លាក់មក “អវិជ្ជមាន” នេះ គឺដោយសារតែមានកត្តាមួយចំនួន ដែលធ្វើឲ្យគេបារម្ភ។ រដ្ឋាភិបាលចិន និងវិស័យសាធារណៈចិន បានបន្តចាក់បញ្ចូលសាក់ប្រាក់យ៉ាងច្រើន ទៅកាន់រដ្ឋបាលតំបន់ និងក្រុមហ៊ុនរដ្ឋ ដែលកំពុងតែជួបការលំបាកហិរញ្ញវត្ថុខ្លាំង ដែលប្រការនេះហើយ ដែលធ្វើឲ្យគេបារម្ភអំពីបញ្ហាកើនបំណុល។ ទីភ្នាក់ងារ Moody’s លើកឡើងថា ជំនួយហិរញ្ញវត្ថុដ៏សន្ធឹករបស់រដ្ឋចិន ចាក់បញ្ចូលទៅលើវិស័យសេដ្ឋកិច្ចបែបនេះ វាស្តែងឲ្យឃើញថា កំណើនសេដ្ឋកិច្ចចិនទន់ខ្សោយ ព្រមទាំងបញ្ហាវិបត្តិក្នុងវិស័យអចលនទ្រព្យផង។
ក្រោយការសម្រេចទាញទម្លាក់ការព្យាករណ៍ ពីសំណាក់ទីភ្នាក់ងារ Moody’s នេះ ក្រសួងហិរញ្ញវត្ថុចិន បានបង្ហាញការខកចិត្តជាខ្លាំង ដោយបានធានាអះអាងថា រដ្ឋាភិបាលចិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតប ដោះស្រាយ លើការលំបាកដែលចិនប្រឈម។ ក្រសួងចិននេះបានចាត់ទុកថា ការព្រួយបារម្ភរបស់ទីភ្នាក់ងារ Moody’s គឺជាការបារម្ភគ្មានមូលដ្ឋាន។
សូមបញ្ជាក់ថា ប្រមាណ៣ឆ្នាំមកហើយ ដែលវិស័យអលចនទ្រព្យចិន ជួបការលំបាក់ខ្លាំង។ វិស័យនេះ ធ្លាប់ជាសសរគ្រិះមួយដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចចិន ពោលគឺតំណាងឲ្យ ប្រមាណជា១ភាគ៤ នៃចំណូលដុលក្នុងស្រុក (PIB) របស់ចិន។ មិនត្រឹមតែប៉ុណ្ណោះទេ វាជាប្រភពចំណូលដ៏ធំ សម្រាប់សមូហភាពរដ្ឋបាលមូលដ្ឋានចិន។ ដើម្បីផ្តល់សន្ទុះដល់វិស័យអចលនទ្រព្យ រដ្ឋបាលកណ្តាលចិន ពិតជាបានចាត់វិធានការ ផ្តល់ជំនួយហិរញ្ញវត្ថុ យ៉ាងច្រើនសន្ធឹក ក្នុងរវាងប៉ុន្មានខែមកនេះ តែនៅតែគ្មានលទ្ធផលវិជ្ជមាន។
គួរកត់សំគាល់ថា ក្នុងឆ្នាំ២០២៣នេះ ចិនបានដាក់កម្មវត្ថុ រំពឹងថាសេដ្ឋកិច្ចខ្លួននឹងមានកំណើន ចំនួន៥%។ តែកម្មវត្ថុនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចជឿថា ចិនពិបាកនឹងសម្រេចបានណាស់ ដរាបណាគ្មានផែនការផ្តល់សន្ទុះសេដ្ឋកិច្ច ទ្រង់ទ្រាយធំទេនោះ។
សូមរំលឹកថា កាលពីឆ្នាំទៅមិញ សេដ្ឋកិច្ចចិន មានកំណើនចំនួន៣% ពោលគឺតិចជាងការរំពឹងទុក ដែលមាន ៥,៥%។ ក្រោយចេញពីវិបត្តិកូវីដ១៩ សេដ្ឋកិច្ចចិនបានដើរយឺតខ្លាំងបំផុត មិនធ្លាប់មាន។ ដោយសារតែបញ្ហាបំណុល ក្នុងវិស័យអចលនទ្រព្យ ចាប់តាំងពីឆ្នាំ២០២០មក រដ្ឋាភិបាលចិនបានរឹតបន្តឹងលក្ខខណ្ណជាច្រើន ក្នុងការទទួលបានកម្ចីឥណ្ឌទានជាសម្ព័ន្ធ។ បញ្ហាកាន់តែធ្ងន់ធ្ងរទៀត បន្ទាប់ពីអណាចក្រក្រុមហ៊ុនអលចនទ្រព្យចិន ឈ្មោះ Evergrande បានជួបវិបត្តិស្ទើតែក្ស័យធនដួលរលំ។ ក្រុមហ៊ុននេះមានពេលដល់ខែមករាឆ្នាំក្រោយ ដើម្បីបង្ហាញផែនការហិរញ្ញវត្ថុថ្មី ឈានទៅរៀបចំស្តារសកម្មភាពឡើងវិញ ពុំនោះទេនឹងត្រូវអាជ្ញាធរប្រកាសក្ស័យធនជាស្ថាពរ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ