ក្នុងពេលដែលសន្និសីទអាកាសធាតុអង្គការសហប្រជាជាតិកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម អង្គការការពារសិទ្ធិមនុស្ស Human Right Watch បានចោទប្រទេសម្ចាស់ផ្ទះថា បន្ថប់ការតស៊ូមតិស្តីពី គុណភាពខ្យល់។ ហើយបើតាមអង្គការ បរិមាណខ្យល់ពុលក្នុងកំរិតគួរប្រកាសអាសន្នដែលកំពុងកើតមាននៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម មួយផ្នែកបណ្តាលមកពីឧស្សាហកម្មផូស៊ីល។
បើតាមទិន្នន័យប្រចាំខែកញ្ញា ខ្យល់បរិយាកាសនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម មានកំរិតជាតិពុល ជាកំហាប់ធាតុល្អិតតូចឆ្មារPM2.5 ជិតបីដងលើសកំរិតសុវត្ថិភាពជាមធ្យមប្រចាំថ្ងៃ កំណត់ដោយអង្គការសុខភាពពិភពលោក។ សម្រាប់អាជ្ញាធរអេមីរ៉ាត គុណភាពខ្យល់ដ៏អាក្រក់ស្ទើរស្រែកអាសន្នបាននេះ បណ្តាលមកពីលម្អងដី និងខ្សាច់ដែលតំបន់ទទួលរងគ្រោះជាញឹកញាប់ទេ។ ប៉ុន្តែបើតាមអង្គការ ការពារសិទ្ធិមនុស្ស Human Right Watch ការសិក្សានៅឆ្នាំ ២០២២ បានបង្ហាញឱ្យឃើញផ្ទុយពីនេះថា ផ្សែងពុលហុយចេញពីឧស្សាហកម្មផូស៊ីល ឧស្សាហកម្មបូមប្រេងនិងឧស្ម័ន មានចំណែកធំណាស់ក្នុងការធ្វើឱ្យខ្យល់បរិយាកាសឡើងពុលខ្លាំង។ ហើយអេមីរ៉ាតអារ៉ាប់រួម ដែលជាប្រទេសផលិតប្រេងឆៅលំដាប់ទី៧ពិភពលោក មានគម្រោងចំណាយទុនវិនិយោគ១៥០ពាន់លានដុល្លារ ពីពេលនេះដល់ឆ្នាំ២០២៧ ដើម្បីបង្កើនសមត្ថភាពភាពបូមប្រេង និងហ្កាស។
នៅក្នុងរបាយការណ៍ចេញផ្សាយនាថ្ងៃចន្ទ ទី៤ ធ្នូ នេះអង្គការការពារសិទ្ធិមនុស្សបានបរិហាររដ្ឋាភិបាលអេមីរ៉ាត ដែលកំពុងដឹកនាំពិភពលោក ដោះស្រាយវិបត្តិអាកាសធាតុ និងសុខភាពនៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពី អាកាសធាតុCOP28ថា ផលិតកម្មប្រេង និងឧស្ម័នរបស់អេមីរ៉ាតអារ៉ាប់រួម បានចូលរួមបង្កើនខ្យល់ពុលក្នុងបរិយាកាសដែលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្ស។ តែដោយហេតុតែគំនាបរបស់អាជ្ញាធរលើសង្គមស៊ីវិល ទើបគ្មាននរណាម្នាក់ហ៊ានបញ្ចេញ ក្តីព្រួយបារម្ភ និងឬមតិយោបល់ រិះគន់អំពីអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់គ្រោះថ្នាក់។ នេះបើតាមរបាយការណ៍HRW និងមិនមែនជាលើកទីមួយទេ ដែលអេមីរ៉ាតអារ៉ាប់រួមរងការរិះគន់។ អង្គការការពារសិទ្ធិមនុស្សធ្លាប់ចង្អុលមុខអេមីរ៉ាតអារ៉ាប់រួមជាញឹកញាប់មកហើយទាក់ទងនឹងបញ្ហាបំបិទសេរីភាពនៃការបញ្ចេញមតិ និងបង្ក្រាបសកម្មជនប្រឆាំងនោះ។
អេមីរ៉ាតលាក់បាំងព័ត៌មានស្តីពី ខ្យល់ពុលក្នុងបរិយាកាសយ៉ាងជិតឈឹង។ នេះបើតាមការគូសបញ្ជាក់របស់លោកRichard Pearhouse នាយកបរិស្ថានរបស់HRW នៅក្នុងរបាយការណ៍ដោយអំពាវនាវឱ្យអាជ្ញាធរអេមីរ៉ាត មានតម្លាភាព និងដាក់ផែនការដើរចេញពីថាមពលផូស៊ីល។
របាយការណ៍របស់អង្គការHuman Right Watch ជាលទ្ធផលនៃការសាកសួរអ្នកវិទ្យាសាស្ត្រ អ្នកជំនាញ និងសកម្មជន ព្រមទាំងសក្ខីកម្មដែលប្រមូលបានក្រុមពលករអន្តោប្រវេសន៍ អ្នកប្រឈមខ្លាំងនឹងហានិភ័យខ្យល់ពុល៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com