banner1
រដ្ឋកាត់ដីភ្នំគិរីរម្យជាង២០០ហិកតា ឱ្យម្ចាស់ក្រុមហ៊ុនវីតាល់ និងមីជាតិ

 4-ធ្នូ-2023

ដីឧទ្យានជាតិគិរីរម្យទំហំជាង២០០ហិកតា ត្រូវបានរដ្ឋាភិបាលចាស់ដែលដឹកនាំដោយលោក ហ៊ុន សែនកាត់ឱ្យក្រុមហ៊ុន វ័ន ម័ររបស់ អ្នកឧកញ៉ា ជឹង សុគន្ធាវី បច្ចុប្បន្នជាអគ្គនាយិកាក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់ និងមីជាតិ។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្រោមហត្ថលេខារបស់លោក ហ៊ុន សែន ក្នុងគ្រាដែលលោកនៅកាន់តំណែង។

ក្រោមពាក្យថា ធ្វើអនុប្បយោគពីទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋលើផ្ទៃដីទំហំ២២១,៩៤ហិកតា នៃភ្នំគីរីរម្យ ដែលស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រុមហ៊ុន វ័នម័រ នឹងមានរយៈពេលជួល៥០ឆ្នាំ សម្រាប់វិនិយោគជាតំបន់ទេសចរណ៍ធម្មជាតិ។ ខណៈក្រុមហ៊ុននេះ ​ក៏ធ្លាប់ទទួលបានដីចំនួនជាង២០០ហិកតា ដូចគ្នានៅតំបន់គីរីរម្យដែរ។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី១៥  ខែកក្តដា ឆ្នាំ២០២២។

ក្រៅពីដីជាង២០០ហិកតាដែលទទួលបាននាពេលថ្មីៗនេះ ក្រុមហ៊ុន វ័នម័រ ដែលគ្រប់គ្រងដោយអ្នកឧកញ៉ា ជឹង សុគន្ធាវី ក៏ទើបទទួលបានដីទំហំជាង៣០ហិកតានៅទីតាំងឧទ្យានជាតិកែបក្រោមការធ្វើអនុប្ប យោគដីពីសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ នេះបើផ្អែកតាមអនុក្រឹត្យមួយដាច់ដោយឡែកកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។​

ចំណែកអនុក្រឹត្យមួយទៀតចុះថ្ងៃទី១៩ ខែកក្តដា រដ្ឋបានសម្រេចកាត់ផ្ទៃដីទំហំ៧០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីទៅឱ្យក្រុមហ៊ុន One Prosperity ដែលជាក្រុមហ៊ុនជាប់ខ្សែស្រឡាយនឹងអ្នកស្រី ជីង សុភាព ម្តាយរបស់អ្នកឧកញ៉ា ជឹង សុគន្ធាវី។

លើសពីនេះ អ្នកឧកញ៉ារូបនេះក៏ទទួលបានដីទំហំ៦៤៩ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីយកទៅអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិផងដែរ។ ​

លោក ហេង គីមហុង ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជាធ្លាប់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា លោកមានការព្រួយបារម្ភ ប្រសិនបើករណីអភិវឌ្ឍន៍ផ្ទុយពីអ្វីដែលក្រុមហ៊ុនបានបញ្ជាក់ ហើយបែរជាមានការកាប់បំផ្លាញ់ព្រៃឈើ និងធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ ខណៈលោកចាត់ទុកថា វាមិនមែនជារឿងដែលផ្តល់ប្រយោជន៍ដល់សង្គមជាតិឡើយ។

សូមជម្រាបថា អ្នកឧកញ៉ា ជឹង សុគន្ធាវី បច្ចុប្បន្នមានតួនាទីជា អគ្គនាយិកាក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់ និងក្រុមហ៊ុនផលិតមីជាតិ ហើយមុខជំនួយដែលអ្នកឧកញ៉ារូបនេះកាន់កាប់ ក៏មានក្រុមហ៊ុនខ្សែស្រឡាយផ្សេងទៀតផងដែរដូចជា ក្រុមហ៊ុន One Prosperity និងក្រុមហ៊ុន One Fraternity។ អ្នកឧកញ៉ា សុគន្ធាវី ជាកូនស្រីរបស់អ្នកស្រី ជឹង សុភាព មានងារជាឧកញ៉ា និងជាអនុប្រធានកាកបាទក្រហមកម្ពុជា ផង។  ហើយអ្នកឧកញ៉ា ក៏ត្រូវជាកូនស្រីរបស់លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធិសភាមកពីគណបក្សប្រជាជនកម្ពុជា៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា