banner1
សិង្ហបុរី គ្រោងបង្កើតកោះសិប្បនិម្មិត ដើម្បីការពារខ្លួនពីការកើនឡើងនៃកំពស់ទឹកសមុទ្រ

 4-ធ្នូ-2023

នៅថ្ងៃអង្គារ ទី២៨ វិច្ឆិកា ឆ្នាំ២០២៣ លោក Desmond Lee រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជាតិសិង្ហបុរី បានឲ្យដឹងថា សិង្ហបុរីគ្រោងបង្កើតកោះសិប្បនិមិ្មតនៅតាមបណ្តោយឆ្នេរសមុទ្រខាងកើតនៃប្រទេសរបស់ខ្លួន នៅលើផ្ទៃដី៨០០ហិចតា។ ការបង្កើតកោះសិប្បនិមិ្មតនេះគឺ ដើម្បីការពារដែនដីមួយផ្នែករបស់ខ្លួន ទប់ទល់នឹងការកើនឡើងនៃកម្រិតកំពស់ទឹកសមុទ្រ ដោយសារការប្រែប្រួលអាកាសធាតុ។

លោក Desmond Lee បានបន្ថែមទៀតថា គម្រោងសាងសង់ និងការសិក្សាពីផលប៉ះពាល់បរិស្ថាន ដែលមានឈ្មោះថា Long Island នឹងចាប់ផ្តើមនៅឆ្នាំ២០២៤ ខាងមុននេះ ហើយនឹងត្រូវចំណាយពេលប្រមាណប្រាំឆ្នាំ។ ជាមួយគ្នានេះ គេនឹងបង្កើតទីតាំងមួយភាគធំនៅលើកោះសិប្បនិម្មិតនេះ តួយ៉ាង កន្លែងស្នាក់នៅ សួនកម្សាន្ត និងតំបន់ឧស្សាហកម្ម។ គួរបញ្ជាក់ថា ប្រទេសសឹង្ហបុរី លាតសន្ធឹងលើផ្ទៃដី ៧២៤ គីឡូម៉ែត្រការ៉េ មានកោះចំនួន៦៣ និងមានប្រជាជនចំនួន៦,២លាននាក់ ហើយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានដង់ស៊ីតេប្រជាជនច្រើនជាងគេ នៅលើសកលលោក។

ទីភ្នាក់ងាររដ្ឋាភិបាលសិង្ហបុរី ក៏បានសិក្សាពីលទ្ធភាពកសាងទំនប់កម្ពស់៣ម៉ែត្រ នៅតាមបណ្តោយមាត់សមុទ្ររបស់ខ្លួន។ ប៉ុន្តែគម្រោងនេះ អាចនឹងរំខានរយៈពេលយូរដល់ប្រជាជនសិង្ហបុរី ដែលមកលេងសួនកម្សាន្ត។ លើសពីនេះទៅទៀត គេក៏ត្រូវសាងសង់ស្ថានីយ៍បូមទឹក ក្នុងគម្រោងដដែលនេះ ដែលត្រូវធ្វើលើផ្ទៃដីទំហំប៉ុនតារាងបាល់ទាត់រហូតដល់ទៅ១៥ដង។

ចំណែកឯទីភ្នាក់ងាររៀបចំដែនសិង្ហបុរី ពោលគឺអាជ្ញាធររៀបចំក្រុង ហៅកាត់ថា URA បានស្ទង់មតិយោបល់ប្រជាជនសិង្ហបុរី អំពីគម្រោងបង្កើតកោះសិប្បនិមិ្មតនេះ។ យោងតាមការបញ្ជាក់របស់អាជ្ញាធរ URA ការបង្កើតកោះសិប្បនិម្មិតនៅតាមឆ្នេរសមុទ្រ អាចជួយធ្វើជាខែលការពារសិង្ហបុរី ទប់ទល់នឹងការកើនឡើងនៃកម្រិតកំពស់ទឹកសមុទ្រ។

យើងគួរតែមានការសិក្សាផ្សេងៗឲ្យបានស៊ីជម្រៅ អំពីគម្រោង Long Island ជាពិសេសអំពីផលប៉ះពាល់ ឆ្នេរសមុទ្រនិងបាតសមុទ្រ។ នេះបើតាមយោបល់របស់ លោក Adam Switzer សាស្ត្រាចារ្យសកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងរបស់សិង្ហបុរី និងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តឆ្នេរសមុទ្រ។

រីឯ លោក Koh Chan Ghee សាស្ត្រាចារ្យដេប៉ាតឺម៉ង់សំណង់ស៊ីវិល និងបរិស្ថាន នៃសកលវិទ្យាល័យជាតិសិង្ហបុរី  បានថ្លែងថា យើងគួរតែពិចារណាលើដំណោះស្រាយធម្មជាតិមួយចំនួនដូចជា ការបង្កើតព្រៃកោងកាង ផ្កាថ្ម និងរុក្ខជាតិដុះក្នុងសមុទ្រជាដើម។

គួររំលឹកថា កាលពីឆ្នាំ២០១៩ លោក Lee Hsien Loong នាយករដ្ឋមន្រ្តីសិង្ហបុរី ធ្លាប់បានទាញសញ្ញាអាសន្នម្តងរួចមកហើយ អំពីការកើនឡើងនៃកម្រិតកំពស់ទឹកសមុទ្រ ដែលអាចគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រទេសសិង្ហបុរី។ លោក លី ក៏បានបន្ថែមទៀតថា គម្រោងសាងសង់សំខាន់ៗទប់ទល់នឹងគ្រោះមហន្តរាយនេះ អាចនឹងចំណាយថវិកាប្រមាណជាង ១០០ពាន់លានដុល្លារសិង្ហបុរី ពោលគឺស្មើនឹង ៧៥ពាន់លានដុល្លារអាមេរិក នា១០០ឆ្នាំខាងមុខនេះ។​

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា